ស្របពេលដែលមនុស្សជាច្រើនបានសម្រុកចេញទៅតាមបណ្តាខេត្ត និងតំបន់រមណីយដ្ឋានមួយចំនួន ដើម្បីជួបជុំគ្រួសារ មានទាំងលេងបាញ់ទឹកដាក់គ្នា និងផឹកស៊ីយ៉ាងសប្បាយរីករាយក្នុងថ្ងៃចូលឆ្នាំខ្មែរ កន្លងទៅថ្មីៗនោះ ពិធីការិនីឌួង ហ្សូរីដា វិញ បានយកឱកាសនេះផ្តល់នូវស្នាមញញឹមដល់ស្ត្រីរងគ្រោះ និងមានវិបត្តិដោយការរំលោភបំពានផ្លូវភេទនៅមណ្ឌលទុំឌី របស់លោកស្រីម៉ម សុម៉ាលី ដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីផ្តល់នូវសម្ភារៈមួយចំនួនដល់ប្អូនៗ កាលពីរសៀលថ្ងៃទី15 ខែមេសា ឆ្នាំ2019។

ពិធីការិនីឌួង ហ្សូរីដា បានឱ្យដឹងថា “យើងបានធ្វើពិធីជប់លៀងដល់ពួកគាត់នៅថ្ងៃទី2 នៃពិធីបុណ្យចូលឆ្នាំខ្មែរ។ ខ្ញុំនិងសិល្បករមួយចំនួនទៀត បានចូលរួមក្រោមអធិបតីភាពលោកអភិបាលខណ្ឌដង្កោ និងសប្បុរសជនជាច្រើនទៀត ដូចជា លោកឧកញ៉ាហួត ជា អគ្គនាយកបុរី VIP។ ដោយឡែក សប្បុរសជនមួយចំនួនទៀត ដូចជា លោកស្រីលឹម យ៉ាលីន ទឹកប្រាក់100ដុល្លារ, លោកស្រីយិន សំណាង អគ្គនាយិកាក្រុមហ៊ុន Angel Trading 150ដុល្លារ និងសំឡីអនាម័យ Mini, លោកស្រីស៊ន សុធី អគ្គនាយិកាក្រុមហ៊ុន Mong Khun Group 200ដុល្លារ, ក្រុមហ៊ុន Mudhita Tranding បាននាំយកកញ្ចប់កាដូ 100កញ្ចប់ មានសាប៊ូដុសខ្លួន សាប៊ូលាងមុខ ប្រេងខ្យល់ សំឡីអនាម័យ Mini និងថវិកាឱ្យដល់ប្អូនៗ ម្នាក់ចំនួន10000រៀលផងដែរ”។

ឌួង ហ្សូរីដា បានឱ្យដឹងទៀតថា ទោះជានាងរវល់ការងារយ៉ាងណ កា៏ត្រូវតែឆ្លៀតជួយការងារសង្គម បើទោះជាតិចតួចក្តី តែនេះជាទឹកចិត្ត ហើយមិនមែនជាលើកទី1ទេ ព្រោះកន្លងមក ដោយសារតែហាងរបស់នាងដំណើរការបានល្អ អ៊ីចឹងហើយក៏ធ្លាប់បាននាំយកថវិកាមួយចំនួនទៅជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ផង ដែរ។

ដោយឡែក លោកស្រីម៉ម សុម៉ាលី វិញ បានថ្លែងអំណរគុណដល់ឌួង ហ្សូរីដា និងលោកស្រី លឹម យ៉ាលីន ព្រមទាំងសប្បុរសជនទាំងអស់ដែលបានយកចិត្តទុកដាក់ ហើយបានផ្តល់សម្ភារៈ និងថវិកាមួយចំនួន ព្រមទាំងលើកទឹកចិត្តដល់ប្អូនៗនៅមជ្ឈមណ្ឌលទុំឌី នៅថ្ងៃចូលឆ្នាំខ្មែរ នេះផងដែរ៕





