តារាចម្រៀងផលិតកម្មថោន កញ្ញាជុំ រចនាពេជ្រ ហៅបេប៊ី បានប្រារឰខួបកំណើតយ៉ាងសាមញ្ញជាលក្ខណៈគ្រួសារ នៅហាងសាប៊ូប៊ូទឹង នៅក្បែរវត្តច្បារអំពៅ កាលពីរាត្រីថ្ងៃទី០១ ឧសភា ដោយមានតែតារាសិល្បៈរួមអាជីព២នាក់ប៉ុណ្ណោះ បានចូលរួមអបអរសាទរ គឺកញ្ញាប៉ាច គីមមួយ និងណាផា។ ចំណែកក្រុមរាំអមរបស់បេប៊ី ក៏បានទៅចូលរួមដែរ ហើយថែមទាំងលើកនំខេកជូនស្រីស្អាតនេះ ដោយពួកគេបានជូនពរនាងឱ្យមានសម្រស់កាន់តែស្អាត និងជោគជ័យក្នុងអាជីពសិល្បៈផងដែរ។

ជុំ រចនាពេជ្រ ឬ បេប៊ី វាចាថា តាមពិត ខួបរបស់នាងនៅថ្ងៃទី២ ខែឧសភា ទេ តែនាងធ្វើមុនមួយថ្ងៃ ដើម្បីយកថ្ងៃពិសេសនេះ ជួបជុំគ្រួសារញ៉ាំអាហារជាលក្ខណៈគ្រួសារ និងមានតែមិត្តភក្តិជិតដិតបំផុតប៉ុណ្ណោះ ដែលចូលរួម។ ចំពោះមូលហេតុដែលនាងមិនធ្វើខួបធំ ដោយសារតែចង់យកពេលវេលាទៅជួយសង្គម តាមរយៈកម្មវិធីសប្បុរសធម៌នានាវិញ ហើយជាទម្លាប់ គឺនាងមិនដែលធ្វើខួបធំ ហៅតារារាប់រយនាក់ឱ្យចូលរួមដូចគេនោះទេ ដូចជាកម្មវិធីនេះ នាងហៅតែតារា២នាក់ប៉ុណ្ណោះ ឱ្យចូលរួម។

ក្នុងខួបគម្រប់អាយុ២២ឆ្នាំនេះ បេប៊ី បានឱ្យដឹងថា ពេលនេះនាងបានជោគជ័យក្នុងជីវិតបានពាក់កណ្តាល ហើយ (50%) ព្រោះសេចក្តីត្រូវការរបស់មនុស្សចេះតែមានអ៊ីចឹង មិនទាន់គ្រប់គ្រាន់ទេ។

បេប៊ី ថា បំណងធំរបស់នាង គឺចង់បានផ្ទះធំថែមទៀត ខណៈពេលនេះ នាងក៏មានដីធ្លីមួយចំនួនផងដែរ តែមិនចង់អួតអាងរបស់ទាំងនោះឡើយ។

បេប៊ី បានក្លាយទៅជាតារាចម្រៀងផលិតកម្មថោន ដូចបំណង តែពេលនេះនៅមិនទាន់មានបទចម្រៀងវាយលុកទីផ្សារខ្លាំងឡើយ ខណៈដែលថោន មានមាស សុខសោភា និង រ៉ាប៊ី ឈរជើងមុនបេប៊ី ទៅហើយ។
យ៉ាងណា ពិធីការិនី CTN នេះ នៅតែអះអាងថា បទចម្រៀងថ្មីៗរបស់នាងបានចេញខ្លះៗ ហើយនឹងត្រៀមចេញថែមទៀត នៅអំឡុងខែមិថុនា ខាងមុខនេះ។

បេប៊ី វាចាថា “បទចម្រៀងខ្ញុំមានចេញខ្លះហើយតើ ! តែនៅខែក្រោយ (មិថុនា) ហ្នឹង ទើបចេញថែមទៀត។ ខ្ញុំជឿជាក់ផលិតកម្មថោន ចំពោះការធ្វើបទចម្រៀងឱ្យខ្ញុំ តែយើងមិនចង់អួតមុនទេ។ ថោន ក៏មានផ្តល់សិទ្ធិឱ្យខ្ញុំធ្វើបទចម្រៀងពីខាងក្រៅដែរ ហើយពេលនេះយើងបានត្រៀមខ្លះៗហើយ”។

នៅពេលសាកសួររឿងគូស្នេហ៍នោះ បេប៊ី អះអាងថា ពេលនេះនាងអាយុទើប២២ឆ្នាំ អ៊ីចឹងដូចជាមិនទាន់ប្រញាប់រឿងចូលរោងការទេ ហើយអាចត្រូវការពេលវេលាយូរថែមទៀត ទើបគិតគូររឿងនេះ ព្រោះថា ពេលនេះនាងចង់ផ្តោតតែលើការពង្រឹងអាជីពពិធីការិនី និងច្រៀងនៅផលិតកម្មថោន ឱ្យបានរឹងមាំជាងនេះសិន។

បេប៊ី ស្ថិតក្នុងចំណោមតារាផ្តើមពីការសម្តែងក្លាយទៅជាតារាចម្រៀងអាជីព ដូចជា ពេជ្រ សូលីកា, រ៉ាប៊ី, ទេព បូព្រឹក្ស និង អែន ជី ជាដើម ដែលមុនធ្វើខួបកំណើតនេះ ស្រីស្អាតបេប៊ី ថ្លែងថា អាជីពចម្រៀងជាក្តីស្រមៃរបស់នាងតាំងពីតូច ហើយការមានឱកាសចូលច្រៀងនៅផលិតកម្មថោន គឺជាមោទកភាពធំមួយ ព្រោះថោន ជាផលិតកម្មធំទី២ ក្នុងស្រុក៕