ខេត្តកំពង់ធំ ៖ ជនដៃដល់១ក្រុម មានគ្នា៦នាក់ ក្នុងនោះមាន២នាក់ជាឪពុកកូននឹងគ្នាផង បានព្រួតគ្នាកាប់ប្រហារ បុរសម្នាក់បន្តាលឱ្យរងរបួសរយះក្បាលយ៉ាងធ្ងន់ធ្ងរ គ្រាន់តែឮកូនស្រីបុរសរងគ្រោះនិយាយគ្នាជាមួយអ្នកដទៃ ស្មានថា និយាយដើមពួកខ្លួន ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ដែលជាថ្ងៃចូលឆ្នាំ បង្ហើយ នៅចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងច្រនាង ឃុំជ្រលង ស្រុកបារាយណ៍។

ជនដៃដល់ទាំង៣នាក់ ទី១-ឈ្មោះរ៉ុន សារ៉ន អាយុ១៨ឆ្នាំ (ជនដៃដល់) មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ទី២-ឈ្មោះលី រឹម អាយុ៤៤ឆ្នាំ ត្រូវជាឪពុកជនដៃដល់ និងទី៣-ឈ្មោះជួន សំណាង អាយុ២៧ឆ្នាំ មានលំនៅក្នុងភូមិឃុំជាមួយគ្នា។ ចំណែកបក្ខពួក៣នាក់ទៀត កំពុងរត់គេចខ្លួន។ ជនរងគ្រោះមានឈ្មោះពុធ ចាន់ អាយុ៥៥ឆ្នាំ ជាប្រជាការពារភូមិ មានលំនៅក្នុងភូមិត្រពាំងច្រនាង ឃុំជ្រលង ស្រុកបារាយណ៍។

មេបញ្ជាការរងអាវុធហត្ថស្រុកបារាយណ៍ បានឱ្យដឹងថា ន្រៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ កម្លាំងជំនាញក៏កំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនជនដៃដល់ចំនួន៣នាក់ បញ្ជូនខ្លួនមកសាកសួរនៅទីបញ្ជាការអាវុធហត្ថស្រុកបារាយណ៍ ខណៈដែល៣នាក់ទៀត បានរត់គេចខ្លួនបាត់។
នៅចំពោះមុខសមត្ថកិច្ច ក្រុមជនដៃដល់ទាំ៣នាក់នេះ បានឆ្លើយសារភាពថា ម៉េនពេលកើតហេតុ ពួកខ្លួនមានគ្នា៦នាក់ បានផឹកស៊ីនិងរាំរែកក្នុងវត្ត ស្រាប់តែឮសំឡេងកូនស្រីរបស់ជនរងគ្រោះនិយាយជាមួយអ្នកដ៍ទៃ តែខ្លួនស្មានថា និយាយដើមខ្លួន ទើបធ្វើឱ្យមានការឈ្លោះប្រកែកគ្នាបន្តិចបន្តួច ក្រោយមកពួកខ្លួនក៏ទាញដាវសាំម៉ូរ៉ៃទៅចាំស្ទាក់នៅខាងមុខផ្ទះរបស់ជនរងគ្រោះ លុះមួយសន្ទុះក្រោយមក ឃើញឪពុករបស់នារីខាងលើ មកដល់មុខផ្ទះ ក៏ទាញដាវសាំម៉ូរ៉ៃកាប់យកៗតែម្តង។

បច្ចុប្បន្ន ជនទាំង៣នាក់ អាវុធហត្ថស្រុកបញ្ជូនខ្លួនទីបញ្ជាការអាវុធហត្ថខេត្តកំពងធំ់ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕