ខេត្តកោះកុង ៖ សង្ឃចំណាស់ទ្រុស្តសីល១អង្គ ត្រូវសមត្ថកិច្ចឃាត់ខ្លួនប្រគល់ឱ្យខាងធម្មការចាប់ផ្សឹក រួចនាំយកទៅចាត់ការតាមច្បាប់ បន្ទាប់ពីម្តាយក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹង ពីបទរំលោភកូនស្រីនៅក្នុងវត្ត រហូតដល់បានសម្រេចដល់ ទៅ៣ដង ហេតុការណ៍នេះបានកើតឡើង តាំងពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ នៅចំណុចបរិវេណវត្តសមុទ្ធារាម ហៅវត្តប៉ាក់ខ្លង ស្ថិតក្នុងភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ លុះរឿងរ៉ាវបែកធ្លាយ សមត្ថកិច្ចក៏ចុះឃាត់ខ្លួនព្រះសង្ឃចំណាស់អង្គនោះ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះរស់ សារ៉ាន់ អាយុ៧៩ឆ្នាំ ជាអតីតព្រះសង្ឃគង់នៅវត្តសមុទ្ធារាម ហៅវត្តប៉ាក់ខ្លង ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះណ.ស.ឌ អាយុ៩ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ។

តាមការឱ្យដឹងពីអាណាព្យាបាលក្មេងស្រីរងគ្រោះថា មុនពេលកើតហេតុ គាត់ឃើញកូនស្រីមានមុខស្លេកស្លាំង ហើយបានត្អូញប្រាប់ថា នាងឈឺប្រដាប់ភេទខ្លាំងណាស់ ពេលនោះ គាត់ក៏បានពិនិត្យមើល ទើបដឹងថា កូនស្រី ត្រូវបានប្រុសចាប់រំលោភ។ ភ្លាមនោះ គាត់ក៏បានសួរនាំកូនស្រីថា អ្នកណាចាប់រំរលោភ? ពេលនោះ ក្មេងស្រីរងគ្រោះបានឆ្លើយប្រាប់ថា “ព្រះសង្ឃ រស់ សារ៉ាន់ ចាប់រំលោភរហូតដល់ទៅ៣ដងឯណោះ” ស្តាប់រួច គាត់ក៏បាននាំកូនស្រីទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
ក្រោយទទួលពាក្យបណ្តឹងខាងលើ សមត្ថកិច្ចក៏បានចុះឃាត់ខ្លួនព្រះសង្ឃ រស់ សារ៉ាន់ ប្រគល់ទៅឱ្យខាងធម្មការចាប់ផ្សឹក រួចនាំខ្លួនយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕