ភ្នំពេញ៖ បន្ទាប់ពីដឹងដំណឹងកូនស្រី (ស្ត្រីរងគ្រោះលក់អីវ៉ាន់តាមអនឡាញ) ស្លាប់ក្នុងបន្ទប់ជួលតែម្នាក់ឯងពុំមាននរណាម្នាក់ដឹង លុះ២ថ្ងៃទើបស្ត្រីជាម្ចាស់ផ្ទះដឹងនោះ ឪពុកស្ត្រីរងគ្រោះបានទម្លាយរឿងថា កូនស្រីរបស់គាត់ដែលបានស្លាប់នេះ ដោយសារតែខូចចិត្តរឿងនាងប្តី២នាក់ហើយ តែបានលែងលះគ្នាទាំងអស់។

ឪពុកស្ត្រីរងគ្រោះ បានប្រាប់ឲ្យដឹងថា កូនស្រីដែលស្លាប់នេះ មានឈ្មោះពន្លក ចិន្តា អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ កន្លងមក កូនស្រីរូបនេះធ្លាប់មានប្តីចំនួន២នាក់មកហើយ តែបានលែងលះគ្នាទាំងអស់ ដោយបានបន្សល់ទុកកូនប្រុសតូច អាយុក្រោម៥ឆ្នាំ ចំនួន២នាក់ (កូនប្តីមុន) រស់នៅជាមួយនាង។

ឪពុកស្ត្រីរងគ្រោះ បានបញ្ជាក់ថា បន្ទាប់មកកូនស្រីរូបនេះយកប្តីក្រោយទៀត ក៏រស់នៅមិនចុះសម្រុងជាមួយគ្នា បានលែងលះគ្នាទៀត។ ដោយសារតែរឿងប្តីសីមិនសមប្រកបនេះហើយ កូនស្រីរបស់គាត់រូបនេះបានទុកកូនឲ្យនៅពួកគាត់ជាយាយតា ហើយនាងតែងតែដើរចេញពីផ្ទះបាត់ៗ។ ដោយសារនាងខូចចិត្តនិងរស់នៅក្តីអាម៉ាស់ផងនោះ កូនស្រីរូបនេះបានសម្រេចចាកចេញពីផ្ទះ មកជួលបន្ទប់ស្នាក់នៅ ចំណុចកើតហេតុនេះ រយៈពេលជាង២ខែមកហើយស្រាប់តែកើតមានរឿងបែបនេះតែម្តងទៅ។

គួរបញ្ជាក់ថា ស្ត្រីរូបស្រស់ជាអ្នកលក់អីវ៉ាន់តាមអនឡាញម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ ដោយសារខ្យល់គ។ ហេតុការណ៍នេះបានបង្កឲ្យការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ក្នុងចំណុចបន្ទប់ផ្ទះជាន់ទី២ ស្ថិតតាមបណ្ដោយលេខ២៧ នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
ស្ត្រីរងគ្រោះមានឈ្មោះ ពន្លក ចិន្តា អាយុ៣៤ឆ្នាំ មុខរបរលក់អីវ៉ាន់តាមអនឡាញ ស្នាក់បន្ទប់ជួល ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមាន ជ័យ មានស្រុកកំណើតភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមម្ចាស់ផ្ទះជួល បានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើបានមកជួលបន្ទប់គាត់ស្នាក់នៅ ជាន់ទី២ ហើយកន្លងមកគាត់តែងតែឃើញស្ត្រីរងគ្រោះចេញចូលធម្មតា ទើបតែ២ថ្ងៃកន្លមកនេះទេ គាត់មិនឃើញនាងចេញពីបន្ទប់សោះ។ ដោយមានការសង្ស័យ គាត់បានឡើងមកគោះទ្វារបន្ទប់ ហៅស្ត្រីគ្រោះជាច្រើនដង តែមិនឮឆ្លើយសោះ។ បន្ទាប់មក គាត់បានបិតឌីសង់ទ័រ ដើម្បីឲ្យជនរងគ្រោះក្តៅស្អុះស្អាប់ នៅក្នុងបន្ទប់មិនបាន ប៉ុន្ដែស្ត្រីរងគ្រោះនៅតែមិនចេញពីបន្ទប់ទៀត ទើបកាត់សម្រេចចិត្ដហៅបងប្អូនជនរងគ្រោះ និងជាងសោរមកកាត់ទ្វារចូលទៅមើលនៅខាងក្នុង ក៏ប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់យ៉ាងអាណោចអាធ័មបាត់ទៅហើយ រួចក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានដើម្បីចុះអន្តរាគមន៍។

បន្ទាប់ពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចបានទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីមកធ្វើកោសល្យវិច័យ និងពិនិត្យសាកសពជនរងគ្រោះ រួចបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គ ។
បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើកំណត់ហេតុ រួចប្រគល់សាកសពស្ត្រីរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕