Monday, November 17, 2025
Homeព័ត៌មានជាតិឪពុកម្តាយស្រលាញ់ពេញបេះដូង កូនប្រុសស្លាប់ចោល ព្រោះតែជួបរឿងហេតុរន្ធត់បែបនេះ

ឪពុកម្តាយស្រលាញ់ពេញបេះដូង កូនប្រុសស្លាប់ចោល ព្រោះតែជួបរឿងហេតុរន្ធត់បែបនេះ

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់បានដើរលេងនៅក្បែរៗផ្ទះតែម្នាក់ឯង លុះយកដៃទៅតោងបង្អួចដែក ដែលមានខ្សែភ្លើងដាច់រលាត់គងពីលើ ក៏បណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់ភ្លាមៗមួយរំពេច លុះឪពុកម្តាយប្រទះឃើញ រន្ធត់ចិត្តយំសោកបោកខ្លួនស្ទើរសន្លប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅផ្ទះលេខ៣៤ផ្លូវបេតុង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ក្មេងប្រុសរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះលាង រាជរិទ្ធិពង្ស អាយុ៣ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីបុរសជាឪពុករបស់ក្មេងប្រុសរងគ្រោះ បានឱ្យដឹងថា មុនកើតហេតុ គាត់កំពុងអង្គុយជជែកគ្នាលេងនៅមុខផ្ទះជាមួយអ្នកជិតខាង និងបងប្អូន ចំណែកប្រពន្ធគាត់បានអង្គុយបញ្ចុកបាយកូនប្រុស (ក្មេងប្រុសរងគ្រោះ)។ លុះមួយសន្ទុះក្រោយមក ប្រពន្ធគាត់បានដើរចូលទៅក្នុងផ្ទះ បំណងដួសទឹកយកមកឱ្យកូនញ៉ាំ លុះពេលមកវិញស្រាប់តែបាត់កូន ទើបដើរទៅរកដល់ខាងក្រោយផ្ទះឃើញកូនប្រុសដេកដួលបាត់មាត់បាត់កទៅហើយ។

ប្រភពដដែលបន្តថា ភ្លាមៗនោះ ប្រពន្ធគាត់បានស្ទុះទៅបីត្រកងកូន ទើបដឹងថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ដោយតាមការសន្និដ្ឋានថា បង្អូចដែកបានឆ្លងចរន្តអគ្គិសនី លុះពេលកូនប្រុសគាត់ទៅតោងលេង ក៏បណ្តាលឱ្យឆក់ស្លាប់តែម្តង ទើបកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យមើលជាក់ស្តែង រកឃើញថា ជនរងគ្រោះពិតជាមានឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ប្រាកដមែន។

សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES