Friday, November 14, 2025
Homeព័ត៌មានជាតិផឹកសុីទល់មុខគ្នា ឪខឹងធាក់៣ជើង កូនសងវិញ ទាញពូថៅកាប់ចិញ្ច្រាំស្លាប់

ផឹកសុីទល់មុខគ្នា ឪខឹងធាក់៣ជើង កូនសងវិញ ទាញពូថៅកាប់ចិញ្ច្រាំស្លាប់

ខេត្តព្រៃវែង ៖ ឪពុកនិងកូន២នាក់ បានជួបជុំផឹកស៊ីជាមួយអ្នកភូមិ រហូតដល់ស្រវឹងជោកជាំ អ្នកភូមិត្រឡប់ទៅផ្ទះវិញអស់ នៅសល់តែ២នាក់ឪកូន ក៏បន្តផឹកស៊ីទៀត រហូតដល់កើតមានជម្លោះពាក្យសម្តីនឹងគ្នា ធ្វើឱ្យបុរសជាឪពុកខឹងក៏បោកទូរស័ព្ទកូនប្រុសចោល និងថែមទាំងធាក់កូនប្រុស៣ជើងទៀតផង ជាហេតុធ្វើឱ្យលោកកូនផ្ទុះកំហឹង ក៏ទាញពូថៅកាប់ឪពុក១ពូថៅ។ លុះកាប់រួចភ័យខ្លួនខ្លាចឪពុកសងសឹកវិញ ក៏ដេញតាមកាប់ចិញ្ច្រាំឪពុក បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម ទោះជាម្តាយ រួមនឹងអ្នកភូមិជួយឃាត់យ៉ាងណាក៏មិនឈ្នះ។

ករណីឃាតកម្មដ៏ឃោរឃៅ កូនប្រុសកាប់ចិញ្ច្រាំឪពុករហូតដល់ស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅចំណុចខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រៃរូង ឃុំដំរីពួន ស្រុកស្វាយអន្ទរ។

ជនដៃដល់ជាឃាតករ ដែលកាប់សម្លាប់ឪពុកបង្កើតខ្លួនឯង មានឈ្មោះឡេង ហន អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះជាឪពុក មានឈ្មោះឡេង សៅ អាយុ៥០ឆ្នាំ។ ឪពុកកូនអ្នកទាំងពីរ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមក ជនសង្ស័យជាកូនត្រូវបានឪពុកប្រដៅអប់រំ និងវ៉ៃជាច្រើនលើកច្រើនសារ ព្រោះ តែខឹងរឿងប្រើប្រាស់គ្រឿងញៀន។ នៅមុនពេលកើតហេតុ ជនសង្ស័យនិងជនរងគ្រោះ រួមនឹងអ្នកជិតខាងប៉ុន្មាននាក់ទៀត បានជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយក្អាកក្អាយ តាំងពីក្បាលល្ងាច រហូតដល់យប់ បន្ទាប់ពីស្រវឹងធ្លាក់ភ្នែក អ្នកជិតខាងក៏បែកផ្លូវគ្នាទៅផ្ទះវិញអស់ នៅសល់តែ២នាក់ឪពុកនិងកូន បានផឹកបន្តជាមួយគ្នាទៀត។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង១០យប់ថ្ងៃដដែល ខណៈដែលម្នាក់ៗស្រវឹងជោកជាំរៀងខ្លួន ក៏ស្រាប់តែកើតមានទំនាស់ពាក្យសម្តីនឹងគ្នា ហើយភ្លាមនោះ បុរសជាឪពុកក៏ឡើងទៅលើផ្ទះ រួចបានឃើញទូរស័ព្ទរបស់កូនប្រុសកំពុងបញ្ចូលថ្ម ក៏បោកកំទេចចោល និងថែមទាំងស្ទុះទៅធាក់កូនប្រុស (ជនសង្ស័យ) ចំនួន៣ជើងទៀត។ ជាហេតុធ្វើឱ្យកូនប្រុសផ្ទុះកំហឹង ក៏ស្ទុះទៅទាញពូថៅ មកកាប់ចំជង្គង់ឪពុក បណ្តាលឱ្យរងរបួសយ៉ាងដំណំ។ ភ្លាមនោះ ជនរងគ្រោះបានព្យាយាមរត់គេចខ្លួន ហើយម្តាយរួមនឹងអ្នកជិតខាង ក៏បានព្យាយាមចូលទៅជួយឃាត់ដែរ តែត្រូវជនដៃដល់ជាកូនប្រុសលើកពូថៅគំរាមទាំងម្តាយ រួមនឹងអ្នកភូមិ ដែលចង់មកចូលជួយថា បើហ៊ានចូលជិត គេនឹងកាប់ រួចក៏បន្តកាប់ចិញ្ច្រាំឪពុកបង្កើតរបស់ខ្លួន បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់។

ក្រោយកើតហេតុ លោកព្រុំ សន្ធរ ស្នងការខេត្តព្រៃវែង បានបញ្ជាឱ្យកម្លាំងនគរបាលយុត្តិធម៌ ដឹកនាំដោយលោកពៅ ជីវី ស្នងការរងខេត្ត ចុះអន្តរាគមន៍ភ្លាមៗ។ ប៉ុន្តែជនដៃដល់មិនឱ្យចូលទៅជិតខ្លួនឡើយ ដោយពួនក្នុងផ្ទះ រួចគប់ដុំថ្មមកចំក្បាលប្រជាការពារម្នាក់ បណ្តាលឱ្យបែកក្បាលរងរបួសធ្ងន់ទៀតផង។

បន្ទាប់មក កម្លាំងសមត្ថកិច្ចបានឃ្លាំចាំជនដៃដល់ពេញខាងក្រោមផ្ទះ រហូតដល់វេលាម៉ោង៤និង៣៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចបានបើកប្រតិបត្តិការក្តៅសម្រុកចូលចាប់ខ្លួនជនដៃដល់ បាននាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់សម្លាប់ឪពុកមែន មូលហេតុមកពីផឹកស្រាស្រវឹង រួចកើតមានទំនាស់ពាក្យសម្តីនឹងគ្នា លុះពេលឃើញឪពុកបោកទូរស័ព្ទរបស់ខ្លួនចោល ហើយនៅថែមទាំងស្ទុះមកធាក់រូបគេ ៣ជើងថែមទៀត ទើបធ្វើឱ្យខ្លួនខឹងពេក ក៏ទាញពូថៅកាប់ចំជើងឪពុក លុះពេលកាប់រួច ក៏នឹកភ័យខ្លួនថា បើមិនសម្លាប់ឪពុកចោលទេ ច្បាស់ជាឪពុកសងសឹកវិញមិនខាន ទើបសម្រេចចិត្តកាប់ឪពុក រហូតដល់ស្លាប់បែបនេះតែម្តង។

ជនដៃដល់ជាឃាតករខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

ចំណែកសាកសពបុរសរងគ្រោះជាឪពុក ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES