ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវស្ត្រីជាប្រពន្ធទាក់ទងមកពីប្រទេសចិន មិនបានសោះ ទើបទូរស័ព្ទពឹងឱ្យមិត្តភក្តិរួមការងារជាមួយប្តី ចូលទៅមើលក្នុងបន្ទប់ដេក ស្រាប់តែប្រទះឃើញបុរសជាប្តីដេកស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង០៥នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ដេក របស់ជនរងគ្រោះ ស្ថិតក្នុងរោងសិប្បកម្មតម្បាញ មានទីតាំងនៅភូមិព្រែកថ្មី ឃុំរកាខ្ពស់ ស្រុកស្អាង។

បុរសរងគ្រោះខាងលើ មានឈ្មោះលាវ ផឹង អាយុ៥៤ឆ្នាំ ជាជនជាតិចិន មុខរបរជាប្រធានសិប្បកម្មតម្បាញ (ចុងថៃ) មានស្រុកកំណើតនៅខេត្តស៊ីឈាន់ ប្រទេសចិន បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧និង០៥នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ប្រពន្ធរបស់ជនរងគ្រោះបានផ្ញើសារពីប្រទេសចិន មកប្រាប់អ្នកបកប្រែឈ្មោះជួង សុខអ៊ីម ឱ្យប្រាប់ទៅឈ្មោះលី យៀន (ជនជាតិចិន ដូចគ្នា និងជាអ្នកធ្វើការជាមួយគ្នា) ជួយមើលប្តីគាត់នៅក្នុងបន្ទប់រោងចក្រផង ព្រោះគាត់ទាក់ទងប្តីមិនបានសោះ។ ពេលនោះ ឈ្មោះសុខអ៊ីម បានទៅប្រាប់ឈ្មោះលី យៀន ដែលកំពុងធ្វើម៉ាស៊ីន ឱ្យទៅហៅជនរងគ្រោះ ប៉ុន្តែហៅមិនឆ្លើយ ក៏បានប្រាប់កម្មករម្នាក់ទៀតឈ្មោះទៀង ឱ្យជួយស្រែកហៅ តែមិនឮសំឡេងឆ្លើយទៀត ក៏បាននាំគ្នារុញទ្វារបន្ទប់ រហូតដល់របើកទ្វារមើល ទើបដឹងថា ជនរងគ្រោះឈ្មោះលាវ ផឹង បានដេកស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងរាយការណ៍ជូនជំនាញ ដោយមានលោកវេជ្ជបណ្ឌិត គិត សុផល អនុប្រធានមន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្តាល សហការជាមួយកម្លាំងជំនាញបច្ចេកទេសខេត្តកណ្តាល កម្លាំងជំនាញពិនិត្យហេតុស្រុក ប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ បានធ្វើការពិនិត្យសាកសព ពុំឃើញមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។ តាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង បណ្តាលមកពីជងឺលើសឈាម។

បន្ទាប់ពីពិនិត្យរួចរាល់ សមត្ថកិច្ចបានដឹកសាកសពទៅរក្សាទុកនៅកន្លែងតំកល់សពវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីរង់ចាំសាច់ញាតិមកពីប្រទេសចិន ទទួល និងចាត់ចែងបន្ត៕

