Tuesday, September 16, 2025
Homeតារាខ្មែរព្រាប សុវត្ថិ មានដីជាច្រើនហិកតារ ច្រើនជាងតារាផ្សេង ?

ព្រាប សុវត្ថិ មានដីជាច្រើនហិកតារ ច្រើនជាងតារាផ្សេង ?

ខណៈដែលតារាជាច្រើនសម្រុកដូចទឹកបាក់ទំនប់ទៅរកស៊ីពុះដីឡូតិ៍លក់ ដោយតារាខ្លះគ្រាន់តែឈរឈ្មោះធ្វើជាទីផ្សារឱ្យគេ ដើម្បីស៊ីលុយក្បាលកាក់នោះ មជ្ឈដ្ឋានមហាជនបានលើកឡើងថា តារាដែលមានដីជាកម្មសិទ្ធិផ្ទាល់ខ្លួន គឺព្រាប សុវត្ថិ ឯណោះទេ។

ការអះអាងបែបនេះ ដោយសារតែព្រាប សុវត្ថិ ត្រូវបានគេបង្ហើបឱ្យដឹងថា លោកមានដីធ្លីជាច្រើនកន្លែង ដូចជា នៅខេត្តរតនគិរី និងនៅតំបន់បៃតង សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ ជាដើម ដែលដីទាំងនេះ លោកទិញតាំងពីនៅថោក ហើយពេលនេះវាមានតម្លៃរាប់លានដុល្លារ។ ទោះជាយ៉ាងណា ព្រាប សុវត្ថិ មិនដែលអួតអាងរឿង លោកមានដីធ្លីជាច្រើនហិកតារនោះឡើយ។

អ្នកសិល្បៈដែលជិតដិតនឹងព្រាប សុវត្ថិ ពួកគេបានដឹងថា អំឡុងពេលដែលអាជីពសិល្បៈរបស់ព្រាប សុវត្ថិ ត្រូវប៉ាន់ខ្លាំងរយៈពេល២០ឆ្នាំ រហូតមានកម្មវិធីខ្លះ លោកច្រៀងតែមួយភ្លែត ស៊ីថ្លៃដល់ទៅ៦ពាន់ដុល្លារនោះ ព្រាប សុវត្ថិ បានយកប្រាក់ទាំងនោះទៅបុកទិញដីបានច្រើន ទើបពេលនេះ ទោះលោកឈប់ច្រៀង ក៏លុយត្រូវប៉ាន់ដីទាំងនោះដេកចាយមិនអស់ដែរ។

ក្រៅពីព្រាប សុវត្ថិ តារាដែលមានដីធ្លីជាច្រើនហិកតារនោះ នៅមានដូចជា លោក ចារិទ្ធី, ខេមរៈ សិរីមន្ត, ឆាយ វីរៈយុទ្ធ, គង់ សុជាតិ, ខាត់ សុឃីម និងអ្នកនាងយុគ ចិន្តា ជាដើម ដែលតារាខាងលើនេះស្ថិតក្នុងចំណោម តារាមានទ្រព្យច្រើននាពេលបច្ចុប្បន្ន។

ប៉ុន្តែយ៉ាងណា មហាជនខ្លះហាក់លែងសូវជឿរឿងតារាពុះដីឡូតិ៍លក់ផ្ទាល់ខ្លួនទៀតហើយ ព្រោះតែពេលនេះ លោករិន សាវ៉េត និងលោកម៉ារ៉ា ប៊ុណ្ណា ដែលពីមុនមានតែម៉ូតូកញ្ចាស់ជិះនោះ ស្រាប់តែមានដីឡូតិ៍ពុះលក់យ៉ាងកក្រើកមេឃដែរ ទើបគេចាត់ទុកថា តារាទាំងនោះគ្រាន់តែឈរឈ្មោះឱ្យថៅកែមួយនៅក្រោយខ្នងប៉ុណ្ណោះ។

ព្រាប សុវត្ថិ បាននាំកូនប្រុសទាំង៣ និងភរិយាអ្នកស្រី ឡុង ស្រីមុំ ចេញទៅច្រៀងសម្តែងនៅអាមេរិក កាលពីថ្ងៃទី២១ ខែមីនា ហើយតារាហង្សមាស នឹងវិលចូលស្រុកវិញ នៅដើមខែឧសភា។ រយៈពេល១ខែកន្លះ លើទឹកដីអាមេរិក ព្រាប សុវត្ថិ ត្រូវគេជឿថា នឹងកើបលុយបានមិនក្រោម១០ម៉ឺនដុល្លារឡើយ៕

RELATED ARTICLES