Monday, November 17, 2025
Homeព័ត៌មានជាតិដល់ពេលសួរនាំចប់ គូស្នេហ៍ឆបោកនេះ ដើរបោកមនុស្សជាច្រើនរយនាក់តាមហ្វេសប៊ុក

ដល់ពេលសួរនាំចប់ គូស្នេហ៍ឆបោកនេះ ដើរបោកមនុស្សជាច្រើនរយនាក់តាមហ្វេសប៊ុក

ភ្នំពេញ៖ គូសង្សារ១គូ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថ ឃាត់ខ្លួនទាំង២នាក់ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាក់ ចោទប្រកាន់ពីបទឆបោកប្រាក់។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យទាមង២នាក់នេះ ធ្វើឡើងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៩ ក្រោយពីបញ្ចប់ការសាកសួរ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅកាន់តុលាការ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។

ជនសង្ស័យជាគូស្នេហ៍ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ ខាងប្រុស មានឈ្មោះ NWOSU MARTINS អាយុ៣១ឆ្នាំ ជនជាតិអាហ្រ្វិកខាងត្បូង ចំណែកខាងស្រី ឈ្មោះ កាន ឡានីន ហៅស្រីអូន អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ។

សមត្ថកិច្ចបានឲ្យដឹងថា កន្លងមកជនសង្ស័យទាំង២នាក់ បានបង្កើតអាខោនហ្វេសប៊ុកក្លែងក្លាយ add ទៅជនរងគ្រោះ ហើយបាននិយាយសាសងគ្នា រហូតដល់ជនរងគ្រោះទុកចិត្ត ហើយជនសង្ស័យថែមទាំងបានសន្យាផ្ញើលុយឲ្យជនរងគ្រោះ។ បន្ទាប់មក ជនសង្ស័យបានប្រើល្បិចឲ្យជនរងគ្រោះចេញថ្លៃសេវា និងពន្ធផ្សេងៗ ដោយផ្ញើតាមវីងជាបន្តបន្ទាប់ ចំនួន០៣លើក គឺលើកទី១. ជនរងគ្រោះបានផ្ញើលុយឲ្យ ៤៥០ដុល្លារ, លើកទី២. ចំនួន ៥,៣០០$ និងលើកទី៣. ចំនួន ៤,៧០០$។

សមត្ថកិច្ចបានបន្តថា លុះជនរងគ្រោះផ្ញើលុយទៅហើយ តែជនសង្ស័យមិនបានធ្វើដូចសន្យា ក៏កើតចិត្តសង្ស័យ បានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ភ្លាមៗនោះ កម្លាំងជំនាញនៃការិយាល័យ បទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានទៅកំណត់មុខសញ្ញា និងធ្វើការឃាត់ខ្លួនជនសង្ស័យបានជាក់ស្តែង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ព្រមទាំងបានស្រាវជ្រាវឃើញថា ជនសង្ស័យខាងលើ គឺធ្លាប់បានប្រើល្បិចបោកប្រាស់ជនរងគ្រោះអស់ជាច្រើនរយនាក់ផងដែរ។

ក្រោយពីសួរនាំជនសង្ស័យចប់ កម្លាំងសមត្ថកិច្ចបាននាំខ្លួនទៅកាន់តុលាការ នៅថ្អៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីផ្តបន្ទាទោសតាមច្បាប់។

ដោយឡែក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានលើកឡើងថា គេអាចបោកយើងបាននៅពេលណាដែលយើងមានចិត្តលោភលន់ក្នុងខ្លួន ដូច្នេះលោកសូមយកមេរៀនខាងលើនេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់។ កុំមានចិត្តលោភលន់ កុំត្រេកត្រអាលជាមួយរង្វាន់ ឬអំណោយ ដែលគ្មានប្រភព គ្មានប្រវត្តិច្បាស់លាស់ និងត្រូវចងចាំថា គ្មានអ្វី បានមកដោយងាយស្រួល ដោយយើងមិនបានប្រឹងប្រែងចំណាយកម្លាំងញើសឈាមរកវានោះទេ និងសូមពិចារណាឲ្យបានហ្មត់ចត់ មុនជឿទៅលើអ្វីមួយ ជៀសវាងចាញ់បោក ចាញ់ការលួងលោមរបស់ជនជនបោកប្រាស់ទាំងឡាយ៕

RELATED ARTICLES