ស្រីស្អាតម៉ាក សែនសូនីតា ហៅតូតា បានធ្វើឱ្យថៅកែផលិតកម្ម Angkor Picture លោកប៉ុល វិបូរ ហៅនីត មិនអាចងាករេចិត្ត ឬដោះដៃពីមន្តស្នេហ៍នាងរួចឡើយ បើទោះជាលោកថៅកែធ្លាប់មានសង្សារជាតារាស្រីស្អាតមិនចាញ់តូតា ក្តី តែពេលនេះ លោកនីត ស្មោះស្ម័គ្រតែបណ្តូលចិត្តម្នាក់គត់…។

តារាសិល្បៈរួមអាជីពបានហៅតូតា ថា ជាអ្នកបង្ហាត់លោកប៉ុល វិបូរ ហៅនីត ឱ្យស្គាល់រសជាតិស្នេហ៍ពិត ដែលមិនអាចឱ្យលោកថៅកែមានចិត្តងាករេសម្លឹងទៅរកនារីណាផ្សេងក្រៅពីនាងឡើយ។
ចំណុចពិសេសរបស់តូតា ដែលចងចិត្តលោកថៅកែនៅពេលនេះ គឺពួកគេចង់និយាយសំដៅដល់តារាស្រីស្អាតរូបនេះថា នាងមានសម្រស់ល្អលើសនារីទាំងឡាយ ដែលលោកថៅកែធ្លាប់ជួបប្រទះ ហើយរឹតតែពិសេសថែមទៀតនោះ គឺតូតា ពូកែថ្នាក់ថ្នមចិត្តលោកថៅកែទាំងយប់ថ្ងៃ ហើយទោះជានាងរវល់ការងារសិល្បៈយ៉ាងណា ក៏ឆ្លៀតបណ្តើរគូស្នេហ៍ទៅសាសងស្នេហ៍នៅក្រៅប្រទេសជាញឹកញាប់ ដែលចំណុចទាំងនេះ ធ្វើឱ្យលោកថៅកែពេញចិត្តស្តូក។

អ្វីដែលធ្វើឱ្យលោកថៅកែកាន់តែពេញចិត្តតូតា ថែមទៀត នោះ គឺទោះជាមានតារាណាបង្អាប់ថា នាងក្មេងមិនសមបានសង្សារអាយុស្មើឪ ដូចលោកនីត ប៉ុន្តែតូតា មិនខ្ចីខ្វល់ស្តាប់ឡើយ ដោយនាងតែងតែតបទៅវិញថា លោកនីត ជាបុរសម្នាក់ដែលធ្វើឱ្យនាងមានសេចក្តីសុខគ្រប់យ៉ាង…។

តារាខ្លះទៀតបានបង្អាប់តូតា ថា តាំងពីនាងរួមរស់ជាមួយលោកនីត មក ហាក់បាក់សម្រស់ខ្លាំង និងខ្លះទៀតថា នាងបែកសាច់ប្លែក ព្រោះមិនសូវបានគេងលក់ តែតូតា មានតែសើចញញឹមអឹមអៀម ដោយនាងនិយាយថា ជាតិនេះនាងសូមផ្ញើប្រាណលើលោកនីត តែម្នាក់ ហើយអ្នកណាថាអីថាចុះស្នេហ៍ពិតមិនគិតពីអាយុខុសគ្នាទេ…។

ការសម្រេចចិត្តប្រគល់ប្រាណដ៏ខ្ចីល្វក់របស់ម៉ាក សែនសូនីតា ជូនលោកនីត ថ្នមបំពេនៅពេលនេះ ធ្វើឱ្យតូតា បង្ខំចិត្តទាត់ចោលសំណើស្នេហ៍ប្រុសមិនក្រោម4នាក់ឡើយ ដែលក្នុងនោះ មានប្រុសក្មេងទឹម នីដា , លោកផ្កាយ4 , ឧកញ៉ាមួយ និងថៅកែសណ្ឋាគារល្បីឈ្មោះម្នាក់ទៀតផង។

តូតា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងមិនចាប់អារម្មណ៍ប្រុសណាផ្សេង ក្រៅពីលោកនីត ទេ ហើយនៅពេលដែលបានជួបស្នេហ៍ពិត ហើយតំណែងជំទាវដែលមន្ត្រីធំៗចង់ប្រគល់ឱ្យនាង គឺគ្មានអ្វីអស្ចារ្យឡើយ។
តូតា ថា នាងនឹងរៀបការជាមួយលោកនីត នាពេលខាងមុខនេះ ប៉ុន្តែមិនទាន់កំណត់ពេលវេលាជាក់លាក់ទេ ព្រោះថា ត្រូវការពេលវេលាបន្ថែមទៀត ដោយសារពេលនេះ នាងចង់ផ្តោតលើមុខជំនួញច្រើនជាងគិតពេលវេលារៀបការ។

ថ្វីត្បិតតែម៉ាក សែនសូនីតា វាចាបែបនេះក្តី ប៉ុន្តែ មហាជនមួយចំនួននិយាយថា តូតា នៅមានជម្រើសស្នេហ៍ច្រើន ព្រោះទោះជាពេលនេះ នាងរស់នៅក្រោមដំបូលជាមួយលោកនីត ដូចប្តីប្រពន្ធក៏ដោយ តែមន្ត្រីធំៗនៅតែតាមឆ្វែលស្នេហ៍ស្រីស្អាតរូបនេះដដែល។

តាមព័ត៌មានបានឱ្យដឹងថា ម៉ាក សែនសូនីតា សម្រេចចិត្តពន្យារពេលរៀបការ ដោយសារនាងខ្លាចអាជីពសិល្បៈប្រឈមការធ្លាក់ចុះដូចអតីតតារាសម្តែង សារ៉ាយ សក្ខណា និងគង់ ច័ន្ទស្រីមុំ។

ប៉ុន្តែអ្វីដែលតូតា ត្រូវមើលឱ្យច្បាស់នោះថា តើអនាគតប្តីរបស់នាង គឺលោកថៅកែនីត លែងលះអតីតភរិយាដើមរួចរាល់អស់ហើយឬនៅ? ដើម្បីកុំឱ្យមានអ្នកមកអុកឡុកក្នុងថ្ងៃមង្គលការ ព្រោះកន្លងមក អ្នកស្រីគង់ ស៊ីណា ម្តាយតូតា ក៏ធ្លាប់សម្តែងការព្រួយបារម្ភចំពោះរឿងនេះដែរ បើទោះជាលោកថៅកែប្រាប់ឡើងរួយមាត់ទៅហើយថា លោកចប់គ្នាជាមួយប្រពន្ធដើមអស់ទៅហើយក្តី ប៉ុន្តែទាំងតូតា និងម្តាយ នៅតែមិនទាន់ទុកចិត្ត៕