តារាចម្រៀងផលិតកម្មរស្មីហង្សមាស ឃី សុឃុន ដែលល្បីបទ ”ធ្វើម្ដេចយើងក្រ” បានសម្រេចចិត្តដឹកដៃកំពូលស្នេហ៍ជាកូនក្រមុំអ្នកខេត្តតាកែវ អ្នកនាងឃុន ម៉ាឡៃ (ចាន់ឡៃ) ចូលរោងការនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះហើយ ដែលកម្មវិធីទាំងមូលរៀបចំនៅផ្ទះខាងស្រី ខាងលិចផ្សារអង្គតាសោម ខេត្តតាកែវ ផ្លូវជាតិលេខ៣។

ក្នុងជំនួបតាមទូរស័ព្ទកាលពីពឹ្រកថ្ងៃទី១០ ខែឧសភា ឃី សុឃុន បានឲ្យដឹងថា លោកនិងភរិយាបានស្រលាញ់គ្នា៥ឆ្នាំមកហើយ និងដោយសារពេលនេះ ឪពុកម្ដាយចាស់ៗ ហើយរូបលោកផ្ទាល់គិតថា ដល់ពេលវេលារៀបការ ទើបធ្វើពិធីមង្គលនៅពេលនេះ។

ម្ចាស់បទ ”ធ្វើម្ដេចយើងក្រ” ថ្លែងថា ”ខ្ញុំនិងភរិយាបានស្រលាញ់គ្នា៤ទៅ៥ឆ្នាំហើយ។ ខ្ញុំសម្រេចចិត្តរៀបការពេលនេះ ព្រោះអីខ្ញុំវ័យចូល២៦ឆ្នាំទៅហើយ ចំណែកភរិយាខ្ញុំទើប២៣ឆ្នាំទេ។ អ្វីដែលពិសេសនោះ គឺចាស់ៗទាំងសងខាងគាត់ចង់ឲ្យរៀបការពេលនេះ ព្រោះអីឪពុកម្ដាយខ្ញុំក៏ចាស់ៗដែរ អ៊ីចឹងមិនអាចពន្យាពេលតទៅទៀតបានទេ”។

ឃី សុឃុន បានឲ្យដឹងទៀតថា ភរិយារបស់លោកមិនទាន់មានមុខរបរអ្វីទេ ហើយកន្លងមក នាងចង់ចូលលេងសិល្បៈដែរ ប៉ុន្តែលោកប្រឆាំង។

តារាចម្រៀងសំនៀងក្រអួនក្រអៅ ឃី សុឃុន បានឲ្យដឹងទៀតថា លោកបានធ្វើពិធីជប់លៀង៧០តុ និងហៅតារារួមអាជីព២០០នាក់ ឲ្យចូលរួមផងដែរ។ ប៉ុន្ដែចំពោះគម្រោងចេញទៅក្រេបចន្ទទឹកឃ្មុំនោះ នៅមិនទាន់កំណត់ទេ ដោយសារតែលោករវល់ច្រៀងតាម Concert ប៉ុន្តែលោកនឹងយកកូនភ្លាមទៅតាមធម្មជាតិ។

ឃី សុឃុន បានឲ្យដឹងទៀតថា ”កម្មវិធីជប់លៀងមង្គលការខ្ញុំ រៀបចំ៧០តុ ហើយខ្ញុំហៅតារារួមអាជីពខ្ទង់២០០នាក់ដែរ ព្រឹកមិញនេះ មានមកហែជំនូនខ្ញុំខ្លះដែរ។ ក្រោយរៀបការហើយ ខ្ញុំមិនទាន់មានគម្រោងនាំភរិយាទៅដើរលេង (Honey Moon) ទីណាទេ ព្រោះអីជាប់ច្រៀងកម្មវិធីគេដែរ។ ប៉ុន្ដែពេលនេះ ខ្ញុំចង់បានកូនឆាប់ទៅតាមធម្មជាតិ។ ក្រោយពេលមានភរិយា ខ្ញុំគ្មានការបារម្ភខ្លាចបាត់បង់ទីផ្សារសិល្បៈទេ ព្រោះអីខ្ញុំគិតថា ទស្សនិកជនគាំទ្រសំខាន់នៅលើសមត្ថភាពរបស់យើងទេ”។

ឃី សុឃុន អតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ ដែលឈានទៅវគ្គផ្ដាច់ព្រ័ត្រ តែមិនអាចយកឈ្នះម្ចាស់ពាន លោកថែល ថៃ ឡើយ។

ទោះជាយ៉ាងណា តាមរយៈការមានទឹមដមសំឡេងក្រអួនក្រអៅសុឃុន បានចូលច្រៀងហង្សមាស ដោយងាយ ហើយទស្សនិកជននិយាយថា តារារូបនេះមានទឹកដមសំឡេងល្អ មិនជាន់តារាណាឡើយ ពិសេស គឺបទ ”ធ្វើម្ដេចយើងក្រ”៕
