យូរី ដែលមានសង្សារថ្មីជាប្រុសក្មេងរូបសង្ហា លោកប៊ីម៉ូ នោះ ស្រាប់តែពេលនេះចេញមុខមកអះអាងថា ប៊ីម៉ូ មិនមែនជាគូស្នេហ៍របស់នាងឡើយ ហើយនាងក៏គ្មានគម្រោងរៀបការជាមួយដៃគូចម្រៀងម្នាក់នេះដែរ។
វាចារបស់យូរី នៅពេលនេះធ្វើឱ្យមានការសង្ស័យថា ចំណងស្នេហ៍របស់យូរី ឈានដល់ការរង្គោះរង្គើ ហើយនាងមានជម្រើសស្នេហ៍ថ្មី…។

យូរី បានអះអាងប្រាប់អ្នកយកព័ត៌មានយើង កាលពីពេលថ្មីៗនេះថា ទំនាក់ទំនងរបស់នាងជាមួយប្រុសក្មេងរូបសង្ហា ប៊ីម៉ូ មិនមែនជាគូសង្សារទេ គឺគ្រាន់តែជាដៃគូចម្រៀងធម្មតាប៉ុណ្ណោះ ហើយគម្រោងដឹកដៃប៊ីម៉ូ ចូលរោងការ គឺមិនអាចកើតមានជាដាច់ខាត។
ការថ្លែងរបស់តារាលេងក្បាច់រាំ យូរី នៅពេលនេះ ក្រោយពីនាងបានឡើងឆាកតន្ត្រីច្រៀង សម្តែង ដោយគ្មានដៃគូប៊ីម៉ូ ដូចមុនទៀតឡើយ។

យូរី បានប្រាប់អ្នកយកព័ត៌មានយើងថា “អត់ទេបង! ខ្ញុំគ្មានគម្រោងរៀបការអីជាមួយប៊ីម៉ូ ទេ គឺមិនអាចកើតឡើងពិធីនោះទេ។ ខ្ញុំនិងប៊ីម៉ូ គ្រាន់តែជាដៃគូចម្រៀងធម្មតាទេ មិនមែនជាសង្សារឯណា? កន្លងមក គេចេះតែផ្គូផ្គងពួកយើងថា ជាសង្សារអី ខ្ញុំមិនមាត់ទេ ធ្វើម៉េចបើអ៊ីចឹងទៅហើយ។ នេះមិនមែនជាលើកទីមួយទេ ព្រោះកាលពីឆ្នាំមុន គេថា ខ្ញុំនិងអាន គុណកូឡា ជាសង្សារគ្នាដែរ ប៉ុន្តែតាមពិត ពួកយើងគ្រាន់តែជាមិត្តរួមអាជីពសោះ។ ឥឡូវដូចគ្នាទៀតថា ខ្ញុំនិងប៊ីម៉ូ សង្សារ តែឥឡូវខ្ញុំសូមមកបញ្ជាក់ថា ខ្ញុំនិងគាត់មិនបានស្រលាញ់គ្នាជាសង្សារទេ”។
នេះជារឿងចម្លែកមួយរបស់យូរី ព្រោះកន្លងមក ទាំងនៅក្នុងនិងក្រៅសិល្បៈ សុទ្ធតែចាត់ទុកថា នាងជាសង្សាររបស់ប៊ីម៉ូ ប៉ុន្តែឥឡូវនាងថា មិនដឹង ហើយថែមទាំងច្រៀងម្នាក់ឯង លែងចាប់ដៃមួយប្រុសក្មេងនេះទៀតផង ទើបធ្វើឱ្យគេសង្ស័យថា គូស្នេហ៍យុវវ័យមួយគូនេះ ចាប់ផ្តើមលែងចុះសម្រុងគ្នាដូចមុនទៀតហើយ។

យូរី បន្ថែមថា “ខ្ញុំមិនបានចាប់ដៃជាមួយប៊ីម៉ូ ព្រោះពេលខ្លះ គាត់រវល់ការងារគាត់រឿងដីធ្លីនៅកំពង់សោម ប៉ុន្តែបើមានពេល យើងនៅតែចាប់ដៃគ្នាដូចមុនតើ! ប៊ីម៉ូ នៅរៀនវិស្វករ ហើយខ្ញុំហៅគាត់មកលេងសិល្ប³អ៊ីចឹង គាត់មិនមែនយកសិល្បៈជាជំហានទី1ទេ គឺគាត់នឹងធ្វើការតាមជំនាញរបស់គាត់។ សម្រាប់ខ្ញុំមិនមែនចង់លាក់លៀមអីទេ ប៉ុន្តែខ្ញុំនិងគាត់ គ្រាន់តែជាដៃគូច្រៀងហ្នឹង អ៊ីចឹងមានគម្រោងរៀបការជាមួយគ្នាមកពីណាទៅ?”។
ថ្វីត្បិតតែយូរី ទើបតែចេញមុខប្រកែករឿងស្នេហ៍ប៊ីម៉ូ មែន ប៉ុន្តែកន្លងមក អតីតសង្សាររបស់នាង លោករ៉េត ស្ទើរតែក្អួតឈាមទាំងដុំៗទៅហើយ នៅពេលដែលស្តាយស្នេហ៍ស្រីស្អាតរូបនេះខ្លាំងពេក ដែលធ្លាប់កម្សត់កម្រជាមួយគ្នាជាច្រើនឆ្នាំ តែយូរី ទៅផ្សារភ្ជាប់ស្នេហ៍ប៊ីម៉ូ ទើបដើម្បីបំភ្លេចស្នេហ៍ឈឺចាប់នេះបាន អតីតអ្នកដឹកនាំសម្តែងសាន់ដេ នោះ បានរត់ទៅការប្រពន្ធថ្មីចោលយូរី បាត់ទៅហើយ។

មានការលើកឡើងថា ការទាត់ចោលស្នេហ៍ប៊ីម៉ូ របស់ស្រីស្រស់យូរី នៅពេលនេះ អាចដោយសារនាងមានជម្រើសស្នេហ៍ថ្មី ជាប្រុសដែលល្អ និងមានទ្រព្យ ច្រើនជាងប៊ីម៉ូ។
តារាចម្រៀងសាន់ដេ រូបនេះ ថ្លែងទៀតថា “មិនពាក់ព័ន្ធរឿងមានជម្រើសផ្សេងហ្នុងទេ គឺមកពីខ្ញុំនិងប៊ីម៉ូ មិនមានស្នេហាជាមួយគ្នាមែន។ និយាយទៅ រឿងស្នេហារៀបការអីហ្នឹង ខ្ញុំដូចជាមិនទាន់បានគិតដល់សោះ ឥឡូវហ្នឹង អាចនិយាយបានថា ត្រូវការពេលវេលាច្រើនឆ្នាំបន្ថែមទៀត ព្រោះអីឥឡូវមើលមិនទាន់ឃើញ”។

ទោះជាយូរី ព្យាយាមប្រកែកស្នេហ៍ប៊ីម៉ូ ក្តី ប៉ុន្តែគេនៅតែឃើញស្រីស្រស់ប្រុសសង្ហាមួយគូនេះ នៅតែស្អិតល្មួតគ្នាដដែល ដូចជាពេលទៅតាមខេត្ត ពួកគេ ជិះរថយន្តតែពីរនាក់ជាមួយគ្នាដូចប្តីប្រពន្ធអ៊ីចឹង។
ប៊ីម៉ូ ធ្លាប់បានប្រាប់អ្នកយកព័ត៌មានយើងថា លោកមិនទាន់បានភ្ជាប់ពាក្យជាមួយយូរី ទេ តែអាចមើលចិត្តថ្លើមគ្នា នឹងរៀបការតែម្តង។ ប៉ុន្តែពេលនេះ យូរី បែរជាថា មិនស្នេហាប្រុសក្មេងប៊ីម៉ូ ទៅវិញ?៕