ក្នុងចំណោមតារាចម្រៀងស្រីលំដាប់ជួរមុខគេ ឃើញមានតែពេជ្រ សោភា ម្នាក់ទេ ដែលជួយជ្រោមជ្រែងតារាប្រុសវ័យក្មេងដល់ទៅ៣នាក់ ឱ្យបានល្បីសាយភាយឈ្មោះក្នុងពេលតែមួយ ឱ្យបានសម្រេចដូចបំណង។

ប្រុសក្មេងទាំងនោះ គ្មានអ្នកណាក្រៅពីងួន ចាន់ដេវីត, ឆឹម សក្កដា និងសុខ វិបុល ហៅ Step នោះឡើយ។ ប៉ុន្តែក្នុងចំណោមប្រុសទាំង៣រូបខាងលើនេះ មានតែម្ចាស់បទ “រាំញីកែងជើង” ងួន ចាន់ដេវីត ម្នាក់ប៉ុណ្ណោះ ដែលពេលបានល្បីហើយ មើលមុខគ្នាលែងចំជាមួយពេជ្រ សោភា ហើយអ្វីដែលដេវីត ធ្វើឱ្យសោភា និយាយលែងចេញ គឺអតីតតារាហង្សមាស រូបនេះ បានងាកទៅភ្ជាប់ស្នេហ៍ជាមួយនាងទេព បូព្រឹក្ស ដែលមិនត្រូវគ្នាទាល់តែសោះជាមួយពេជ្រ សោភា ។

មនុស្សទាំងឡាយបានចាត់ទុកថា ពេជ្រ សោភា ត្រូវងួន ចាន់ដេវីត បំបាក់នៅនឹងមុខស្រស់តែម្តង ខណៈដែលកន្លងមក អ្នកលេងបណ្តាញសង្គមមួយចំនួនដែលជា Fan របស់ពេជ្រ សោភា ចោទដេវីត ថា ជាក្រពើ ឬពស់វែកទៀតផង។ ប៉ុន្តែ ពេជ្រ សោភា វិញ ធ្លាប់បញ្ជាក់ថា នាងមិនដែលតាំងខ្លួនថា ជាអ្នកមានគុណជួយតារាទាំង៣នោះទេ គឺពួកគេមានសម្ថភាពដោយខ្លួនឯង ហើយអ្វីៗទុកឱ្យមហាជនជាអ្នកវាយតម្លៃទៅចុះ។

ពេជ្រ សោភា មិនសូវសមប្រកបរឿងស្នេហាឡើយ ព្រោះធ្លាប់ប្រេះឆាគូស្នេហ៍ជាច្រើនលើកច្រើនសា។ ប៉ុន្តែអ្វីដែលមហាជនទទួលស្គាល់នោះ គឺសោភា នៅតែអាចឈរជើងក្នុងសិល្បៈបានជាបន្តទៅទៀត ដោយស្ថិតក្នុងចំណោមតារាលំដាប់ជួរមុខទៀតផង ទើបធ្វើឱ្យសោភា រកប្រាក់ចំណូលបានជាច្រើនម៉ឺនដុល្លារ ក្នុង១ឆ្នាំៗ ទៅលើការច្រៀងសម្តែង និងស្ពតពាណិជ្ជកម្ម។

ថ្មីៗនេះដែរ គេឃើញពេជ្រ សោភា ទើបទិញរថយន្ត Porsche ពណ៌ស ដ៏ថ្មីសន្លាង១គ្រឿងថែមទៀត បន្ថែមពីលើរថយន្ត១គ្រឿងទៀត ដែលមានស្រាប់ គឺ Range Rover ពណ៌ខ្មៅ។

ពេជ្រ សោភា ក៏ធ្លាប់បង្ហើបឱ្យដឹងដែរថា នាងបានទិញផ្ទះវីឡាមួយនៅបុរីប៉េង ហួត ក្បែរផ្សារប៉េសេ តែនាងបានស្នើសុំកុំឱ្យមានការចុះផ្សាយទាំងរថយន្ត និងផ្ទះ ព្រោះសំអាងថា នាងមិនចង់អួតអាងឡើយ។

រឿងដែលគួរឱ្យចាប់អារម្មណ៍ថែមទៀតនោះ ពេជ្រ សោភា អះអាងថា នាងមិនដែលយកស្នេហាជាធំទេ ហើយការរស់នៅជួបជុំគ្រួសារនាងមានសេចក្តីសុខជាងការរស់នៅជាមួយគូស្នេហ៍តែពីរនាក់ទៀតផង។ ប៉ុន្តែការអះអាងរបស់ពេជ្រ សោភា នេះ អាចមិនមែនជាការពិតទាំងស្រុងឡើយ ខណៈដែលកន្លងមកធ្លាប់លេចឮថា សោភា ត្រូវបានសង្សាររៀបការចោល តែសោភា ថា បើអ្នកណាដឹងថា សង្សារនាងមួយណារៀបការចោលនោះ សូមឱ្យបង្ហាញមុខសង្សារនោះឱ្យនាងបានស្គាល់ផង។

តាមរយៈការប៉ះរឿងស្នេហាមិនសមប្រកបនេះ ពេជ្រ សោភា បានតាំងចិត្តថា នាងមិនភ្ជាប់ស្នេហ៍ជាមួយប្រសអាណិកជនខ្មែរនៅក្រៅប្រទេសទៀតឡើយ គឺសុខចិត្តជ្រើសស្នេហ៍ “ជួញជិតប្រសើរជាងជួញឆ្ងាយ”។ ដោយឡែក រឿងនាងត្រូវបានគេចាត់ទុកថា ជាតារាជួយអន្តរាគមន៍ឱ្យតារាប្រុសក្មេងល្បីច្រើនជាងគេនោះ សោភា ថា ការចាប់ដៃគូជាមួយ Step និង ឆឹម សក្កដា កន្លងមក នាងមិនខុសបំណងទេ ព្រោះអ្នកទាំង២មានសមត្ថភាពល្អ មិនមែនពួកគេល្បីដោយសារនាងទេ៕