តារាចម្រៀងឆ័យលី ដាឡែន បានបណ្តើរប្តី និងបីកូនប្រុសម្នាក់តាំងពីភ្នំពេញ រហូតទៅដល់ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បទៅចូលរួមភ្ជាប់ពាក្យប្អូនជីដូនមួយរបស់នាង គឺតារាសម្តែងស៊ីណាវ៉ាត់ត្រា ដែលដាឡែន អះអាងថា បានស្រលាញ់ដូចជាប្អូនបង្កើតអ៊ីចឹង។

មិនត្រឹមតែបង្ហាញពីទឹកចិត្តរាប់អានណាវ៉ាត់ត្រា ធំប៉ុនមហាមេឃ ដោយធ្វើដំណើរដល់ទៅ២៩១គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៥ ដើម្បីទៅជូនពរប្អូនជីដូនមួយដោយផ្ទាល់នោះទេ តែអ្នកនាងដាឡែន ថែមទាំងយកក្រុមតន្ត្រីដារារដ្ឋរបស់ម្តាយនាង ប្រចាំខេត្តបាត់ដំបង ដោយនាំអ្នកចម្រៀងស្រីប្រុសរាំឡើងចង់បាក់ឆាកទៀតផង ធ្វើឱ្យផ្អើលអ្នករស់នៅជុំវិញនោះតែម្តង។

ឆ័យលី ដាឡែន បានឱ្យដឹងថា “លោកស៊ីណាវ៉ាត់ត្រា ហ្នឹងជាប្អូនជីដូនមួយរបស់ខ្ញុំ តែខ្ញុំរាប់អានគាត់ដូចប្អូនបង្កើតអីចឹងបានជាធ្វើដំណើរពីភ្នំពេញ ដោយលំបាក ព្រោះទោះជាជិះឡានបុកគោក៏ដោយ តែនៅតែមកមុខទៀត។ ខ្ញុំមកនេះច្រៀងជូនពរដល់ណាវ៉ាត់ត្រា ដែលបានភ្ជាប់ពាក្យជាមួយគូអនាគតរបស់គាត់ តែសូមឱ្យពួកគេរៀបការឆាប់ៗនេះទៅ កុំទុកយូរអី”។

ឆ័យលី ដាឡែន បានឡើងច្រៀងបទ “ភ័ព្វសំណាង”ហើយតម្រូវឱ្យលោកណាវ៉ាត់ត្រា រាំឱបគូដណ្តឹងអ្នកនាងសឿន ស្រីវីន បន្ទាប់ពីពួកគេបានស្វែងយល់ចិត្តគ្នាជាច្រើនឆ្នាំ និងឈានមកភ្ជាប់ពាក្យជាផ្លូវការកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នេះ។

លោកណាវ៉ាត់ត្រា បានអះអាងថា ក្រោយពីភ្ជាប់ពាក្យរួចហើយ លោកមិនទាន់កំណត់ពេលវេលារៀបការជាក់លាក់ទេ តែលោកនៅតែបន្តការងារសិល្បៈថតសម្តែងដូចមុនអីចឹង ខណៈដែលអនាគតភរិយារបស់លោកជាអ្នករកស៊ី ហើយចូលចិត្តសិល្បៈដូចលោកដែរ។

ក្រៅពីឆ័យលី ដាឡែន តារាដែលបានទៅអបអរតារាសម្តែង ស៊ីណាវ៉ាត់ត្រា ភ្ជាប់ពាក្យនោះ មានដូចជាលោកហង្ស សុវណ្ណារិទ្ធ, សិរីសុវណ្ណ និងស្រីស្អាត ឃុន ច័ន្ទមូណា ជាដើម ដែលពួកគេបានរាំផ្អើលពេញភូមិអូរដាលើ”