សុគន្ធ និសា ហាក់ស្ងប់ស្ងាត់ពីអាជីពចម្រៀង បន្ទាប់ពីនាងងាកមកសម្រុកការថតភាពយន្ត៣រឿងផ្ទួនៗគ្នា គឺ “សិសិររដូវក្នុងបេះដូង”, “រាជិនីភូមិគ្រឹះ” និងរឿង “ព្រះវេស្សន្តរជាតក” ទើបធ្វើឱ្យអ្នកគាំទ្ររបស់និសា មានការព្រួយបារម្ភ ខ្លាចតែតារារូបនេះពន្លែងអាជីពចម្រៀងចោល ហើយងាកមកសម្រុកតែការថតកុនវិញម្តង។

យ៉ាងណា ពេលនេះ សុគន្ធ និសា ហាក់ប្រឹងប្រែងស្តារមុខមាត់ទាក់ទងបទចម្រៀងវិញ ដើម្បីកុំឱ្យទីផ្សារចម្រៀងរបស់នាងបន្តធ្លាក់ចុះថែមទៀត បើទោះជាពេលនេះ នាងនៅមិនទាន់មានបទថ្មីណាមួយផ្ទុះក្តី ប៉ុន្តែតាមបណ្តាកម្មវិធីប្រគំតន្ត្រីធំៗ និងការសម្ពោធក្រុមហ៊ុនមួយចំនួន គេនៅតែត្រូវការសុគន្ធ និសា ហើយអ្នករៀបចំកម្មវិធីថែមទាំងចាត់ទុកតារាតូចច្រឡឹងរូបនេះថា ជាអ្នកចម្រៀងលំដាប់ប្រទេសទៀតផង។
ជាក់ស្តែង ដូចជាការសម្ពោធក្រុមហ៊ុន Prestige Homes កាលពីពេលថ្មីៗនៅ Golden Tower សុគន្ធ និសា ទទួលបានការចាប់អារម្មណ៍គាំទ្រជាច្រើន ទាំងភ្ញៀវជាតិ និងអន្តរជាតិ ពិសេស បទ “ស្រលាញ់អូនច្រើនៗ” ដែលចេញជាច្រើនឆ្នាំមកហើយនោះ គឺនៅតែត្រូវបានគេនិយមស្តាប់។ ដោយឡែក បទញាក់វិញ និសា បានយកអ្នករាំទៅរាំឡើងរង្គើឆាកតន្ត្រី ខណៈដែលពិធីការិនី Dj NaNa និយាយថា និសា រាំឡើងខ្ទាតញើសពេញខ្លួនតែម្តង ហើយនិសា តបថា នាងសប្បាយចិត្តពេក ទើបរាំឡើងដល់ថ្នាក់បែកញើសយ៉ាងនេះ។

សុគន្ធ និសា ត្រូវបានមហាជនលើកឡើងថា នាងហាក់ចុះខ្សោយជាងមុន ក្រោយពីបានរៀបការជាមួយលោកចៅ សម្បត្តិ អាណិកជនខ្មែរ នៅរដ្ឋឡូវែល៍ សហរដ្ឋអាមេរិក កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ហើយនាងត្រូវបានបាត់បង់តំណែងជាគ្រូបង្វឹកក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី២។

ប៉ុន្តែ និសា នៅតែអាចរក្សារាងស្វែលស្អាតបានដដែល ទើបហង្សមាស បានប្រគល់តំណែងតួឯកដល់ទៅ៣រឿងឱ្យនាង។ ដោយឡែក សម្រាប់ការយកកូនវិញ បើទោះជាស្វាមី និសា ចង់បានកូនង៉ែតប្រលែងលេងយ៉ាងណា ក៏និសា មិនហ៊ានពពោះដែរ ដែលធ្វើឱ្យគេសង្ស័យថា និសា មិនហ៊ានយកកូន ព្រោះនាងខ្លាចពិបាកស្តារមុខមាត់កាន់តែខ្លាំង។

សុគន្ធ និសា បានប្រាប់អ្នកយកព័ត៌មានយើងថា នាងបានត្រៀមខ្លួនរួចជាស្រេចអស់ទៅហើយ តាំងពីមុនរៀបការម៉្លេះ ពោលគឺទទួលបានការគាំទ្រប៉ុនណា ក៏នាងមិនតូចចិត្តដែរ ព្រោះពេលនេះមានស្វាមីទៅហើយ។ ចំពោះរឿងយកកូនវិញ និសា ថា អាចពេលបានវីសាពីស្ថានទូតអាមេរិក ទើបនាងធ្វើការសម្រេចចិត្តតាមក្រោយ។

អំឡុងពេលអាជីពចម្រៀងហាក់ពិបាកប្រជែងកាន់តែខ្លាំងជាមួយឱក សុគន្ធកញ្ញា និងពេជ្រ សោភា នេះ សុគន្ធ និសា ក៏ងាកមកបុកផ្នែកជំនួញដែរ ដូចជា នាងបើកហាងកាហ្វេ, ចេកអាំង និងគុយទាវខ្ចប់ ជាដើម។
ស្វាមីរបស់ សុគន្ធ និសា លោកចៅ សម្បត្តិ ហៅសាំបា ជាអ្នកជំនួញធំ ដោយកាន់តំណែងជានាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុន Manulife ហើយចង់ឱ្យនិសា ផ្តោតលើការកស៊ីច្រើនជាងចម្រៀង។

យ៉ាងណា សុគន្ធ និសា បានប្រាប់ស្វាមីថា នាងបានតស៊ូក្នុងអាជីពចម្រៀងជាង១០ឆ្នាំមកហើយ អ៊ីចឹងមិនអាចលាឈប់នៅពេលនេះបានទេ គឺត្រូវតែបន្តច្រៀងរហូតដល់លែងមានអ្នកគាំទ្រ។ និសា ថា ស្វាមីនាងសម្របខ្លួនតាមនាងជានិច្ច ហើយពេលនេះ នាងអាចថតកុន និងច្រៀងបានតាមចិត្តចង់៕