បាត់ដំបង៖ ជនសង្ស័យម្នាក់ទៀត ដែលបានធ្វើសកម្មភាពប្លន់សម្លាប់យុវជនម្នាក់យកទ្រព្យសម្បត្តិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន នៅខេត្តកំពង់ធំ ដោយមានការសហការរវាងកម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង និងកម្លាំងសមតកិច្ចខេត្តកំពង់ធំ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ជាជនទី៣ មានឈ្មោះយួម យឿត ភេទប្រុស អាយុ៣៣ឆ្នាំរស់នៅភូមិរការឈ្មោល ឃុំគារស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង តាមចាប់ខ្លួនរហូតដល់ស្រុកសន្ទុក ខេត្តកំពង់ធំ។

បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកគី ប៊ុណ្ណរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងក្នុងផែនជំនាញរួមគ្នាមួយកម្លាំងនគរបាលនៃអធិការនគរបាលស្រុកមោងឫស្សី ដែលមានលោកវរសេនីយ៍ត្រី ស គឹមឡុង ជាអធិការនគរបាលស្រុក សហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងសមត្ថកិច្ចនគរបាលខេត្តកំពង់ធំ តាមចាប់ខ្លួនជនសង្ស័យម្នាក់ទៀត នៅស្រុកសន្ទុកខេត្តកំពង់ធំ កាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០១៩ ដែលពាក់ព័ន្ឋក្នុងករណីសម្លាប់មិត្តភក្តិក្នុងពេលផឹកស៊ី រួចបានប្លន់យកម៉ូតូ និងទូរស័ព្ទដៃ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កន្លងទៅ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង បានចាប់ខ្លួនជនសង្ស័យ២នាក់ ដែលបានបបួលយុវជនម្នាក់មកផឹកសុី ហើយវាយប្លន់យកទ្រព្យសម្បត្តិ ហលយបានពួកគេបានរត់ទៅសំងំលាក់ខ្លួនក្នុងភូមិសាស្រ្តស្រុកគាស់ក្រឡ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
ជនសង្ស័យទាំង២នាក់ ទី១. មានឈ្មោះ ណែត សុបិន្ត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិរកាឈ្មោល ឃុំគារស្រុកមោងឫស្សី ខេត្តបាត់ដំបង និងទី២. មានឈ្មោះ ឯក ស៊ីណាត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះ មានឈ្មោះ ម៉ិល សុខុម ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិប្រឡាយស្តៅ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មុខរបរមិនពិតប្រាដក។

បន្ទាប់ពីចាប់ខ្លួន ជនសង្ស័យបានសារភាពមុខសមត្ថកិច្ចថា ពួកគេពិតជាបានសម្លាប់មិត្តជនរងគ្រោះឈ្មោះ ម៉ិល សុខុម ដែលជាមិត្តភក្តិ កាលពីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩។ ខណៈដែលពួកគេបានបបួលជនរងគ្រោះមកផឹកស៊ី ហើយបានប្លន់យកទ្រព្យសម្បត្តិជនរងគ្រោះពិតប្រាកដមែន។ ដោយប្រើប្រាស់ញញួរ និងដែកវាយក្បាលសម្លាប់ រួចនាំគ្នាសែងទម្លាក់ចូលទឹកស្រះទឹកកន្លែងកើតហេតុ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង២ សមត្ថកិច្ចបានដកហូតម៉ូតូ០១គ្រឿង ដែលជារបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ទូរស័ព្ទដៃម៉ាកសាំស៊ុង ចំនួន០២គ្រឿង បន្ទះស្លាកលេខម៉ូតូចំនួន០១ មានលេខបាត់ដំបង 1X-1539 ព្រមទាំងញញួរ ដែក និងកាំបិតផង។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ សាកសពបុរសម្នាក់ត្រូបវបានគេប្រទះឃើញ ស្ថិតក្នុងសភាពអាក្រាតល្វែងក្រោម (ស្លៀកតែខោ លីអូ) មានស្លាកស្នាមកាំបិតចាក់ត្រង់បំពង់កផង និងមានស្នាមរឹតកផង នៅមាត់ស្រះទឹកមួយកន្លែង សង្ស័យជាអំពើឃាតកម្មចាក់ប្រហារ និងរឹតកសម្លាប់នៅកន្លែងផ្សេង រួចដឹកមកប្លុងចោលក្នុងស្រះទឹករបស់ឈ្មោះឈន ស៊ីណន ភេទប្រុស អាយុ៦២ឆ្នាំ នៅចំណុចព្រៃពពេល ស្ថិតក្នុងភូមិ រកាឈ្មោល ឃុំគារ ស្រុកមោងប្ញស្សី។

សាកសពជនរងគ្រោះខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណ៣០ឆ្នាំ ពាក់អាវយឺត និងស្លៀកខោលីអូ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានអ្នកភូមិម្នាក់ ឈ្មោះធុច វុធ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានដេញគោចេញពីផ្ទះ ទៅវាលស្រែខាងត្បួងផ្ទះ ចម្ងាយប្រមាណ១០០ម៉ែត្រ (ទីតាំងកើតហេតុខាងលើ) លុះពេលដើរកាត់មាត់ស្រះទឹកខាងលើ ក៏ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះខាងលើ នៅមាត់ស្រះ ទើបកើតមានការភ្ញាក់ផ្អើល រត់ត្រឡប់មកភូមិវិញ រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

តាមអ្នកភូមិដែលប្រទះឃើញសាកសពខាងលើ បានដាក់ការសង្ស័យថា សាកសពទំនងត្រូវគេសម្លាប់ពីកន្លែងណាមួយ រួចយកសពទៅបោះចោលនៅក្នុងស្រះទឹកនេះ។ ជាក់ស្តែង នៅលើសាកសពមានស្នាមរបួសនៅត្រង់ក ដែលជាស្នាមប្រើខ្សែរឹតផង និងស្នាមកាំបិតចាក់ផង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញ បានចុះពិនិត្យ ដល់ទីតាំងកើតហេតុ រួចបង្ហើបប្រាប់ថា សាកសពជនរងគ្រោះខាងលើ អាចត្រូវឃាតករប្រើ ខ្សែរឹតកសម្លាប់ ហើយថែមទាំងប្រើកាំបិតចាក់ ត្រង់កចំនួន២កាំបិតបន្ថែមទៀតផង។ នៅក្បែរនោះ សមត្ថកិច្ចបានរកឃើញអង្រឹងមួយ ដែលរុំបោះចោល ដែលគេសង្ស័យថា ក្រោយពេលសម្លាប់ ឃាតករបានយកអង្រឹងនោះរុំសាកសព រួចដឹក ឬសែងយកទៅបោះចោលក្នុងស្រះទឹកនោះ។

បច្ចុប្បន្ន ជនសង័្សយកំពុងធ្វើការឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕