Wednesday, September 17, 2025
Homeតារាខ្មែរកូនកំលោះរបស់សុខ សីឡាលីន ចេញមុខនិយាយរឿងរៀបការ

កូនកំលោះរបស់សុខ សីឡាលីន ចេញមុខនិយាយរឿងរៀបការ

កាលពីរសៀលថ្ងៃទី២១ ខែឧសភា មានការភ្ញាក់ផ្អើលថា តារាចម្រៀងផលិតកម្មរស្មីហង្សមាស សុខ សីឡាលីន បានលួចទៅរៀបការស្ងាត់ៗ ជាមួយបុរសរូបសង្ហា ដែលជាប្អូនប្រុសកញ្ញាពៅ លីដា គឺលោកពៅ ពិសិដ្ឋ។

មង្គលការនោះមានតែតារាសិល្បៈដែលជិតដិតបំផុតប៉ុណ្ណោះដែលចូលរួម ក្នុងនោះ គេឃើញមានឪពុកតារាសម្ដែងលី ច័ន្ទសីហា លោកលី សុខជុន និងអ្នកនាងហេង ស្រីពេជ្រជា ដើម។

ទាំងមជ្ឈដ្ឋានមហាជន និងអ្នកសិល្បៈ បាននិយាយថា សុខ សីឡាលីន ទើបតែរៀបការប្អូនស្រីសុខ ស្រីលក្ខណ៍ សោះ ឥឡូវដល់វេននាងរៀបការម្ដងហើយ ពិតជាសម្រុកគ្នារៀបការ ហើយថ្មីៗនេះ ឱក សុគន្ធកញ្ញា ទើបរៀបការសោះ ពេលនេះ សីឡាលីន មិនឲ្យខាតពេលប្រញាប់រៀបការ កុំឲ្យចាញ់ប្អូនស្រី។

ទោះជាយ៉ាងណា នៅពេលដែលអ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅសួរស្វាមីសុខ សីឡាលីន គឺលោកពៅ ពិសិដ្ឋ បែរជាចម្លើយគួរឲ្យភ្ញាក់ផ្អើលទៅវិញ។

លោកពិសិដ្ឋ និយាយលាយឡំសំណើចថា លោកស្រលាញ់សីឡាលីន មែន តែស្រលាញ់ជាអ្នករួមអាជីពប៉ុណ្ណោះ មិនមែនជាគូស្នេហ៍ទេ។

ប្អូនប្រុសពៅ លីដា អះអាងថា មង្គលការជាមួយសីឡាលីន កាលពីម្សិលមិញនេះ មិនមែនជាការរៀបការពិតប្រាកដទេ គឺគ្រាន់តែជា MV ថ្មី របស់សីឡាលីន ហើយមានលោកសម្ដែងជាតួប្រុស ត្រូវសម្ដែងរៀបការជាមួយតារាហង្សមាស រូបនេះ។

លោកពិសិដ្ឋ ថា បទនោះលោកមិនសូវច្បាស់ចំណងជើងទេ តែដូចជាបទ ”ខ្ញុំមានប្ដីហើយ” ដែលនេះជាលើកទីពីរហើយ ដែលលោកបានចាប់ដៃគូសម្ដែង MV ជាមួយសីឡាលីន ។

តារាសម្ដែងរូបសង្ហាដែលធ្វើឲ្យគេច្រឡំពេញផ្ទៃប្រទេសថា ជាប្ដីសីឡាលីន នោះ ក៏បានឆ្លៀតឱកាសសរសើរអ្នកដឹកនាំសម្ដែងរបស់ផលិតកម្មរស្មីហង្សមាស លោកកៅ សីហា ដែរថា ពិតជាមានភាពប៉ិនប្រសប់ ទោះជាសាច់រឿងសម័យ និងបុរាណ គឺលោករៀបចំបានយ៉ាងទាក់ទាញ ហើយដូចគ្នាពិតៗទៅនឹងទិដ្ឋភាពជាក់សម្ដែង ពិសេស គឺលោកសីហា បានធ្វើឲ្យតារារួមការងារជាមួយលោក តែងតែសប្បាយរីករាយនៅពេលបំពេញការងារជាមួយគ្នាទៀតផង។

លោកកៅ សីហា អតីតចាងហ្វាងទស្សនាវដ្ដី ”អាថ៌កំបាំង” ដែលពេលនេះក្លាយជាអ្នកដឹកនាំសម្ដែងភាពយន្ដ និងខារ៉ាអូខេនៅហង្សមាស បានអះអាងយ៉ាងខ្លីថា រឿងដែលសង្ស័យថា សុខ សីឡាលីន រៀបការជាមួយលោកពៅ ពិសិដ្ឋ នោះ មិនមែនជាការពិតទេ គឺគ្រាន់តែ MV ប៉ុណ្ណោះ។ ប៉ុន្ដែលោកសូមមិនធ្វើអត្ថាធិប្បាយលម្អិតទៅលើបទចម្រៀងនោះទេ គឺទុកឲ្យមហាជនតាមដាន Full MV ដែលនឹងចេញឆាប់ៗនេះហើយ៕

RELATED ARTICLES