ឡាយ លក្ខិណា ត្រូវបានគេបំបាក់មុខ ដោយវាយប្រហារកណ្តាលឆាកតន្ត្រី CTN ព្រោះត្រូវអ្នកនាងកាតុ និងរ៉ូលីន ប្រកាសដោយមិនចំឈ្មោះថា ជាតារា “វាយប្ញក”។
ការលើកឡើងបែបនេះ នាំឱ្យមានការសង្ស័យថា ឡាយ លក្ខិណា មានជម្លោះយ៉ាងក្តៅគគុកជាមួយលោកអែន ឌី ទើបធ្វើឱ្យពួកគេលែងត្រូវគ្នាដូចមុន ហើយសូម្បីតែស្តីរកគ្នាមួយម៉ាត់ក៏ គ្មានផង។
ឡាយ លក្ខិណា វាចាថា ពេលនេះ នាងទាល់តម្រិះហើយ គឺមានតែពឹងលោកម្ចាស់ប៉ាវចិន តុលាការមុខដែក សូមមេត្តាជួយរកយុត្តិធម៌ឱ្យនាងផង…។

ឡាយ លក្ខិណា បានច្រានចោលចំពោះដំណឹងលេចឮថា អ្នកនាងមានទំនាស់ជាមួយតារាចម្រៀងអែន ឌី។ លក្ខិណា បានចាត់ទុកថាការលេចឮបែបនេះ គឺធ្វើឱ្យទំនាក់ទំនងរបស់នាងជាមួយលោកអែន ឌី កាន់តែផុយស្រួយ និងពិបាកជួបមុខគ្នាដូចមុនវិញ។

ឡាយ លក្ខិណា បានប្រាប់ថា “ខ្ញុំឆ្ងល់ណាស់ លោកព្រះ តើដំណឹងនេះបានមកពីណា? បើខ្ញុំឈ្លោះគ្នាជាមួយអែន ឌី មែន សូមឱ្យខ្ញុំស្លាប់ដោយគ្រោះថ្នាក់អ្វីមួយទៅចុះ ខ្ញុំនិយាយអ៊ីចឹង។ ប៉ុន្តែនេះគ្មានបានប្រកែកទាស់គ្នាអីមួយម៉ាត់ផង តើមានជម្លោះអីជាមួយគ្នាទៅ? អត់ទេ មិនដែលឈ្លោះគ្នាអីសោះហ្មង”។

តាមព័ត៌មានថា មូលហេតុដែលអ្នកនាងឡាយ លក្ខិណា និងអែន ឌី មានការអាក់អន់ស្រពន់ចិត្តជាមួយគ្នា ដោយសារពួកគេមានភាពចម្រូងចម្រាសរឿងចេញទៅច្រៀងនៅកាណាដា ហើយចុងក្រោយ លក្ខិណា បានទៅច្រៀងនៅកាណាដា ចំណែកអែន ឌី ដែលគ្រោងរួមដំណើរជាមួយគ្នានេះ អត់បានទៅ។

ពេលដែលឡាយ លក្ខិណា ត្រឡប់មកពីច្រៀង សម្តែងនៅកាណាដា វិញនោះ ក៏បានទៅថតសម្តែងនៅទូរទស្សន៍ CTN សម្រាប់ចូលឆ្នាំខ្មែរ ប៉ុន្តែលក្ខិណា ដែលឈរនៅក្បែរអែន ឌី នោះ ពួកគេមិនបាននិយាយចូលគ្នាមួយម៉ាត់ឡើយ ខណៈដែលពេលនេះ អ្នកនាងកាតុ និងរ៉ូលីន បានចាប់ក្បាលមីក្រូប្រកាសស្នើសុំកុំឱ្យតារាទាំងឡាយវ៉ៃប្ញកខ្លាំងពេក និងឱ្យយកគំរូតាមមាស សុខសោភា ទៀតផង។

តារាសិល្បៈជាច្រើនបានខ្សឹបខ្សៀវគ្នាថា កាតុ និងរ៉ូលីន វ៉ៃប្រហារកណ្តាលឆាកនោះ គឺចង់សំដៅទៅអ្នកនាងឡាយ លក្ខិណា តែម្តង ដែលធ្លាប់ជាមិត្តជិតដិតជាមួយអែន ឌី ប៉ុន្តែពេលមកពីកាណាដា វិញភ្លាម មិនជ្រលក់មាត់រកអែន ឌី ទៀតឡើយ។
ពួកគេបានបង្ហើបឱ្យដឹងថា លក្ខិណា និងអែន ឌី មានជម្លោះជាមួយគ្នាខ្លាំងណាស់ ហេតុនេះហើយមិនអាចត្រូវរ៉ូវគ្នាបានដូចមុនវិញជាដាច់ខាត។

ឡាយ លក្ខិណា និយាយយ៉ាងលឿនថា “មើលទៅរឿងហ្នឹង ខ្ញុំមានតែពឹងលោកម្ចាស់ប៉ាវចិនទេ ទើបអាចរកយុត្តិធម៌ឱ្យខ្ញុំបាន បើមិនអ៊ីចឹងទេ គេនៅតែយល់ច្រឡំទៀតជាមិនខាន។ ខ្ញុំមានឈ្លោះជាមួយអែន ឌី ឯណា? អ្នកនាងកាតុ និងរ៉ូលីន ប្រកាសតារាវ៉ៃប្ញកហ្នុង មិនមែនសំដៅលើខ្ញុំទេ ព្រោះដំបូង ខ្ញុំស្មានតែថាឱ្យខ្ញុំដែរ តែស្តាប់យូរទៅ មិនមែនទេ ព្រោះគេសំដៅលើតារាវ័យក្មេងៗ។ ខ្ញុំមិនមែនក្មេងទេ ខ្ញុំចាស់ហើយ។ ចំពោះរឿងអែន ឌី វិញ តាំងពីខ្ញុំមកពីកាណាដា ហ្នឹង មិនទាន់បានជួបគ្នាដូចមុនមែន ព្រោះរវល់រៀងៗខ្លួន។ អែន ឌី ធ្លាប់ជួយខ្ញុំខ្លះដែរ ព្រោះខ្ញុំបាត់មុខជាង10ឆ្នាំ វិលវិញ ក៏ចាប់ដៃជាមួយអែន ឌី គាត់គាស់រំលើងយើងមកវិញដែរ អ៊ីចឹងខ្ញុំមានរឿងអីត្រូវឈ្លោះជាមួយគាត់ទៅ?”។

បើទោះជាអ្នកនាងឡាយ លក្ខិណា ប្រកែកដូចទន្ទេញមេសូត្រថា គ្មានទាស់គ្នាជាមួយលោកអែន ឌី ក្តី ប៉ុន្តែអ្នកនាងគ្មានបំណងវិលមកមកចាប់ដៃជាមួយអែន ឌី វិញ នៅពេលវេលាមួយជាក់លាក់ឡើយ គឺអាស្រ័យទៅលើម្ចាស់កម្មវិធី ជាអ្នកតម្រូវ។
ចំណែកការស្នាក់នៅប្រទេសកាណាដា រយៈពេល3ខែនោះ អ្នកនាងលក្ខិណា ដែលលេចឮថា មានទាំងស្រីទាំងប្រុសចោមស្នេហ៍នោះ បែរជាថាមិនទាន់ជ្រើសបានប្រុសណាម្នាក់ ដើម្បីដឹកដៃគ្នាចូលរោងការសាជាថ្មីឡើយ ព្រោះមិនទាន់ច្បាស់លាស់។ ប៉ុន្តែលក្ខិណា ថា នាងមានទំនាក់ទំនងល្អជាមួយម្ចាស់ Sponsor មួយ រហូតគេផ្តល់តួនាទីសំខាន់នៅក្រុមហ៊ុននោះ ទាក់ទងតារាខ្មែរ ចេញទៅច្រៀងនៅកាណាដា គឺអ្នកនាងមានសិទ្ធិក្នុងការជ្រើសរើសដោយផ្ទាល់តែម្តង។

ឡាយ លក្ខិណា មានទីផ្សារសិល្បៈឡើងវិញ បន្ទាប់ពីបាត់ខ្លួនជាង1ទសវត្ស ដោយសម្ងំលក់ខោអាវក្នុងផ្សារអូរប្ញស្សី វិលមកសម្តែងរឿង “ផ្កាថ្ម” និង “រវាងយើង” បានធ្វើឱ្យលក្ខិណា ស្តារមុខឡើងវិញបានខ្លះ តាមរយៈតួអង្គម្តាយ ដែលនៅតែមានសម្រស់ទ្រលុកទ្រលន់គួរឱ្យបេតី។

គេជឿថា មិនយូរទេ លក្ខិណា នឹងរកបានម្ចាស់ស្នេហ៍ថ្មីមកស្អំរបួសបេះដូងជាមិនខានឡើយ ខណ³ដែលមុននេះ អ្នកនាងអះអាងថា នឹងមិនសាងស្នេហាជាមួយប្រុសណា ដែលជាប្តីគេជាដាច់ខាត ដោយអ្នកនាងថា ការយករបស់គេ គ្មានសេចក្តីសុខពិតប្រាកដឡើយ៕