ពិធីការិនីដ៏មានឥទ្ធិពល អ្នកនាងគង់ សុជាតិ បានបង្ហាញអារម្មណ៍សប្បាយរីករាយចិត្តក្រៃលែង នៅពេលដែលកូនស្រីទី២ របស់អ្នកនាងឈ្មោះម៉ៅ វិសាលភាព ណែលី អាយុ១៤ឆ្នាំ ដែលកំពុងរៀននៅសាលាអន្ដរជាតិអាប៊ែនឌែនឡៃ (ACSI) ទទួលបានមេដាយរហូតដល់ទៅ៥ ក្នុងកម្មវិធីប្រកួតមួយផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី៧ ខែឧសភា ក្នុងកម្មវិធីមួយឈ្មោះថា “World Scholar’s Cup” ដើម្បីឈានឆ្ពោះទៅប្រកួតធំនៅសាកលវិទ្យាល័យយ៉េល សហរដ្ឋអាមេរិក។

អ្នកនាងគង់ សុជាតិ បានថ្លែងសារថា ”ពិតជាអស្ចារ្យណាស់កូនស្រីមាសម្ដាយ លើកនេះ មិនមែនយកមួយ តែយករហូតដល់ទៅ៥មេដាយ ឲ្យម្ដាយ និងក្រុមគ្រួសារ ពិតជាមហាកត្តិយសណាស់ ដែលកូនដោយគន្លងបែបនេះ ហើយម្ដាយគ្មានពាក្យអ្វី ក្រៅពីជូនពរជ័យឲ្យកូនជោគជ័យនៅក្នុងឆាកជីវិត ស្រលាញ់កូនបំផុត Nemo”។

ក្នុងជំនួបតាមទូស័ព្ទ អ្នកនាងគង់ សុជាតិ បន្ថែមថា ទោះជាមមាញឹកក្នុងអាជីពសិល្បៈយ៉ាងណា ក៏អ្នកនាងនិងស្វាមី ត្រូវមានពេលវេលាជាមួយក្រុមគ្រួសារ មើលថែកូនៗឲ្យបានល្អដែរ ហើយអ្វីដែលអ្នកនាងរីករាយបំផុត គឺកូនៗរបស់អ្នកនាងទាំងអស់ សុទ្ធតែប្រកបទៅដោយគន្លងធម៌ មិនដែលធ្វើឲ្យគ្រួសារពិបាកឡើយ។

សុជាតិ អះអាងទៀតថា អ្នកនាងជំរុញឲ្យកូនរៀនសូត្រឲ្យបានច្រើន ហើយបើថ្ងៃក្រោយ ពួកគេចង់លេងសិល្បៈ គឺអ្នកនាងមិនរារាំងទេ តែសំខាន់ គឺត្រូវមានចំណេះដឹងខ្ពង់ខ្ពស់ជាប់ខ្លួនសិន។

គង់ សុជាតិ បញ្ជាក់ថា ”កូនស្រីខ្ញុំនៅត្រូវការជាប់មួយតង់ទៀត ទើបគេអាចឈានទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅសាកលវិទ្យាល័យយ៉េល (Yale University) សហរដ្ឋអាមេរិក ដែលមានចំនួនជាង៧០ប្រទេស ចូលរួមប្រកួត។ ក្នុងនាមជាម្ដាយ ខ្ញុំរំភើបណាស់ដែលកូនបានឈ្នះមេដាយដល់ទៅ៥ សម្រាប់ការប្រកាសលទ្ធផលម្សិលមិញនេះ ដើម្បីឈានទៅប្រកួតមួយតង់ទៀត។ ខ្ញុំដឹងថា ក្រៅពីខិតខំរៀនសូត្រកូនស្រីខ្ញុំស្រលាញ់ខាងរចនាម៉ូដ (Designer) , ធ្វើសក់, តែងខ្លួនរាំរែកអី បានទាំងអស់ ប៉ុន្ដែខ្ញុំបានអប់រំគេថា បើកូនចង់ចូលសម្ដែង ឬធ្វើពិធីការិនីអី ម៉ាក់មិនឃាត់ទេ ប៉ុន្តែសំខាន់កូនត្រូវតែខិតខំរៀនសូត្រឲ្យមានចំណេះដឹងទូលំទូលាយសិន។ ពេលនេះ កូនស្រីខ្ញុំពិតជាខំរៀន មិនឲ្យម្ដាយ និងក្រុមគ្រួសា ខកបំណងមែន”។

ម៉ៅ សាលភាព ណែលី ជាកូនស្រីទី២ របស់អ្នកនាងគង់ សុជាតិ ដែលកំពុងសិក្សានៅថ្នាក់ទី៧ សាលា ACSI ហើយការឈ្នះមេដាយ៥ ក្នុងកម្មវិធីប្រកួតប្រជុំទៅដោយសិស្សពូកែៗនោះ ផ្តោតលើវិញ្ញាសារចំណេះដឹងទូទៅ ផ្នែកភាសាអង់គ្លេស។

មហាជនជាច្រើនបានសរសើរថា អ្នកនាងគង់ សុជាតិ និងស្វាមី ជា វិបុល សិល្បករឆ្នើម ដែលតែងតែបង្ហាញខ្លួនធ្វើពិធីការិនីតាមបណ្ដាកម្មវិធីធំៗ និងលេចមុខតាមស្ពតជាច្រើន រួមទាំងមានសាលាបណ្ដុះបណ្ដាលផ្នែកសម្ផស្សធំជាងគេទៀត ប៉ុន្តែការគ្រប់គ្រងកូនៗក្នុងគ្រួសាររបស់ពិធីការិនីរូបនេះវិញ ក៏ជាម្ដាយដែលឈ្លាសវៃម្នាក់ដែរ ទើបធ្វើឲ្យកូនៗរបស់អ្នកនាងក្លាយជាសិស្សពូកែបែបនេះ៕



