ចំណងស្នេហាតារាសំនៀងស្រទន់ សួស វីសា និងប្រុសក្មេងថមមី កាន់តែស្អិតល្មួតខ្លាំងឡើង គឺប្រៀបដូចស្រមោចនិងស្ករអ៊ីចឹង ជាពិសេស មុនពេលរៀបការចូលមកដល់នេះ ពួកគេចាប់ផ្តើមសម្ញែងទ្រព្យឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង តាមយៈការទិញវីឡាទ្រនំ ស្នេហ៍ស្កឹមស្កៃតម្លៃជាង២០ម៉ឺនដុល្លារ ដែលរស់នៅយ៉ាងមានសេចក្តីសុខ។

ចំណែកថ្មីៗនេះដែរ សួស វីសា បានធ្វើឱ្យសង្សារបណ្តូលចិត្តកាន់តែពេញចិត្តថែមទៀត ព្រោះនៅថ្ងៃខួបកំណើតថមមី នោះ វីសា បានទិញរថយន្តទំនើប Lexus NX 200 តម្លៃជាង៦ម៉ឺនដុល្លារថែមទៀត ទើបធ្វើឱ្យថមមី សប្បាយចិត្តគ្មានអ្វីប្រៀបបានឡើយ។

ការបញ្ចោញទ្រព្យរបស់សួស វីសា នៅ ពេលនេះ ក្រោយពេលដែលនាងត្រូវសង្សារថ្មី លោកថមមី បានលុតជង្គង់កណ្តាលហ្វូងមនុស្សជាច្រើននៅក្លឹបផឹកស៊ីមួយ ដើម្បីសុំតារាហង្សមាស រូបនេះ រៀបការ ទើបធ្វើឱ្យវីសា អរពេករហូតរលេងរលោងទឹកភ្នែកថែមទៀតផង។

យ៉ាងណា ការបង្ហាញផ្ទះវីឡា និងរថយន្តថ្មីនៅពេលនេះ បញ្ជាក់ថា វីសា ព្រមប្រគល់បេះដូងឱ្យថមមី ហើយដែលពួកគេអាចនឹងចូលរោងការឆាប់ៗនេះ ព្រោះអ្វីដែលវីសា ចង់បាន គឺផ្ទះ និងរថយន្តទំនើប មុនពេលរៀបការ ហើយឥឡូវនាងមានវាក្នុងកណ្តាប់ដៃទៅហើយ។

សួស វីសា ធ្លាប់ភ្ជាប់ពាក្យជាមួយតារាចម្រៀង មាស សាឡី តែបានប្រេះឆាគ្នា កាលពីឆ្នាំ២០១០ នៅពេលដែលនាងចេញពី Rock ចូលហង្សមាស។

គ្រាន់តែបែកអ្នកចាស់ភ្លាម វីសា រកបានថ្មីភ្លែត ដោយជ្រើសយកប្រុសក្មេង ថមមី ស្អំរបួសបេះដូង ទាត់ចោលសំណើស្នេហ៍របស់មន្ត្រីធំៗ។

វីសា ថា នាងចង់រៀបការជាមួយថមមី ដោយមិនចាំបាច់ភ្ជាប់ពាក្យឡើយ ព្រោះពេលនេះក្រុមគ្រួសារទាំងសងខាងបានដឹងឮអស់ទៅហើយ រឿងនាងស្រលាញ់គ្នាជាមួយអនាគតស្វាមីនេះ៕



