Sunday, November 16, 2025
Homeព័ត៌មានជាតិគ្រប់រូបភាពតែម្តង!!! ខ្លាចាស់កំពុលល្បិច យកវត្តធ្វើខែល

គ្រប់រូបភាពតែម្តង!!! ខ្លាចាស់កំពុលល្បិច យកវត្តធ្វើខែល

ខេត្តព្រះវិហារ ៖ មេឈ្មួញឈើល្បីឈ្មោះកំពូលល្បិចម្នាក់ បានរៀបគម្រោងរកស៊ីដឹកឈើ ដោយប្តូររូបភាពយកឈើប្រមាណជាង១០០ម៉ែត្រគូប ទៅស្តុកទុកក្នុងបរិវេណវត្តអារាម ដែលជាទីគោរពបូជាសម្រាប់ពុទ្ធបរិស័ទ លុះកម្លាំងជំនាញបានដឹងព័ត៌មាន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាប បែរជាមេឈ្មួញរូបនោះ ឆ្លើយដោះសារថា គឺជាឈើដែលគេដឹកមកទុកដើម្បីកសាងវត្តប៉ុណ្ណោះ  តែតាមពិត រង់ចាំឱកាសល្អ នឹងដឹកចេញទៅរាជធានីភ្នំពេញភ្លាម។

តាមប្រភពពីសមត្ថកិច្ច ឈ្មួញឈើជើងចាស់ល្បីឈ្មោះ និងពូកែប្រើល្បិច រហូតដល់នឹកស្មានមិនដល់រូបនោះ មានឈ្មោះស៊ុំ ឈុំប៊ុន។ ចំណែកវត្តដែលត្រូវបានមេឈ្មួញខាងលើ ដឹកឈើទៅស្តុកទុក គឺវត្តព្រះខណ្ឌ មានទីតាំងស្ថិតនៅភូមិតាសែង ឃុំរណៈសិរ្ស ស្រុកសង្គមថ្មី។

តាមប្រភពពីពុទ្ធបរិស័ទចំណុះជើងវត្ត ដែលដឹងរឿងពិតបានទម្លាយថា ការយកឈើមកស្តុកទុកក្នុងវត្តបែបនេះ គឺដើម្បីបិទបាំងពីការបង្ក្រាបរបស់សមត្ថកិច្ចតែប៉ុណ្ណោះ។ ជាក់ស្តែង តាមអ្វីដែលពួកគាត់ចាំបាន គឺកាលពីអំឡុងឆ្នាំ២០១៥កន្លងទៅ ឈ្មួញឈើស៊ុំ ឈុំប៊ុន ធ្លាប់បញ្ចុះបញ្ចូលព្រះចៅអធិការវត្តព្រះខណ្ឌ ស្ថិតនៅភូមិតាសែង ឃុំរណៈសិរ្ស ស្រុកសង្គមថ្មី ម្តងរួចមកហើយ ដោយបានដឹកឈើទៅស្តុកទុកក្នុងវត្ត លុះពេលត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាប ក៏ត្រូវមេឈ្មួញរូបនេះប្រាប់ថា ឈើប្រណីតជាង១០០ម៉ែត្រគូប ដែលស្តុកទុកនេះ គឺទុកកសាងវត្តទេ តែតាមពិត គឺគេស្តុកទុកសិន រង់ចាំមានឱកាសល្អ នឹងដឹកជញ្ជូនយកទៅរាជធានីភ្នំពេញតែម្តង។

លុះថ្មីៗនេះ នៅពេលនេះលោកមាស ញឹម នាយកដែនជម្រកសត្វព្រៃបឹងពែរ សហការជាមួយកម្លាំងអាវុធហត្ថស្រុកសង្គមថ្មី ចុះទៅបង្ក្រាប ក៏ត្រូវបានមេឈ្មួញ ស៊ុំ ឈុំប៊ុន ប្រាប់សមត្ថកិច្ចថា ទិញឈើទុកកសាងព្រះវិហារ តែកាលពីឆ្នាំ២០១៥ លោកស៊ុំ ឈុំប៊ុន ឆ្លើយបែបនេះដែរ តែតាមពិតវត្តព្រះខណ្ឌ អត់មានឈើមួយដើមណាទុកកសាងព្រះវិហារសោះឡើយ។

ប្រជាពលរដ្ឋនៅក្នុងស្រុកសង្គមថ្មី បានទម្លាយឱ្យដឹងទៀតថា ខ្លាចាស់រូបនេះមានល្បិចខ្ពស់ណាស់ រកស៊ីយកវត្តអារាមធ្វើជាខែល ដើម្បីបិទបាំងនូវទង្វើអាក្រក់របស់ខ្លួន។ ហើយករណីខាងលើនេះ ប្រជាពលរដ្ឋបានលើកឡើងទៀតថា ព្រះសង្ឃមិនគួរទទួលការស្នើសុំពីក្រុមឈ្មួញ ស្តុកទុកឈើនៅក្នុងវត្តបែបនេះទេ ព្រោះវានាំឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕

RELATED ARTICLES