ខេត្តកណ្តាល ៖ យុវជនម្នាក់ឃើញគេឌុបអតីតស្រីស្នេហ៍របស់ខ្លួន ក៏ឆេះឆួលកំហឹងទប់មិនជាប់ ស្ទុះទៅធាក់ម៉ូតូគេដួល រួចស្ទុះទៅវ៉ៃគេ ថែម១ដៃទៀត ជាហេតុធ្វើឱ្យភាគីម្ខាងទៀតខឹងច្រឡោត ក៏ទៅកែនបក្ខពួក៥នាក់ មកព្រួតវ៉ៃវិញ បណ្តាលឱ្យរងរបួសសន្លប់ស្តូក បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចមុខហាងអ៊ិនធើរណេត៩៩ ស្ថិតក្នុងភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
មន្ត្រីនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា បុរសរងគ្រោះដែលគេវាយសន្លប់នោះ ឈ្មោះ ស៊ីម សាមុត ភេទប្រុស អាយុ២៤ឆ្នាំ មានលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ ចំណែកជនសង្ស័យមានគ្នា៥នាក់ ទី១-ឈ្មោះកែវ ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ មានលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ (ឃាត់ខ្លួន)។ ដោយឡែក បក្ខពួក៤នាក់ទៀត ពុំទាន់ស្គាល់អត្តសញ្ញាណ (គេចខ្លួន)។

ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ ជនសង្ស័យខាងលើបានឌុបស្រីស្នេហ៍ ដែលជាអតីតសង្សាររបស់ជនរងគ្រោះ ឈ្មោះ ស៊ីម សាមុត ដែលបានបែកបាក់គ្នាអស់មួយរយៈមកហើយ ខណៈឌុបដល់ចំណុចកើតហេតុ ស្រាប់តែជនរងគ្រោះបានឃើញគេឌុបអតីតសង្សាររបស់ខ្លួន ស្រាប់តែផ្ទុះភ្លើងប្រចណ្ឌ ក៏បានស្ទុះទៅធាក់ម៉ូតូជនសង្ស័យ បណ្តាលឱ្យដួល និងបានវាយថែមមួយដៃចំស្មាខាងឆ្វេង ធ្វើឱ្យជនសង្ស័យខឹង ក៏បានវាយតបវិញ ហើយបក្ខពួកជនសង្ស័យ៤នាក់ទៀតដែលកំពុងលេងណេតនៅទីនោះ បានចេញមកព្រួតគ្នាវាយទាត់ធាក់បន្ថែមទៀត បណ្តាលឱ្យជនរងគ្រោះដួលលើដី សន្លប់ស្តូក ទើបជនសង្ស័យ និងបក្ខពួករត់គេចខ្លួនបាត់អស់ទៅ។

ប្រភពខាងលើ បញ្ជាក់ថា លុះដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ក្រោយពីសមត្ថកិច្ចបានទទួលបណ្តឹងពីជនរងគ្រោះរួច សមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះកែវ ពិសិដ្ឋ យក មកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕