Wednesday, September 17, 2025
Homeតារាខ្មែរសុគន្ធ និសា-សុខ ជំនោរ មិនហ៊ានចូលកៀកគ្នា

សុគន្ធ និសា-សុខ ជំនោរ មិនហ៊ានចូលកៀកគ្នា

សុគន្ធ និសា បានជួបអតីតគូស្នេហ៍សុខ ជំនោរ ដោយចៃដន្យ នៅពេលដែលអ្នកទាំង២ បានទៅចូលរួមមង្គលការអ្នកដឹកនាំសម្តែងរបស់ផលិតកម្មថោន លោកសេម និងអ្នកនាងលីឈី កាលពីថ្ងៃទី៥ ខែឧសភា នៅដឺព្រេមៀរ សែនធ័រសែនសុខ។

ព័ត៌មានបានឱ្យដឹងថា សុគន្ធ និសា បណ្តើរស្វាមីរបស់នាង លោកចៅ សម្បត្តិ ចំពេលដែលលោកសុខ ជំនោរ ក៏បានបណ្តើរភរិយាកំពុងមានផ្ទៃពោះអ្នកនាងរង្សី ទៅចូលរួមដែរ តែពួកគេមិននិយាយស្តីរកគ្នាឡើយ ថែមទាំងព្យាយាមអង្គុយតុឱ្យនៅឆ្ងាយពីគ្នាទៀតផង។

ទោះជាយ៉ាងណាការជួបគ្នាលើកនេះ គឺទាំងសងខាងមានគូស្នេហ៍ថ្មីរៀងៗខ្លួនអស់ទៅហើយ ហេតុនេះហើយ ពួកគេគ្មានរឿងវិវាទជាមួយគ្នាឡើយ ព្រោះថា ការបែកគ្នាកន្លងមក គឺតាមសម្រួល ហើយមុនពេលសុខ ជំនោរ រៀបការប្រពន្ធថ្មី សុគន្ធ និសា បានផ្តាំអតីតគូស្នេហ៍ថា កុំឱ្យនឹកនានាងទៀត។ សុខ ជំនោរ បានធ្វើតាមសុគន្ធ និសា តាមរយៈការរៀបការភរិយាថ្មី ទើបអាចបំភ្លេចស្នេហ៍ចាស់បាន ហើយពេលនេះ ទាំងនិសា និងជំនោរ រស់នៅដោយមានសុភមង្គលរៀងៗខ្លួន ព្រោះពួកគេបានកប់ចោលស្នេហ៍ចាស់អស់ទៅហើយ។

គួរបញ្ជាក់ថា អំឡុងពេលចែកផ្លូវគ្នាថ្មីៗ កាលពីឆ្នាំ២០១១ សុគន្ធ និសា ដែលជួបលោកសុខ ជំនោរ ដោយចៃដន្យនោះ នាងតែងតែរត់គេចចេញភ្លាមៗ ព្រោះថា ពេលនោះ លោកជំនោរ នៅតែស្រលាញ់ និងរង់ចាំផ្លូវនិសា វិលវិល ទៀតផង។ ប៉ុន្តែការជួបគ្នាលើកនេះ ខុសពីមុន ដោយសារតែនិសា និងជំនោរ មានគូស្នេហ៍ថ្មីដូចគ្នា ហេតុនេះហើយ ទោះជាមិននិយាយស្តីរកគ្នាមែន តែគេអាចមើលដឹងថា ទាំងនិសា និងជំនោរ គ្មានការគុំកួនគ្នាឡើយ។

សុគន្ធ និសា ធ្លាប់ភ្ជាប់ស្នេហ៍ជាមួយសុខ ជំនោរ កាលពីឆ្នាំ២០០៤ អំឡុងពេលដែលពួកគេធ្វើការជាមួយគ្នានៅផលិតកម្មរស្មីស្ទឹងសង្កែ ហើយបានចែកផ្លូវគ្នាឆ្នាំ២០១១ ដោយនិសា អះអាងថា មិនអាចបន្តស្នេហ៍បានទៀតទេ ព្រោះការរស់នៅមិនចុះសម្រុងគ្នាឡើយ គឺប្រៀបបានទឹកនិងប្រេង។

សុគន្ធ និសា បានរៀបការជាមួយអាណិកជនខ្មែរ នៅអាមេរិក លោកចៅ សម្បត្តិ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ខណៈដែលលោកសុខ ជំនោរ បានរៀបការជាមួយអ្នកបម្រើការធនាគារ អ្នកនាងស្រី សុរង្សី កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ ពេលនេះ សុគន្ធ និសា មិនទាន់ពពោះកូនដំបូងឡើយ ខណៈដែលសុខ ជំនោរ វិញ ប្រពន្ធត្រៀមសម្រាលកូនទៅហើយ។

ក្រៅពី សុគន្ធ និសា តារាចម្រៀងល្បីៗ ដែលធ្លាប់បែកបាក់សង្សារចាស់ មានដូចជា ឱក សុគន្ធកញ្ញា, មាស សុខសោភា, សួស វីសា, អាលីហ្សា, ពេជ្រ សោភា និង រ៉ាប៊ី ជាដើម ដែលពេលនេះពួកគេរកបានម្ចាស់ចិត្តថ្មីរៀងៗខ្លួនអស់ទៅហើយ។

ដោយឡែក សុគន្ធ និសា វិញ ទោះជាពេលនេះអាជីពសិល្បៈរាងចុះខ្សោយជាងមុនក្តី តែតារាហង្សមាស រូបនេះគ្មានការព្រួយបារម្ភចំពោះការជួបវិបត្តិសេដ្ឋកិច្ចគ្រូសារឡើយ ព្រោះស្វាមីរបស់នាង លោកសម្បត្តិ ហៅសាំបា ជានាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនមេនញូឡាយហ្វ៍ ហើយលោកក៏មានផ្ទះផ្ទាល់ខ្លួននៅរដ្ឋឡូវែល៍ សហរដ្ឋអាមេរិក ផងដែរ។

ទស្សនិកជនយល់ថា និសា នឹងចេញទៅរស់នៅអាមេរិក តាមស្វាមី ហើយផ្តល់កំណើតកូនដំបូងនៅទីនោះនាពេលខាងមុខ ដូចអតីតតារាមួយចំនួនជាមិនខានឡើយ៕

RELATED ARTICLES