Wednesday, September 17, 2025
Homeតារាខ្មែរម៉ៅ គឹមធីតា ត្រៀមរៀបការជាមួយគូម៉ា

ម៉ៅ គឹមធីតា ត្រៀមរៀបការជាមួយគូម៉ា

ស្រីស្អាតម៉ៅ គឹមធីតា ជាតួអង្គសំខាន់ក្នុងរឿង “ផ្ទះចុងភូមិ” របស់ផលិតកម្មមហាហង្ស ដែលបានធ្វើពិធីសម្ពោធនៅរោងភាពយន្តលេជិន ស៊ីធីម៉ល ជាន់ទី៣ កាលពីថ្ងៃទី៦ ខែឧសភា ដោយមានតារាសម្តែងនិងផលិតករ រួមទាំងអ្នកសារព័ត៌មានជាច្រើនបានចូលរួម។

ស្រីស្រស់គឹមធីតា បានឱ្យដឹងថា ក្នុងរឿងនេះ នាងមិនបានជួបផលវិបាកច្រើនទេ គឺគ្រាន់តែមានឈុតខ្លះតម្រូវឱ្យថតដល់យប់ជ្រៅប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលនាងព្រឺព្រួចខ្លាំង និងមិនធ្លាប់ជួបប្រទះនោះ គឺរឿងមួយនេះនាងត្រូវសម្តែងជាតួខ្មោចចូលសណ្ឋិត ហើយនេះជាលើកទីមួយផងដែរ ដែលនាងលេងរឿងខ្មោចបែបនេះ។

ទោះជាយ៉ាងណា ធីតា អះអាងថា សាច់រឿងនេះល្អ ហើយនាងពេញចិត្តក្នុងការថតរឿងមួយនេះ ព្រោះជួបប្លង់ល្អនៅតាមទីជនបទ ដែលធ្វើឱ្យប្លែកអារម្មណ៍ជាងការថតរឿងមុនៗ ហើយនាងសង្ឃឹមថា តាមរយៈ “ផ្ទះចុងភូមិ” នេះ នឹងធ្វើឱ្យនាងត្រូវបានគេស្គាល់ និងគាំទ្របន្ថែមទៀតជាមិនខានឡើយ ព្រោះដាក់បញ្ចាំងចាប់ពីថ្ងៃទី៨ ខែឧសភា នេះតទៅហើយ។

ក្រៅពីកញ្ញាម៉ៅ គឹមធីតា រឿង “ផ្ទះចុងភូមិ” មានការចូលរួមសម្តែងដោយនាយគ្រឿន, ជា សុវណ្ណនរាហ៍ និងទ្រង់ ស៊ីសុវត្ថិ សិរីវុឌ្ឈ ជាដើម តែដោយសារតារាទាំង៣ជាប់ភារកិច្ច ទើបមិនអាចចូលរួមថ្ងៃសម្ពោធ។ ដោយឡែក ម៉ៅ ច័ន្ទធីតា ដែលគ្រប់គ្នាដឹងថា ជាសង្សារតារាចម្រៀងថោន លោកគូម៉ា នោះ ក៏បានបញ្ជាក់ពីចំណងស្នេហ៍ជាមួយគូម៉ា នៅចំពោះមុខអ្នកសារព័ត៌មានផងដែរ ដោយនាងអះអាងថា នឹងត្រៀមរៀបការជាមួយគូម៉ា នៅពេលខាងមុននេះ បើទោះជាពេលនេះមិនទាន់បានធ្វើពិធីភ្ជាប់ពាក្យជាផ្លូវការក្តី។

ម៉ៅ គឹមធីតា បញ្ជាក់ថា “ខ្ញុំនិងបងគូម៉ា ពិតជាស្រលាញ់គ្នាមែន។ ពួកយើងមិនទាន់បានធ្វើពិធីភ្ជាប់ពាក្យ ឬកំណត់ការចូលរោងការជាមួយគ្នាទេ តែក្រុមគ្រួសារទាំងសងខាងបានដឹងអស់ហើយថា យើងទាំង២ស្រលាញ់គ្នា។ ខ្ញុំអាចនិយាយបានថា ខ្ញុំនិងគូម៉ា នឹងរៀបការជាមួយគ្នាក្នុងពេលដ៍ឆាប់ខាងមុខនេះហើយ។ ចំពោះមូលហេតុដែលខ្ញុំជ្រើសរើសគាត់ជាគូអនាគត ដោយសារតែខ្ញុំពេញចិត្តស្រលាញ់គាត់មានទឹកដមសំឡេងស្រទន់ផ្អែមហ្នឹងឯង”៕

RELATED ARTICLES