Monday, November 17, 2025
Homeព័ត៌មានជាតិអាលីហ្សា រៀបការជាមួយបុរសអាមេរិក វ័យជិត៣០ឆ្នាំ

អាលីហ្សា រៀបការជាមួយបុរសអាមេរិក វ័យជិត៣០ឆ្នាំ

អាលីហ្សា នឹងបញ្ចប់ភាពនៅលីវនាពេលខាងមុខនេះ ដែលពិធីរៀបអាពាហ៍ពិពាហ៍របស់នាង រៀបចំនៅមជ្ឈមណ្ឌលកោះពេជ្រ អគារ L។ យ៉ាងណា សាមីខ្លួនអាលីហ្សា ហាក់មិនចង់ឱ្យមានការចុះផ្សាយចំពោះពិធីមង្គលការបស់នាងឡើយ ដោយនាងអះអាងថា ចង់ឱ្យមានការភ្ញាក់ផ្អើលនៅថ្ងៃនោះតែម្តង។ ប៉ុន្តែ អាលីហ្សា ទទួលស្គាល់ថា នាងពិតជារៀបការជាមួយបុរសខ្មែរ មកពីអាមេរិក វ័យជិត៣០ឆ្នាំ ពិតប្រាកដមែន។

អាលីហ្សា ធ្លាប់បរាជ័យស្នេហ៍២លើកមកហើយ ដែលការភ្ជាប់ស្នេហ៍ដំបូងជាមួយតារាចម្រៀង សេន រ៉ានុត ត្រូវបានអតីតតារារស្មីស្ទឹងសង្កែ នោះ រត់ទៅរៀបការប្រពន្ធជាកូនថៅកែលក់ពេជ្រនៅអាមេរិក បាត់។ ដោយឡែក ចំណងស្នេហ៍ថ្មីជាមួយថៅកែកាហ្វេ លោកដេនី ជិតដល់ថ្ងៃអាពាហ៍ពិពាហ៍ទៅហើយ ចំណងស្នេហាក៏មានការប្រែប្រួល ធ្វើឱ្យមង្គលការនោះត្រូវលុបចោលយ៉ាងទាន់ហន់។

អាលីហ្សា តុកស៊ិកយ៉ាងខ្លាំង ព្រោះអំឡុងពេលដែលចំណងស្នេហាទីពីរ ត្រូវបរាជ័យមង្គលការនេះ នាងធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ ដោយសារជំងឺបេះដូងធ្វើទុក្ខខ្លាំង តម្រូវឱ្យនាងទៅព្យាបាលនៅមន្ទីរពេទ្យមួយ នៅថៃ យ៉ាងយកចិត្តទុកដាក់។

អាលីហ្សា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងប្រឹងរកប្រាក់ច្រៀងទាំងយប់ថ្ងៃ សម្រាប់តែបង់ថ្លៃពេទ្យព្យាបាលបេះដូងនោះទេ ហើយវាមិនមែនងាយស្រួលឡើយសម្រាប់នាង ដែលជាកូនស្រីម្នាក់ទទួលបន្ទុកក្នុងគ្រួសារ ហើយមានជំងឺបែបនេះទៀត។

ប៉ុន្តែតាមរយៈការបង្ហាញខ្លួនចុងក្រោយនេះ គេឃើញអាលីហ្សា មានសុខភាពល្អប្រសើរជាងមុនហើយ ព្រោះតែមានម្ចាស់បេះដូងថ្មីថ្នាក់ថ្នមបំពេ រហូតធ្វើឱ្យជំងឺបេះដូងរបស់នាង មិនបាច់ទៅឱ្យពេទ្យថៃ ព្យាបាលទៀតក៏បានដែរ ព្រោះពេលនេះ នាងមានពេទ្យបេះដូងមកពីអាមេរិក ព្យាបាល២៤ម៉ោង ប្រចាំខ្លួនទៅហើយ។

គួរបញ្ជាក់ថា ទោះជាអាលីហ្សា ធ្លាប់បរាជ័យស្នេហ៍ជាបន្តបន្ទាប់ ហើយនាងមានជំងឺប្រចាំកាយក្តី តែអាលីហ្សា មិនបាក់ទឹកចិត្ត ឬបោះបង់អាជីពចាស់ចោលឡើយ គឺនាងនៅតែបន្តច្រៀង និងសម្តែងភាពយន្តដូចមុន ដែលធ្វើឱ្យតារារួមអាជីពមានការលើកទឹកចិត្តចំពោះនាង ដែលប្រឹងតស៊ូតែម្នាក់ឯងនាពេលកន្លងមក។

ដោយឡែក ការរកបានគូស្នេហ៍ថ្មីលើដីអាមេរិករបស់អាលីហ្សា នៅពេលនេះ ធ្វើឱ្យនាងអាចកប់ចោលស្នេហ៍ចាស់ ដែលបរាជ័យនាពេលកន្លងមកនោះ ត្រឹមឆ្នាំ២០១៩ នេះ ជាមិនខាន៕

RELATED ARTICLES