ភ្នំពេញ ៖ បន្ទាប់ពីបំបែកសំបុកគ្រឿងញៀន ក្នុងក្លឹបរាត្រីលុច្សសារី ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ សមត្ថកិច្ចទើបនឹងបញ្ចប់ការសាកសួរ និងធ្វើតេស្ត ជាលទ្ធផលបង្ហាញថា ក្នុងចំណោមមនុស្សទាំង៤០៨នាក់ ដែលត្រូវបានឃាត់ខ្លួននៅក្នុងក្លឹបលុច្សសារី មានមនុស្ស៩៣នាក់ មានសារធាតុញៀន។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងចំណោមអ្នកមានសារធាតុញៀន៩៣នាក់ មានស្រី២៤នាក់ ក្នុងនោះ ជនជាតិខ្មែរ មានចំនួន៦២នាក់។ ចំណែកជនជាតិបរទេស មានចំនួន៣១នាក់ (ស្រី១៤នាក់) រួមមាន ជនជាតិវៀតណាម ១៤នាក់ ជនជាតិចិន ១៤នាក់ ជនជាតិសឹង្ហបុរីម្នាក់ និងជនជាតិម៉ាឡេស៊ី ២នាក់។

មន្ត្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា សម្រាប់អ្នកដែលរកឃើញសារធាតុញៀនក្នុងខ្លួន សម្រាប់ជនជាតិខ្មែរ ទាំង៦២នាក់ ត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលឱកាសខ្ញុំ ដើម្បីធ្វើការបន្សាបគ្រឿងញៀន ខណៈជនបរទេស៣១នាក់ នឹងសុំគោលការណ៍ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់បញ្ជូនទៅប្រទេសកំណើតវិញ។

មន្ត្រីនគរបាលរូបនេះ បានឱ្យដឹងទៀតថា សម្រាប់គ្រឿងញៀនវិញ សមត្ថកិច្ចរឹបអូសបានតែ១៦២,៧ក្រាមប៉ុណ្ណោះ បូករួមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅពេលនេះ លោកកំពុងសុំដីកាពីតុលាការ ដើម្បីតាមចាប់ខ្លួនម្ចាស់ក្លឹបកម្សាន្ត “លុច្សសារី” ដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនៅយប់ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០១៩ ពាក់ព័ន្ធករណីគ្រឿងញៀន ដោយឃាត់ខ្លួនបានមនុស្សជាង៤០០នាក់។

គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញបានចុះបើកប្រតិបត្តិការទាំងកណ្តាលរាត្រី ធ្វើការឆែកឆេរទីតាំងក្លឹបកម្សាន្ត យីហោ លុច្សសារីក្លឹប (LUXURIOUS) ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ដោយរកឃើញថ្នាំញៀនមួយចំនួន ព្រមទាំងមានការឃាត់ខ្លួនអ្នកចូលលេងកម្សាន្តក្នុងក្លឹប ប្រមាណជាង៤០០នាក់ទៀតផង។

ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្តលុច្សសារី ទាំងកណ្តាលអធ្រាត្រនេះ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានដឹកនាំកម្លាំងនគរបាលចម្រុះរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានទាំងព្រហ្មទណ្ឌកម្រិតស្រាល និងកម្រិតធ្ងន់ រួមទាំងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ទៀតផង។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីបានជាង៤០០នាក់ ដែលសុទ្ធសឹងជាអ្នកប្រើប្រាស់ និងជួញដូរថ្នាំញៀន។
ក្រោយការឆែកឆេរ កម្លាំងសមត្ថកិច្ចបានដឹកអ្នកពាក់ព័ន្ធដែលត្រូវបានឃាត់ខ្លួនតាមរថយន្តក្រុង ចំនួន៤គ្រឿង និងរថយន្តប្រភេទទ្រុង ចំនួន២គ្រឿងទៀត ដោយបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការសាកសួរ ស្រាវជ្រាវ និងមានការធ្វើតេស្តទឹកនោម ដើម្បីចាត់ការតាមច្បាប់ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩។ ចំណែកទីតាំងក្លឹបលុច្សសារី ក៏ត្រូវបិទទ្វារជាបណ្តោះអាសន្នផងដែរ ខណៈពួកគេទាំងនេះ សុទ្ធតែជាប្រើប្រាស់និងជួញដូរគ្រឿងញៀន ហើយរួមទាំងបុគ្គលិកក្នុងក្លឹបតែម្តង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ទីតាំងក្លឹបកម្សាន្តលុច្សសារីនេះ គឺជាសំបុកប្រើប្រាស់ និងជួញដូរថ្នាំគ្រវីក្បាល។ ក្នុងក្លឹបលុច្សសារីនេះ គឺមាន២ជាន់ ហើយមួយបន្ទប់ៗ គឺដាក់មនុស្សបានរហូតទៅដល់ជាង៤០នាក់ឯណោះ។
សូមបញ្ជាក់ថា ក្លឹបកម្សាន្តលុច្សសារី ជាក្លឹបកម្សាន្តមួយក្នុងចំណោមក្លឹបកម្សាន្តជាច្រើននៅក្នុងរាជធានីភ្នំពេញ ហើយក៏ជាក្លឹបរាត្រីដ៏ធំទី២ ដែលត្រូវបានបិទ ក្រោយពីសមត្ថកិច្ចបានចូលឆែកឆេររកឃើញមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ខណៈដែលក្លឹបរាត្រីដ៏ធំទី១ គឺ មជ្ឈមណ្ឌលកម្សាន្តរ៉ក់ (Rock) របស់លោកឧកញ៉ា គិត ធាង ដែលមានទីតាំងនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានបង្ក្រាប កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ។ ចំណែកលោកឧកញ៉ា គិត ធាង ជាម្ចាស់ទីតាំងកំពុងជាប់ឃុំខ្លួននៅឡើយ។

សូមបញ្ជាក់ថា ប្រតិបត្តិការចុះឆែកឆេរ ក្លឹបកម្សាន្តលុច្សសារី បានធ្វើឡើង បន្ទាប់ពីមានករណីបុរសជាមន្ត្រីយោធាម្នាក់ចូលទៅលេងក្នុងក្លឹបនេះ ហើយមានការផ្ទុះអាវុធ បណ្តាលឱ្យនារីម្នាក់ដែលជាអតីតសង្សាររបស់ខ្លួនរងរបួសភ្លៅ កាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ៕