ខេត្តសៀមរាប ៖ បុរសម្នាក់ បានឡើងទៅលើចុងឈើនៅខាងក្រោយមន្ទីរពេទ្យ រួចក៏ចងកសម្លាប់ខ្លួន ខណៈដែលប្រពន្ធកំពុងចូលក្នុងសាលសម្រាលកូន ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវស៊ីសុវត្ថា ស្ថិតក្នុងភូមិ ត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

បុរសគិតខ្លីមានឈ្មោះលី ចាន់ថន អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិតាណី ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត មានប្រពន្ធឈ្មោះហុក អេង អាយុ៤១ឆ្នាំ សព្វថ្ងៃស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមសម្តីស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ គាត់និងប្តីបាននាំគ្នាធ្វើដំណើរចេញពីប៉ោយប៉ែត ដើម្បីមកសម្រាលកូននៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។ ក្រោយពីមកដល់មន្ទីរពេទ្យគន្ធបុប្ជា គាត់ឃើញប្តីដើរចេញទៅក្រៅ លុះ១ម៉ោងក្រោយមក ទើបត្រឡប់មកវិញ ហើយគាត់សង្កេតឃើញថា ប្តីរបស់គាត់មានក្លិនស្រា ហើយគាត់បាននិយាយទៅប្តីថា លោកគ្រូពេទ្យបានប្រាប់គាត់ថា គាត់ត្រូវវះកាត់ដើម្បីសម្រាលកូន ចឹងឯងកុំទៅណាចោលខ្ញុំ។ ស្រាប់តែមកដល់ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ គាត់ក៏ចូលសម្រាលកូនរួចរាល់ ក៏មានសមត្ថកិច្ចមកប្រាប់គាត់ថា ប្តីរបស់គាត់បានចងកខ្លួនឯងនៅនឹងដើមឈើក្បែរមន្ទីរពេទ្យស្លាប់បាត់ហើយ ធ្វើឱ្យគាត់មានការតក់ស្លុតយ៉ាងខ្លាំង។

ក្រោយកើតហេតុ សមត្ថកិច្ចបានដឹកសពជនរងគ្រោះទៅរក្សាទុកនៅវត្តគោកចក ក្នុងសង្កាត់គោកចក ក្រុងសៀមរាប រហូតដល់វេលាម៉ោង១និង៣០នាទីរសៀលថ្ងៃដដែល ទើបស្ត្រីជាប្រពន្ធជនរងគ្រោះចេញពីមន្ទីរពេទ្យមកដល់វត្ត និងប្រាប់ថា គាត់គ្មានសាច់ញាតិនៅសៀមរាប ទេ ហើយក៏គ្មានលុយសម្រាប់ដឹកសពប្តីទៅស្រុកកំណើតដែរ មានតែសម្រេចចិត្តបូជាប្តីនៅវត្តគោកចកតែម្តង ប៉ុន្តែគាត់គ្មានលុយទិញក្តារមឈូសសម្រាប់ដាក់សពប្តីទៅទៀត។

ក្រោយឮបែបនេះ លោកមេភូមិត្រពាំងសេះ ក៏បានជួយចេញលុយបូជាសពចំនួន៨០ដុល្លារ និងមានបងប្អូនប្រជាពលរដ្ឋ បានចូលរួមជួយឧបត្ថម្ភតាមលទ្ធភាពជាបន្តបន្ទាប់ផងដែរ៕


