មុននេះ អ្នកនាងពេជ្រ សោភា ត្រូវបានគេទម្លាយថា អតីតសង្សាររបស់នាងត្រៀមរៀបការចោល ជាមួយតារាល្បីម្នាក់។ ប៉ុន្តែពេលនេះ អ្នកស្និទ្ធនឹងពេជ្រ សោភា បានអះអាងច្បាស់ៗថា មិនមែនសង្សារម្នាក់ទេ គឺ២នាក់ ដែលត្រៀមរៀបការចោល សោភា ព្រមគ្នាតែម្តង…។

ពេជ្រ សោភា នៅឆ្នាំ2019នេះ អាចជាឆ្នាំដែលនាងជួបរឿងឡាក់ឆុងស្នេហា មិនធ្លាប់មានពីមុនឡើយ ព្រោះក្នុងពេលតែមួយនេះ អតីតសង្សាររបស់នាងដល់ទៅ2នាក់ ត្រៀមរៀបការចោលអ្នកមេម៉ាយរូបនេះព្រមគ្នាតែម្តង។
តាមព័ត៌មានបានឱ្យដឹងថា បុរសទាំង2នាក់ដែលធ្លាប់ជាសង្សាររបស់តារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា នោះ គឺបានដឹកដៃគូស្នេហ៍ថ្មី ទៅថតរូប Pre-Wedding ព្រមៗគ្នាតែម្តង ដែលធ្វើឱ្យអ្នកចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ ស្រឡាំងកាំង តែគ្មានប្រតិកម្មបន្តិចឡើយ ព្រោះតែទំនាក់ទំនងស្នេហារបស់ពួកគេបានចប់អស់ទៅហើយ ហេតុនេះហើយ ទោះជាអតីតសង្សារចង់រៀបការជាមួយអ្នកណា ក៏អាចធ្វើបានតាមចិត្ត។

ប៉ុន្តែការដែលសង្សារចាស់របស់ពេជ្រ សោភា ទាំង2ណាត់គ្នារៀបការចោលនាងព្រមគ្នានៅពេលនេះ គឺហាក់ដូចជាពួកគេមានបំណងចង់ចិញ្ច្រាំបេះដូងសោភា ឱ្យខ្ទេចខ្ទាំនៅឆ្នាំ2019នេះ ពិបាកនឹងព្យាបាលតែម្តង។

ទោះជាយ៉ាងណា ក្នុងជំនួបកាលពីពេលថ្មីៗនេះ ពេជ្រ សោភា អះអាងថា នាងបានយកការងារ និងក្រុមគ្រួសារជាជំហានទី1 ចំណែករឿងស្នេហាជាជំហានទី2 ហេតុនេះហើយ នាងសូមធ្វើការច្រានចោលទាំងស្រុង ចំពោះអ្នកណាដែលថា នាងជោគជ័យតែអាជីពសិល្បៈ តែរឿងស្នេហាបរាជ័យដល់ចំណុចសូន្យនោះ គឺជារឿងមិនត្រឹមត្រូវឡើយ។

សោភា ថា ពេលនេះ នាងដេកនៅក្នុងបន្ទប់តែម្នាក់ឯង គ្មានប្រុសស្នេហ៍ដូចគេ ក៏មានសេចក្តីសុខដែរ ព្រោះមិនចាំបាច់ឈឺក្បាល ដោយមានអ្នកតាមរំខានទៀតផង។
ការវាចារបស់ពេជ្រ សោភា នៅពេលនេះ ត្រូវបានមនុស្សមួយចំនួន យល់ថា នេះអាចគ្រាន់តែជាការលួងចិត្តខ្លួនឯងប៉ុណ្ណោះ ព្រោះនៅលើលោកនេះ គ្មានអ្នកណាដែលថា សង្សារដល់ទៅ2នាក់ ត្រៀមរៀបការចោលព្រមគ្នា តែបែរជាគ្មានទុក្ខសោកនោះទេ។

ក្រៅពីត្រូវអតីតសង្សារទាំង2ខាងលើ ត្រៀមរៀបការចោលនោះ ពេជ្រ សោភា ដែលអ្នកខ្លះថា នាងអត់យីអ៊ុនស្នេហ៍នោះ បានបែកបាក់ប្រុសស្នេហ៍ផ្សេងទៀត មិនក្រោម3លើកឡើយ។ ពេជ្រ សោភា ធ្លាប់ភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរ រូបសង្ហានៅអាមេរិក ប៉ុន្តែបានប្រេះឆាមុនពេលរៀបការ។ ដោយចង់លុបដានស្នេហ៍ចាស់ សោភា បានរៀបការជាមួយបុរសមិនសូវសង្ហាម្នាក់ទៀត ជាអាណិកជនខ្មែរ មកពីអាមេរិក លោកឡៅ ឆលី ប៉ុន្តែការហើយបានតែប៉ុន្មានថ្ងៃ ក៏លែងលះគ្នាយ៉ាងទាន់ហន់ ខណៈដែលមុនស្គាល់ប្រុសទាំង2 នាងក៏បានចែកផ្លូវជាមួយបុរសម្នាក់នៅប៊ូឌិង ផងដែរ។

ការមិនសមប្រកបរឿងស្នេហាបែបនេះហើយ ទើបគេថា នាងជោគជ័យតែច្រៀង តែរឿងស្នេហាវិញសូន្យនោះ ប៉ុន្តែសោភា បានប្រឆាំងចំពោះការលើកឡើងបែបនេះ ដោយនាងបញ្ជាក់ថា សម័យនេះហើយ ការជ្រើសរើសគូស្រករ គឺមិនមែនខុសម្តង ខុសមួយជីវិតទេ គឺខុសម្តង រកម្តងទៀត ហើយនាងដាក់ជាសំណួរថា បើយកប្តីប៉ះប្តីកាន់លុយ ដូចបទចម្រៀង “ទុក្ខស្រីប្តីកាន់លុយ” អ៊ីចឹងនៅស៊ូបានទៀតអត់?
ការវាចាបែបនេះរបស់ពេជ្រ សោភា បានន័យថា នាងមិនខ្លាចរឿង ធ្លាក់ខ្លួនជាស្ត្រីមេម៉ាយឡើយ ពោលគឺបើជ្រើសខុស គឺត្រូវតែចែកផ្លូវគ្នា ហើយសាងស្នេហ៍ថ្មី។

ប៉ុន្តែទាំងក្នុងនិងក្រៅសិល្បៈ នៅតែចាត់ទុកថា សោភា សាងស្នេហ៍ជាមួយសក្កដា ជាស្នេហាក្លែងក្លាយ ដើម្បីបាំងអតីតប្រុសស្នេហ៍ទាំង2 រៀបការចោល ព្រោះគេយល់ថា សក្កដា គ្មានអារម្មណ៍ស្នេហ៍ស្រីៗឡើយ៕