ភ្នំពេញ ៖ ស្ត្រីម្នាក់បានអះអាងថា ក្រោយពីប្តីវ័យចំណាស់របស់នាង បានឈឺស្លាប់ចោលទៅ ក៏ស្រាប់តែកូនដើម (កូនរបស់ប្តី២នាក់) បាននាំគ្នាប្តឹងផ្តល់ទាមទារយកកេរ ដីធ្លី ផ្ទះសំបែង និងផ្ទះជួល ដែលជាកម្លាំងញើសឈាមរបស់នាង និងប្តី ទៅទាំងអស់ និងប្រុងដេញនាងឱ្យចុះចេញពីផ្ទះ ជាថ្នូរនឹងការប្រគល់រថយន្ត១គ្រឿងឱ្យ ជាហេតុធ្វើឱ្យនាងកើតទុក្ខមិនសុខចិត្ត ក៏ទាមទាររកយុត្តិធម៌។

ករណីផ្ទុះជំលោះដណ្តើមកេររវាងម្តាយចុង និងកូនដើមនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះកើតហេតុលេខ១៧៣ ផ្លូវលំ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

រឿងក្តីទំនាស់ទ្រព្យបែងចែកគ្នាមិនដាច់ស្រេច ក្រោយពីបុរសជាប្តី និងឪពុកទទួលមរណភាពទៅហើយ បានធ្វើឱ្យមានការប្តឹងផ្តល់គ្នាទ្បើងតុលាការ ខណៈទ្រព្យអចលនវត្ថុ ដីផ្ទះ តុលាការដាក់ឱ្យមានសិទ្ធិមនុស្ស៣នាក់។

តាមការបំភ្លឺពីភាគីស្ត្រីជាម្តាយចុង ឈ្មោះ យ៉ែម ស៊ីវន អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះកំពុងមានទំនាស់ខាងលើ បានឱ្យដឹងថា នាងបានរៀបការជាមួយបុរសឈ្មោះហ៊ីង ច័ន្ទតារា តាំងពីឆ្នាំ២០០៦មកម៉្លេះ ដោយចាប់ដៃគ្នាជាប្តីប្រពន្ធ រហូតដល់សាងសង់ផ្ទះធំទ្រនំខ្ពស់ មានទាំងផ្ទះជួលទៀតផង នៅចំណុចកើតហេតុខាងលើនេះ តែជាអកុសល មកដល់អំឡុងខែឧសភា ឆ្នាំ២០១៨ ប្តីរបស់នាងបានធ្លាក់ខ្លួនឈឺ ហើយក៏ទទួលមរណភាពបាត់ទៅ។

ភាគីវិវាទក្នុងសំណុំរឿងកេរមរតកខាងលើនេះ រួមមាន ភាគីទី១-ស្ត្រីជាម្តាយចុង ឈ្មោះ យ៉ែម ស៊ីវន អាយុ៣៥ឆ្នាំ រស់នៅផ្ទះ កំពុងកើតមានទំនាស់ខាងលើ។ ចំណែក២ភាគីទៀត ជាកូនដើម ទី១-ឈ្មោះហ៊ីង សុភាវី ភេទស្រី អាយុ៣៧ឆ្នាំ មានលំនៅផ្ទះលេខ១៩ ផ្លូវ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ និងទី២-ឈ្មោះហ៊ីង សូលីដា ភេទស្រី អាយុ៣៤ឆ្នាំ មានលំនៅអគារខុនដូរលេខ១០០២ បុរីសែនសុខ ផ្លូវឧញ៉ាម៉ុង រិទ្ធី ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមសម្តីស្ត្រីជាប្រពន្ធ បានបញ្ជាក់ថា ពាក់ព័ន្ធរឿងទ្រព្យកេរ្តិ៍ដីផ្ទះ ផ្ទះជួល តាមបណ្តាំរបស់ប្តី បានសុំឱ្យតុលាការចាត់បញ្ចូលប្រពន្ធ ឈ្មោះយ៉ែម ស៊ីវន ក៏មានសិទ្ធិគ្រប់គ្រងទ្រព្យសម្បត្តិ ដីផ្ទះ ផ្ទះជួលបានដែរ រួមជាមួយភាគីកូនចុងស្រីៗ ពោលមាន៣ភាគី អាចមានសិទ្ធិគ្រប់គ្រងអចលនទ្រព្យបាន។ លុះក្រោយពីប្តី ស្លាប់ទៅ បន្សល់ទុកទ្រព្យកេរ បង្កឱ្យផ្ទុះជារឿងចែកគ្នាមិនដាច់ ភាគីខាងកូនៗចុង ចង់បានទាំងអស់ ប្រគល់តែរថយន្តម៉ាកស៊ីណា ១គ្រឿង ឱ្យនាងជាម្តាយចុង ដើម្បីចុះចេញ ផ្ទុយពីនីតិវិធីរបស់តុលាការ ដាក់ទ្រព្យរួមជា៣ចំណែក ទើបភាគីខាងម្តាយចុង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៩ ក្រោយពីមានដីកាសម្រេចរបស់តុលាការ លុបចោលដីការក្សាការពារ មកចេញដីការថ្មីមួយទៀត ដោយលោកសំ ប៊ុនពៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លេខ១០៨ “ភ” ដ.រ ចុះថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩មកម៉្លេះ ដោយសម្រេចដាក់ទ្រព្យអចលនវត្ថុ (ដីផ្ទះ ផ្ទះជួល) ស្ថិតក្នុងទ្រព្យរួម មានបីចំណែក ។

ទោះជាមានដីកា ចេញមកបែបនេះក្តី ចេតនារបស់កូនចុងស្រីៗ ចង់ឱ្យតែឡានមួយគ្រឿង ដើម្បីឱ្យម្តាយចុងចុះចេញ ទើបក្លាយជារឿងកើតទុក្ខមិនសុខចិត្ត។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីទំនាស់ ដែលជាកូនដើមរបស់បុរសជាប្តីបាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕