ពេជ្រ សោភា ត្រូវបានគេចាត់ទុកថា ជាតារាចម្រៀងដែលជោគជ័យតែអាជីពសិល្បៈ តែស្នេហាវិញមិនសមប្រកបឡើយ។ ការលើកឡើងបែបនេះ មិនត្រូវបានសោភា ទទួលស្គាល់ទេ ដោយនាងចាត់ទុកថា ជាការយល់ឃើញខុសស្រឡះ គឺនាងជោគជ័យទាំងចម្រៀងនិងស្នេហា ហើយការលែងលះប្តីគ្មានស្រីណាម្នាក់ចង់បានទេ តែបើប៉ះប្តី “កាន់លុយ” តើគូទ្រាំ “ទុក្ខស្ត្រីប្តីកាន់លុយ” ឬមួយត្រូវរៀបចំជីវិតសាជាថ្មី ព្រោះសម័យនេះហើយ មិនមែនខុសម្តងខុសមួយជីវិតទេ គឺខុសម្តង រកឱ្យទាល់តែត្រូវម្តងទៀត។

ទោះជាពេជ្រ សោភា នៅតែមិនព្រមទទួលស្គាល់ថា ស្នេហារបស់នាងមិនសូវសមប្រកបមែន តែពេលខ្លះនាងមិនប្រកែកឡើយ ចំពោះការដែលមិនអាចសាងជីវិតស្នេហ៍ឱ្យបានយូរអង្វែងនោះព្រោះថា ពេលនេះបើគេមិនច្រឡំទេ សោភា ប្រេះឆាស្នេហ៍មិនក្រោម៥លើកឡើយ។

អ្វីដែលសោភា អស់សង្ឃឹម ខ្លាំងរឿងស្នេហានោះ គឺនាងបានឆ្លងកាត់អាពាហ៍ពិពាហ៍ម្តងរួចទៅហើយ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥ តែមង្គលការជាមួយទាហានអាកាសអាមេរិក នោះ រួមរស់ជាមួយគ្នាមិនបានកន្លះឆ្នាំផង ក៏ចែកផ្លូវគ្នាដើររៀងៗខ្លួន ធ្វើឱ្យសោភា ធ្លាក់ខ្លួនមេម៉ាយទាំងមិននឹកស្មានដល់។

ពេលនេះ សោភា សាកល្បងស្នេហាថ្មីជាមួយប្រុសក្មេងឆឹម សក្កដា ដែលត្រូវគេសង្ស័យថា ពួកគេសាងស្នេហា “ក្លែងក្លាយ” តែសោភា និង សក្កដា នៅតែមានះថា នោះជាស្នេហាពិត ហើយពួកគេកំពុងពិសោធចិត្តថ្លើមគ្នាឱ្យបានច្បាស់លាស់សិន មុនពេលក្រាបផ្ទឹមជាមួយគ្នា។

តារាស្និទ្ធសោភា បានចោទអ្នកមេម៉ាយរូបនេះថា សកម្មភាពបែបនេះគ្រាន់តែជាការបិទបាំងចំពោះអតីតសង្សារត្រៀមរៀបការចោលប៉ុណ្ណោះ តែសោភា មិនខ្វល់ឡើយ។
ដោយឡែក ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងស្រីជួរមុខគេរបស់ផលិតកម្មហង្សមាស វិញ បើទោះជាល្បីយ៉ាងណា ក៏មិនអាចវ៉ា សោភា បានដែរ ទើបធ្វើឱ្យទីផ្សារចម្រៀង និងតម្លៃខ្លួនតារាទាំង២ដួងនេះ នៅប្រទាញប្រទង់គ្នានៅឡើយ សម្រាប់ឆ្នាំ២០១៩ នេះ ទោះជាសុគន្ធកញ្ញា ជិតក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស ក្តី។

សុគន្ធកញ្ញា ធ្លាប់ចែកផ្លូវគ្នាជាមួយអតីតសង្សារតន្ត្រីករ រ៉េតធី ដូណា ហើយមកភ្ជាប់ស្នេហ៍ជាមួយលោកអ៊ឹង សុខលី នឹងគ្រោងដឹកដៃគ្នាចូលរោងការ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នេះហើយ នៅសណ្ឋាគាសុខាភ្នំពេញ។ ស្នេហារបស់ សុគន្ធកញ្ញា បើប្រៀបធៀបជាមួយ សោភា គឺខុស គ្នាស្រឡះ ព្រោះនាងឆក់បានតំណែងជាប្អូន ថ្លៃថៅកែហង្សមាស ហើយនឹងក្លាយទៅជាតារាមានអំណាចខ្លាំងជាងគេនៅហង្សមាស ក្រោយពេលរៀបការរួចជាមិនខាន។

គេជឿថា ចំណងស្នេហាសុគន្ធកញ្ញា នឹងបានយូរអង្វែងជាមិនខានឡើយ ព្រោះអនាគតស្វាមីនាងជាអ្នកដឹកនាំសម្តែង និងគ្រប់គ្រងទូរទស្សន៍ហង្សមាស ទាំងមូលនោះ ជាមនុស្សដែលយល់ពីសិល្បៈច្បាស់លាស់។ ហេតុនេះហើយ សុគន្ធកញ្ញា ជ្រើសយកស្នេហាមិនដូចសោភា ដែលប៉ះតែប្រុសអាមេរិក ខកចិត្តជាបន្តបន្ទាប់នោះឡើយ។

ប៉ុន្តែមហាជនជាច្រើនរង់ចាំមើលថា ពេលដែលសុគន្ធកញ្ញា ក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន ហើយ តើមានតារាស្រីណាខ្លះនឹងចាកចេញ ព្រោះតែគេជឿថា ហង្សមាស នឹងកាន់តែខ្លាំង ព្រោះមានតារាស្រីជាប្អូនថ្លៃថៅកែ ជាទីទុកចិត្តជាងតារាផ្សេងៗទៀតរបស់ខ្លួនមិនខានឡើយ៕