Wednesday, September 17, 2025
Homeតារាខ្មែរពេជ្រ សូលីកា មានឱកាសច្រៀងនៅហង្សមាស លើកទី២

ពេជ្រ សូលីកា មានឱកាសច្រៀងនៅហង្សមាស លើកទី២

បន្ទាប់ពីផ្ដល់តំណែងជាតួឯក ឲ្យក្នុងរឿង ”អាពាហ៍ពិពាហ៍ចៃដន្យ” ដោយចាប់ដៃជាមួយនីកូ មក ពេលនេះ ពេជ្រ សូលីកា ដែលធ្លាប់មានរឿងចម្រូងចម្រាសជាមួយហង្សមាស កាលពីឆ្នាំមុន រហូតបទចម្រៀងរបស់នាងថតហើយ ត្រូវផ្អឹបចោលមិនចេញនៅលើទីផ្សារ ក្នុងអាល់ប៊ុមដែលនាងចាប់ដៃជា​      មួយឆន សុវណ្ណារាជ នោះ នៅទីបំផុត ពេលនេះ ហង្សមាស ព្រមទទួលស្រីស្អាតរូបនេះឲ្យចូលរួមធ្វើជាសមាជិក ជាលើកទី២ម្ដងទៀតហើយ។

ការព្រមឲ្យពេជ្រ សូលីកា ចូលហង្សមាស ម្ដងទៀត នាពេលនេះ ក្រោយពេលថៅកែផលិតកម្មហង្សមាស បានពិនិត្យមើលសូលីកា យ៉ាងយកចិត្តទុកដាក់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ អំឡុងពេលដែលនាងថតភាពយន្ដឲ្យផលិតកម្មនេះហើយ ដោយសារតែសូលីកា មកថតរឿងតាមការកំណត់ ព្រមទាំងមានសមត្ថភាពល្អនោះ ចុងក្រោយ ថៅកែហង្សមាស ក៏ព្រមទទួលយកសូលីកា ដោយមិនខ្លាចជួបរឿងដូចលើកមុនឡើយ។

ពេជ្រ សូលីកា ប្រកាសនៅលើផេករបស់ផលិតកម្មហង្សមាស ថា នាងជាតារាចម្រៀងថ្មីរបស់ផលិតកម្មមួយនេះ ជាផ្លូវការហើយ និងសូមឲ្យ Fan របស់នាងតាមដានសកម្មភាពរបស់នាងនៅហង្សមាស ផង។

អ្នកជំនាញសិល្បៈបានលើកឡើងថា ការមកដល់ហង្សមាស របស់ពេជ្រ សូលីកា​នៅពេលនេះ ធ្វើឲ្យប៉ះពាល់លើទីផ្សារតារាចម្រៀងរបស់ហង្សមាស ជាងគេ គឺទេព បូព្រឹក្ស​ព្រោះទាំងសំឡេង និងរូបសម្រស់​សូលីកា មានចំណុចទាក់ទាញល្អជាងបូព្រឹក្ស ពិសេស គឺការចាប់ដៃជាមួយនីកូ ធ្វើឲ្យទេព បូព្រឹក្ស កាន់តែពិបាកទប់ទល់ថែមទៀត នៅពេលដែលនាងបាត់ដៃស្នេហារបស់នាង គឺងួន ចាន់ដេវីត បានដើរចេញពីហង្សមាស នេះ។

ទោះជាយ៉ាងណា តារាដែលជិតស្និទ្ធពេជ្រ សូលីកា នៅតែបង្ហាញអារម្មណ៍ហាក់ស្ទាក់ស្ទើរចំពោះការវិលត្រឡប់មកច្រៀងនៅហង្សមាស សាជាថ្មីនេះ ដោយពួកគេសំអាងថា សូលីកា វិលមកចូលសិល្បៈជាថ្មីនេះ គ្រាន់តែកែអផ្សុកប៉ុណ្ណោះ ហើយនៅពេលដែលនាងធុញទ្រាន់ អាចនឹងលេងបិទពួនដាក់ហង្សមាស ជាលើកទី២ជាមិនខានឡើយ។

គួរបញ្ជាក់ថា ពេជ្រ សូលីកា បានធ្លាប់បានចុះកុងត្រាជាមួយហង្សមាស កាលពីឆ្នាំមុនម្ដងរួចទៅហើយ តែពេលនោះ នាងបែរជាទៅកុងត្រាជាមួយផលិតកម្ម Rock ជាន់គ្នា​ធ្វើឲ្យលោកថៅកែហង្សមាស មិនពេញចិត្តក៏សម្រេចចិត្តផ្អាកបទចម្រៀងនាង ដែលថតរួចមិនឲ្យចេញរហូតមកដល់ពេលនេះ​ប៉ុន្ដែមិនបានប្ដឹងតារារូបនេះឡើយ។

អំឡុងពេលដែលមានរឿងចម្រូងសម្រាសជាមួយហង្សមាស រាងស្ងប់ស្ងាត់បន្ដិច ពេជ្រ សូលីកា​ក៏ទៅសម្ងំច្រៀងនៅផលិតកម្ម M ដោយចាប់ដៃជាមួយនីកូ នាំឲ្យយុវវ័យមួយចំនួនចាប់អារម្មណ៍។

តាមរយៈរូបសម្រស់គួរឲ្យក្នាញ់នោះ ពេជ្រ សូលីកា ត្រូវបានមន្ត្រីធំផ្កាយ២ម្នាក់ រាយអន្ទាក់ស្នេហ៍ ដោយបោះទុនទិញផ្ទះវីឡាតម្លៃជាង១លានដុល្លារ នៅវិទ្យាល័យឥន្ទ្រទេវី ព្រមទាំងទិញ Lexus LS 460 ពណ៌ទឹកសមុទ្រ តម្លៃ១១ម៉ឺនដុល្លារ និងឲ្យអង្គរក្សរតាមការពារនាងឆ្វេងស្ដាំទៀតផង ទើបធ្វើឲ្យសូលីកា បាត់ខ្លួនពីសិល្បៈជាង៥ឆ្នាំ ដោយមានព័ត៌មានថា នាងបានជាប់ទ្រុងស្នេហ៍របស់មន្រ្ដីធំនោះ។ ប៉ុន្តែនៅឆ្នាំ២០១៨ សូលីកា បានវិលមករកអាជីពចាស់ ដោយថតភាពយន្ដនៅហង្សមាស និងពេលនេះត្រូវបានលោកថៅកែហង្សមាស ផ្ដល់សិទ្ធិឲ្យនាងក្លាយជាតារាចម្រៀងរបស់ផលិតកម្មនេះម្ដងទៀត ខណៈដែលសូលីកា ត្រូវបានគូស្នេហ៍ដោះលែងឲ្យមានសេរីភាព ហើយពេលនេះ​នាងនៅតែហ៊ឺហាដល់កំពូល ជិះរថយន្ដទំនើប Porsche ពណ៌ខ្មៅ តម្លៃជាង២០ម៉ឺនដុល្លារ៕

RELATED ARTICLES