Wednesday, September 17, 2025
Homeតារាខ្មែរម៉ៅ គឹមធីតា ភ័យបះសក់ច្រូង ខ្មោចចូលសណ្ឋិត

ម៉ៅ គឹមធីតា ភ័យបះសក់ច្រូង ខ្មោចចូលសណ្ឋិត

ស្រីស្អាតម៉ៅ គឹមធីតា ជាតួអង្គសំខាន់ក្នុងរឿង ”ផ្ទះចុងភូមិ” របស់ផលិតកម្មមហាហង្ស ដែលបានធ្វើពិធីសម្ពោធនៅរោងភាពយន្ដ Legend Citymall ជាន់ទី៣ កាលពីថ្ងៃទី៦ ខែឧសភា ដោយមានតារាសម្ដែង និងផលិតករ រួមទាំងអ្នកសារព័ត៌មានជាច្រើនបានចូលរួម។

ស្រីស្រស់គឹមធីតា បានឲ្យដឹងថា ក្នុងរឿងនេះនាងមិនបានជួបផលវិបាកច្រើនទេ គឺគ្រាន់តែមានឈុតខ្លះតម្រូវឲ្យថតដល់យប់ជ្រៅប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលនាងព្រឺព្រួចខ្លាំង និងមិនធ្លាប់ជួបប្រទះនោះ គឺរឿងមួយនេះនាងត្រូវសម្ដែងជាតួខ្មោចចូលសណ្ឋិត ហើយនេះជាលើកទីមួយផងដែរ ដែលនាងលេងរឿងខ្មោចបែបនេះ។

ទោះជាយ៉ាងណា ធីតា អះអាងថា សាច់រឿងនេះល្អ ហើយនាងពេញចិត្តក្នុងការថតរឿងមួយនេះ ព្រោះជួបប្លង់ល្អនៅតាមទីជនបទ ដែលធ្វើឲ្យប្លែកអារម្មណ៍ ជាងការថតរឿងមុនៗ ហើយនាងសង្ឃឹមថា តាមរយៈ ”ផ្ទះចុងភូមិ” នេះ នឹងធ្វើឲ្យនាងត្រូវបានគេស្គាល់ និងគាំទ្របន្ថែមទៀតជាមិនខានឡើយ។

ក្រៅពីកញ្ញាម៉ៅ គឹមធីតា រឿង ”ផ្ទះចុងភូមិ” មានការចូលរួមសម្ដែងដោយនាយគ្រឿន, ជា សុវណ្ណនរាហ៍ និងទ្រង់ ស៊ីសុវត្ថិ សិរីវុឌ ជាដើម ប៉ុន្តែដោយសារតារាទាំង៣ ជាប់ភារកិច្ច ទើបមិនអាចចូលរួមថ្ងៃសម្ពោធ។

លោកអ៊ិន សុភិន ថៅកែផលិតកម្មមហាហង្ស បានឲ្យដឹងថា “រឿងនេះលោកជាអ្នកនិពន្ធដោយផ្ទាល់ ហើយមានការសម្រិតសម្រាំងខ្លាំងណាស់ មុនចេញថតដែលប្រើពេល១ឆ្នាំពេញ ទើបថតចប់”។

លោកបន្តថា “រឿងនេះដកស្រង់ពីរឿងពិត៧០% និងមានការច្នៃប្រឌិតបន្ថែម៣០% ដើម្បីឲ្យសាច់រឿងមានការទាក់ទាញ។ ដោយឡែក សម្រាប់ការចំណាយទុនវិញ គឺច្រើនជាងរឿងមុនៗ ដោយសារលោកគ្រោងយករឿងមួយនេះទៅបញ្ចាំងនៅប្រទេសជិតខាងផងដែរ ហើយសាច់រឿងជក់ចិត្តតាំងពីដើមដល់ចប់”។

រឿង ”ផ្ទះចុងភូមិ” នឹងដាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្ដទាំងអស់ ចាប់ពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នេះតទៅ៕

RELATED ARTICLES