ខេត្តកោះកុង ៖ ស្ត្រីវ័យចំណាស់ម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោកជាំ ក៏ដើរចេញបាត់ពីផ្ទះពេញ១យប់ ទោះជាក្រុមគ្រួសារខំដើរតាមរកយ៉ាងណា ក៏មិនឃើញ លុះស្អែកឡើង បុរសជាប្តីដើរតាមរកម្តងទៀត ស្រាប់តែប្រទះឃើញសាកសពប្រពន្ធអណ្តែតទឹកប្រឡាយ ស្លាប់បាត់ទៅហើយ ដោយមានស្នាមរបួសពេញផ្ទៃមុខ និងក្បាល ធ្វើឱ្យក្រុមគ្រួសារសង្ស័យថា អាចជាករណីឃាតកម្ម មិនមែនគ្រាន់តែលង់ទឹកស្លាប់ឡើយ។

ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចប្រឡាយទឹក កែងផ្លូវលំក្បែរអង្គតែនប៉ុស្តិ៍បាយ័ន ខាងកើតសាលាសង្កាត់ស្ទឹងវែង ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។
សាកសពខាងលើ មានឈ្មោះឆេង ណារី ភេទស្រី អាយុ៥១ឆ្នាំ ជាមន្ត្រីយោធា ឋានន្តរសក្តិថ្នាក់អនុសសេនីយ៍ឯក បម្រើការងារនៅក្រសួងការពារជាតិ មានប្តីឈ្មោះភី សុភាព អាយុ៤០ឆ្នាំ និងមានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមសម្តីបុរសជាប្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ប្រពន្ធរបស់គាត់ (ជនរងគ្រោះ) បានផឹកស្រាស្រវឹងជោកជាំយ៉ាងខ្លាំង និងបានដើរដួល តែមិនដឹងត្រូវនឹងអ្វីទេ ដោយបានដើរតែម្នាក់ឯង ចេញពីផ្ទះរបស់ឈ្មោះឃុត ថាន់វិរៈ ដែលត្រូវជាប្អូនថ្លៃ បម្រើការងារនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មានលំនៅភូមិសង្កាត់ជាមួយគ្នា។ លុះដល់ម៉ោងប្រហែល១១និង៣០នាទីយប់ថ្ងៃដដែល គាត់ជាប្តីបានចេញទៅតាម និងសួរ នៅផ្ទះម្តាយ តែមិនឃើញសោះ ទើបត្រឡប់ទៅផ្ទះវិញ។ លុះស្អែកឡើង ម៉ោងប្រហែល១២ថ្ងៃត្រង់ គាត់ក៏បានចេញទៅដើររកប្រពន្ធទៀត ក៏ប្រទះឃើញស្លាប់អណ្តែតក្នុងប្រឡាយទឹកខាងលើ ដោយមានស្នាមរបួសលើផ្ទៃមុខ និងក្បាលផង ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានឱ្យចុះមកពិនិត្យតែម្តង ដោយសង្ស័យថា អាចពាក់ព័ន្ធនឹងករណីឃាតកម្ម។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដោយមានការចូលរួមពីកម្លាំងអាវុធហត្ថក្រុង និងក្រុមគ្រូពេទ្យខេត្ត បានចុះពិនិត្យសាកសពស្ត្រីរងគ្រោះ រួចបញ្ជាក់ថា សភាពនៃសពមានស្លាកស្នាមនៅក្បាលផ្នែកខាងក្រោយបែក១កន្លែង ស្នាមបែកគុម្ពត្រចៀក ១កន្លែង ស្នាមជាំមុខខាងឆ្វេងខ្លាំង ស្នាមរលាត់ក្រោមចង្កា១កន្លែង។

បច្ចុប្បន្ន ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវនៅឡើយ។ ចំណែកសាកសពត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី”