Friday, November 14, 2025
Homeព័ត៌មានជាតិចប់ចូលឆ្នាំ វិលត្រឡប់ចូលធ្វើការវិញ ជួបគ្រោះអាក្រក់ ដេករដូករណែលពេញផ្លូវ

ចប់ចូលឆ្នាំ វិលត្រឡប់ចូលធ្វើការវិញ ជួបគ្រោះអាក្រក់ ដេករដូករណែលពេញផ្លូវ

ខេត្តព្រះសីហនុ ៖ រថយន្តឈ្នួល១គ្រឿង ដឹកកម្មករសំណង់ជាង២០នាក់ ត្រឡប់មកពីចូលឆ្នាំនៅឯស្រុកកំណើតឯខេត្តពោធិ៍សាត់ បំណងចូលធ្វើការនៅក្រុងព្រះសីហនុ វិញ ស្រាប់តែជិតដល់គោលដៅទៅហើយ បែរជាជួបគ្រោះអកុសល រថយន្តបើកចុះចំណោត ជាន់ហ្វ្រាំងមិនស៊ី ក៏ធ្វើឱ្យរេចង្កូតជ្រុលទៅបុករះរបងផ្ទះប្រជាពលរដ្ឋ និងបង្គោលភ្លើង១ដើម បាក់រលំដួលសង្កត់ បណ្តាលឱ្យមនុស្សប្រុសស្រីចំនួន២នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ចំណែកក្មេងចាស់២០នាក់ទៀត បានរងរបួសធ្ងន់ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវបេតុង ត្រង់ចំណុចជិតរោងចក្រទឹកកក ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ជនរងគ្រោះទាំង២នាក់ ដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ រួមមាន ទី១-ឈ្មោះទូច សុផាន់ ភេទប្រុស អាយុ២១ឆ្នាំ និងទី២-ឈ្មោះឯក ហេន ភេទស្រី អាយុ៥៣ឆ្នាំ។ ចំណែករថយន្តបង្ក ជាប្រភេទរថយន្តរត់ឈ្នួល ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Q-8694 បើកបរដោយឈ្មោះអិត វិន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់តាក់ស៊ី មានលំនៅក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចក្រុងព្រះសីហនុ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយខ្លួនឯង និងគ្មានបុកប៉ះជាមួយយានយន្តផ្សេងទៀតឡើយ។ ក្នុងនោះ រថយន្តម៉ាកសាំងយ៉ុងខាងលើ បានដឹកអ្នកដំណើរសរុបចំនួន២១នាក់ (ប្រុស១៦នាក់ ស្រី៥នាក់) ដែលសុទ្ធសឹងតែមានលំនៅក្នុងភូមិតាសាល ឃុំផ្ទះរ៉ុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងមានរបរជាកម្មករសំណង់ ធ្វើដំណើរចេញពីខេត្តពោធិ៍សាត់ ក្នុងគោលដៅមកធ្វើការងារសំណង់ក្នុងក្រុងព្រះសីហនុ ក្រោយពេលសម្រាកថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ដែលមានស្ថានភាពផ្លូវ ចុះចំណោត រថយន្តហ្វ្រាំងមិនស៊ី បានជ្រុលទៅបុកនឹងរបងផ្ទះ ព្រមទាំងបង្គោលភ្លើងរលំ១ដើម និងបានសង្កត់មកលើរថយន្តថែមទៀតផង បណ្តាលឱ្យស្លាប់មនុស្សចំនួន២នាក់ (ប្រុស១ ស្រី១) រងរបួសធ្ងន់ចំនួន៧នាក់ (ប្រុស៦ ស្រី១) និងរងរបួសស្រាលចំនួន១៣នាក់ (ប្រុស១០ ស្រី៣)។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ភ្លាមៗ និងបានចាត់ចែងដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តចំនួន ១៤នាក់ (ស្លាប់២នាក់) និងបានបញ្ជូនទៅសង្គ្រោះគ្លីនិកមិត្តភាពឃ្លាំងលើចំនួន៨នាក់។

បន្ទាប់ពីចុះធ្វើការវាស់វែងតាមជំនាញរួចរាល់ សមត្ថកិច្ចបានអូសយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។

ដោយឡែក សាកសពជនរងគ្រោះទាំង២នាក់ សមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារឱ្យមកទទួលដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES