តារាចម្រៀងខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ត ដែលបាត់មុខពីឆាកតន្ត្រីអស់១០០ថ្ងៃ ព្រោះជាប់កាន់ទុក្ខប្អូនស្រីខេមរៈ ស្រីពៅ ដែលទទួលមរណភាពកាលពីថ្ងៃទី២៥ ខែឧសភា នោះ ទើបតែវិលត្រឡប់មករកឆាកតន្ត្រីសាជាថ្មីឡើងវិញ កាលពីថ្ងៃទី០៥ ខែឧសភា នេះទេ ដែលសិរីមន្ត បង្កការភ្ញាក់ផ្អើលខ្លាំងដល់អ្នកគាំទ្រ ព្រោះអតីតតារាសាន់ដេ រូបណេះ បានច្រៀងដោះអាវ បញ្ចោញសាច់ដុំធំៗ នាំឱ្យក្រមុំៗជាច្រើនជ្រួលជ្រើម។

ប៉ុន្តែអ្វីដែលកាន់តែធ្វើឱ្យគេចាប់អារម្មណ៍ថែមទៀតនោះ តាមរយៈការបង្ហាញខ្លួនចុងក្រោយនេះ សិរីមន្ត បានយកបទល្បីៗរបស់ខ្លួននៅសាន់ដេ ច្រៀងឡើងវិញ ធ្វើឱ្យក្រុមអ្នកគាំទ្រតារាចម្រៀងល្បីឈ្មោះរូបនេះច្រៀងតាមដោយចាំប៉ារ៉ូលបទទាំងនោះយ៉ាងច្បាស់។

ការលើកយកបទចម្រៀងនៅទ្រនំចាស់ៗ មកពញ្ញាក់ដល់អ្នកទស្សនារបស់ខេមរៈ សិរីមន្ត នៅពេលនេះ ចំពេលដែលមហាជនទូទៅបានលើកឡើងថា សិរីមន្ត តាំងពីចូលហង្សមាស មក ភាពល្បីល្បាញរបស់តារាចម្រៀងរូបនេះ មិនទាន់ខ្លាំងដូចកាលនៅសាន់ដេ ឡើយ។

អ្នកខ្លះនិយាយថា សិរីមន្ត ហាក់បង្ហាញអារម្មណ៍សោកស្តាយចំពោះការចេញពីសាន់ដេ បានជាយកបទចាស់របស់ខ្លួនច្រៀងឡើងវិញបែបនេះ។

ប៉ុន្តែអ្នកគ្រប់គ្រងកម្មវិធីប្រគំតន្ត្រីនៅតាមស្ថានីយទូរទស្សន៍បានបង្ហើបឱ្យដឹងថា ការដែលសិរីមន្ត យកបទល្បីៗនៅផលិតកម្មចាស់ច្រៀងឡើងវិញពេលនេះ ដើម្បីឆ្លើយតបរឿងដែលលេចឮថា ពេលចូលហង្សមាស សិរីមន្ត ត្រូវថៅកែផលិតកម្មហាមដាច់ខាតរឿងច្រៀងបទចាស់ៗឡើងវិញ គឺច្រៀងបានតែបទនៅហង្សមាស។
ប្រភពនោះបន្ថែមថា សិរីមន្ត ចង់បង្ហាញថាលោកមានសេរីភាពក្នុងការច្រៀងបទអីក៏បាន មិនមែននៅក្រោមសម្ពាធរបស់ហង្សមាស ទាំងស្រុងឡើយ។

ខេមរៈ សិរីមន្ត បានចុះកុងត្រាជាមួយហង្សមាស ៥ឆ្នាំ ដែលពេលនេះ សិរីមន្ត បានផ្លាស់ប្តូរបច្ចេកទេសច្រៀងស្ទើរតែទាំងស្រុង គឺច្រៀងលែងសូវស្រែកដូចមុនទៀតហើយ ទើបធ្វើឱ្យបទចម្រៀងខ្លះមិនចាំ Style របស់សិរីមន្ត ទេ ហេតុនេះហើយអាចប្រឈមការធ្លាក់ចុះ។

យ៉ាងណា តារាកូន៣ សិរីមន្ត នៅតែស្ថិតក្នុងលំដាប់តារាជួរមុខដដែល ព្រោះតម្លៃខ្លួនប្រដមប្រសងជាមួយព្រាប សុវត្ថិ ហើយពេលនេះ សិរីមន្ត មិនត្រឹមតែប្តូរស្ទីលច្រៀងទេ តែថែមទាំងប្តូរចិត្តដោយហ៊ានទាំងបណ្តើរភរិយា អ្នកនាងកុយ ផល្លី ជាចំហទៀតផង៕