ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលដែលកំពុងជិះល្បាតមកទាន់ ចាប់ឃាត់ខ្លួន យកទៅចាត់ការតាមច្បាប់ បន្ទាប់ពីជននេះ និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពស្ទាក់វាយក្មេងជាកម្មករសំណង់ ប្លន់យកម៉ូតូទៅបាត់។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅតាមផ្លូវវេងស្រេង ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

មន្ត្រីនគរបាល បានឱ្យដឹងថា ជនសង្ស័យឈ្មោះចាន់ ផានិត ហៅឃ្និត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងខារ៉ាអូខេ ស្នាក់នៅផ្ទះជួលផ្លូវលំ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានផ្ទុក សារធាតុញៀន។ ចំណែកជនរងគ្រោះ នៅ សុខហួរ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបាន ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ លេខតួលេខម៉ាស៊ីន៨៨៤៩៣៣ ពាក់ស្លាកលេខភ្នំពេញ 1CT-2406 និងទូរស័ព្ទដៃចាស់ ១គ្រឿង ជារបស់ជនសង្ស័យ។ ដោយឡែក សម្ភារៈជនរងគ្រោះដែលបាត់បង់ ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ លេខតួលេខម៉ាស៊ីន ៩៧៥២១៧៥ ពាក់ស្លាកលេខភ្នំពេញ 1GI-3919 និងទូរស័ព្ទដៃ១គ្រឿង ម៉ាក OPPO ស៊ីមកាតលេខ ០៨១-៥១៣៧៨៧។

មន្ត្រីនគរបាលបានឱ្យដឹងទៀតថា កាលពីវេលាម៉ោងកើតហេតុ ជនរងគ្រោះបានចេញពីធ្វើការសំណង់ នៅសង្កាត់បឹងកក់១ ត្រឡប់ទៅផ្ទះវិញ លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ខាងលើ បានជិះម៉ូតូមកក្បែរ ហើយជនសង្ស័យឈ្មោះចិន ដោះមួកសុវត្ថិភាពគប់ទៅលើជនរងគ្រោះ ធ្វើឱ្យជនរងគ្រោះភ័យពេក បានផ្តួលម៉ូតូចោល ស្រាប់តែជនសង្ស័យម្នាក់ ឈ្មោះចាន់ ផានិត ស្ទុះទៅចាប់វាយជនរងគ្រោះត្រូវចំផ្ទៃមុខជាច្រើនដៃ ហើយជនសង្ស័យម្នាក់ទៀត ឈ្មោះចិន បានលើកយកម៉ូតូជនរងគ្រោះ ជិះគេចខ្លួនបាត់ភ្លាមៗនោះ។ ស្របពេលនោះដែរ ក៏មានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ចុល្បាតមកដល់កន្លែងកើតហេតុ បានប្រដេញចាប់ខ្លួនជនសង្ស័យឈ្មោះចាន់ ផានិត និងម៉ូតូ បានភ្លាមៗ រួចនាំមកប៉ុស្តិ៍ប៉ូលិស។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ ផានិត ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌស្ទឹងមានជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕