បេក្ខនារីយ៉ុនកាន់ទីម៉ា កម្មការិនីកាត់ដេរមកពីខេត្តកំពង់ស្ពឺ ពាក់ស្លាកលេខ2 និងលោកលឿង វិសាល កម្មករកាត់ដេរមកពីខេត្តតាកែវ ពាក់ស្លាកលេខ8 បានក្លាយទៅជាម្ចាស់ពានជ័យលាភី សម្រស់ឯកវាយនភណ្ឌ ឆ្នាំ2019 នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី1 ខែឧសភា ឆ្នាំ2019 ចំថ្ងៃប្រារឰទិវាពលកម្មអន្តរជាតិ។

ដោយឡែក បេក្ខនារីសុន ស្រីពៅ មកពីខេត្តស្វាយរៀង និងបេក្ខជនសុខ មនោចិន មកពីខេត្តបន្ទាយមានជ័យ ទទួលបានចំណាត់ថ្នាក់លេខ2 ខណៈបេក្ខនារី លី ណៃហ៊ាង មកពីភ្នំពេញ និងបេក្ខជន រដ្ឋា ថៃលី មកពីកំពង់ចាម ទទួលបានចំណាត់ថ្នាក់លេខ3 ដោយម្នាក់ៗទទួលបានរង្វាន់ម៉ូតូ1គ្រឿង និងទឹកប្រាក់ខុសៗគ្នា ចាប់ពី 3ដល់ 5លានរៀលផងដែរ។

លោកអ៊ឹត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ការរៀបចំកម្មវិធីសម្រស់វាយនភណ្ឌនេះ បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលយើងបានរៀបចំ4លើកមកហើយ គឺនៅឆ្នាំ2015/ 2016/ 2017/ 2018 និងលើកទី5 នៅឆ្នាំ2019 នេះ។ សម្រាប់ឆ្នាំនេះ យើងរៀបចំទូលំទូលាយជាងមុន ដោយមានការចូលរួមពីសមាគមរោងចក្រ (CMAC) និងដៃគូពាក់ព័ន្ធជាច្រើនទៀត ដើម្បីលើកតម្លៃកម្មករ-កម្មការិនី ដែលកំពុងបម្រើការក្នុងឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើងនៅកម្ពុជា និងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត។

នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនេះ គេឃើញមានតារាចម្រៀងល្បីៗជាច្រើនដួង បានច្រៀងសម្តែងអបអរសាទរដល់បេក្ខជន និងបេក្ខនារីទាំងអស់ផងដែរ មានដូចជា ឱក សុគន្ធកញ្ញា, ឈិន ម៉ានិច្ច, រ៉េត ស៊ូហ្សាណា, ខេម, ឆាយ វីរៈយុទ្ធ ជាដើម៕



