Friday, November 14, 2025
Homeព័ត៌មានជាតិឈ្លោះគ្នាមួយប្រ៉ាវ ម៉ែស្រែកជួយផងៗ... កូនប្រុសខឹងមិនដណ្តឹងប្រពន្ធឲ្យ

ឈ្លោះគ្នាមួយប្រ៉ាវ ម៉ែស្រែកជួយផងៗ… កូនប្រុសខឹងមិនដណ្តឹងប្រពន្ធឲ្យ

ខេត្តតាកែវ ៖ យុវជនឈាមរាវម្នាក់ ខឹងម៉ែមិនទាន់ស្តីដណ្តឹងប្រពន្ធឱ្យ ស្រាប់តែកូនប្រុសមួម៉ៅក្តៅចិត្ត ក៏ដុតផ្ទះបណ្តាលឱ្យឆាបឆេះគ្មានសល់ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះចាប់ខ្លួនកូនប្រុសកំណាចចូលគុកវិញ។ ហេតុការណ៍នេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិខ្នាចខាងជើង ឃុំបឹងត្រាញខាងជើង ស្រុកសំរោង។

កូនប្រុសអកតញ្ញូ មានឈ្មោះផល ប៊ុនថេត អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទើបនឹងចេញពីពន្ធនាគារ សព្វថ្ងៃស្នាក់នៅជាមួយម្តាយក្នុងផ្ទះកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះថុល វ៉ិត មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យខាងលើ បានកើតមានទំនាស់ពាក្យសម្តីជាមួយម្តាយមួយប៉្រាវ ស្រាប់តែមួយសន្ទុះក្រោយមក ក៏ឮសូរសំឡេងស្ត្រីជាម្តាយស្រែកឆោឡោ ហៅគេឯងឱ្យជួយ ថាភ្លើងឆេះផ្ទះៗ។ ភ្លាមនោះអ្នកភូមិក៏ចេញទៅមើល ស្រាប់តែឃើញមានអណ្តាតភ្លើងកំពុងតែឆាបឆេះផ្ទះខាងលើ ក៏ប្រញាប់នាំគ្នាស្ទុះ ទៅជួយពន្លត់ និងទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ចដែរ តែមិនអាចសង្គ្រោះបានឡើយ ពោលគឺផ្ទះទាំងមូលត្រូវភ្លើងឆេះខ្ទេចអស់គ្មានសល់។

ក្រោយកើតហេតុ ជនសង្ស័យជាកូនប្រុសបម្រុងរត់គេចខ្លួននៅថ្នល់ជាតិលេខ៣ តែត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនបានភ្លាមៗ និងនាំមកសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា មូលហេតុដែលខ្លួនដុតផ្ទះម្តាយនេះ គឺដោយសារតែខឹងម្តាយមិនចូលស្តីដណ្តឹងប្រពន្ធឱ្យ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES