Wednesday, September 17, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា មានអ្នកឲ្យយោបល់យកកូនភ្លោះ តែនាងតបវិញថា យកភ្លោះ៣តែម្តង

ឱក សុគន្ធកញ្ញា មានអ្នកឲ្យយោបល់យកកូនភ្លោះ តែនាងតបវិញថា យកភ្លោះ៣តែម្តង

ឱក សុគន្ធកញ្ញា និងស្វាមី លោកអ៊ឹង សុខលី ត្រូវបានតារាកំប្លែងជើងចាស់ នាយក្រឹម​ឲ្យយោបល់ដោយខ្សឹបដាក់ត្រចៀកថា យកកូនភ្លោះឲ្យបានដូចលោកតែម្ដងទៅ ដើម្បីកុំឲ្យពិបាកបង្កើតច្រើន គឺតែម្ដងបានពីរ។

ប៉ុនែ្ដជាការឆ្លើយតបទៅវិញ សុគន្ធកញ្ញា និងប្ដី បានតបដាក់ទៅនាយក្រឹម វិញថា ”ខ្ញុំអត់ចង់បានម្ដង២ទេ គឺចង់បានម្ដង៣” តែម្ដង ដែលការតបវិញបែបនេះ ធ្វើឲ្យនាយក្រឹម ស្ងាត់ឈឹង លែងហ៊ានណែនាំទៀត។ នេះបើតាមជំនួយការរបស់ឱក សុគន្ធកញ្ញា ប្រាប់នៅចុងបញ្ចប់កម្មវិធីមង្គលការរបស់តារាចម្រៀងល្បីរូបនេះ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែឧសភា។

ទោះជាយ៉ាងណា ជំនួយការរបស់សុគន្ធកញ្ញា ថា ដោយសារនាយក្រឹម និងសុគន្ធកញ្ញា រួមទាំងសុខលី មានភាពស្និទ្ធស្នាលគ្នាខ្លាំង ទើបពួកគេនិយាយស៊កឲ្យគ្នាទៅវិញទៅមកបែបនេះ។

គេកត់សម្គាល់ឃើញថា ក្រោយរៀបការហើយភ្លាមៗ ឱក សុគន្ធកញ្ញា លែងញញើតក្នុងការបណ្ដើរប្ដីទៀតហើយ គឺនាងបាននាំលោកសុខលី ទៅចូលរួមកម្មវិធីខួបកំណើតមិត្តភក្ដិ ដោយកៀកកើយគ្នាដូចប្ដីប្រពន្ធតារាផ្សេងៗទៀតដែរ។

យ៉ាងណា ទស្សនិកជនរង់ចាំមើលថា តើសុគន្ធកញ្ញា នឹងហ៊ានពពោះយកកូនម្ដងដល់ទៅ៣ ដូចការអះអាងរបស់នាងតបទៅនាយក្រឹម មែនឬយ៉ាងណា?

ប៉ុន្ដែតាមរយៈភាពមមាញឹកខ្លាំងក្នុងអាជីពសិល្បៈនេះ គេជឿថា សុគន្ធកញ្ញា​នឹងពិចារណាយ៉ាងហ្មត់ចត់ជាមិនខាន មុនពេលដែលនាងពពោះ។

ឱក សុគន្ធកញ្ញា ក្រោយក្លាយទៅជាភរិយារបស់លោកសុខលី មក មិនទាន់កំណត់ពេលវេលាចេញទៅក្រេបចន្ទទឹកឃ្មុំនៅប្រទេសណាទេ ព្រោះនាងមានកម្មវិធីត្រូវច្រៀងដែលបានជាប់កុងត្រារួចមកហើយ។

យ៉ាងណា សុគន្ធកញ្ញា ធ្លាប់នាំប្ដីទៅដើរលេងនៅជប៉ុន, ចិន និងកោះម៉ាល់ឌីវ ជាដើម តាំងពីមុនពួកគេរៀបការម្ល៉េះ។ មង្គលការរបស់សុគន្ធកញ្ញា ក្រៅពីបញ្ចប់ទៅដោយជោគជ័យ គ្មានអ្នកណាហ៊ានអុកឡុកនោះ គេក៏មិនឃើញអតីតសង្សាររបស់នាង លោករ៉េតធី ដូណា មកចូលរួមដែរ ចំណែកតារាមួយចំនួនទៀត ដែលធ្លាប់ពាក់ព័ន្ធស្នេហ៍ជាមួយលោកសុខលី តារាខ្លះមករាំលេងយ៉ាងសប្បាយរីករាយ និងខ្លះទៀតបានដើរលេងក្រៅស្រុក ដោយមិនខ្ចីមកចូលរួមឡើយ បើទោះជាមានលិខិតអញ្ជើញក្ដី។

ប្រភពបានឲ្យដឹងថា សុគន្ធកញ្ញា បានយកឈ្នះអតីតសង្សារប្ដី មិនក្រោម៧នាក់ឡើយ ពេលក្លាយជាប្អូនថ្លៃថៅកែហង្សមាស​ជាផ្លូវការនេះ៕

RELATED ARTICLES