ភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះ៣ខែម្នាក់ ត្រូវបានក្រុមស្ត្រី៣នាក់ផ្សេងទៀត បានវាយធ្វើបាប គ្រាន់តែគាត់ណែនាំកុំឲ្យបត់ជើងតូច (នោម) ក្រៅចានបង្គន់អនាម័យ ធ្វើឲ្យផ្អើលដល់សមត្ថកិច្ច ឃាត់ខ្លួននាំមកប៉ុស្តិ៍នគរបាល។
ហេតុការណ៍ហិង្សានេះ បានកើតឡើង៥លហងាច ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុច មុខភោជនីយដ្ឋាន យីសាង ផ្លូវព្រះសុីសុវត្តិ ស្ថិតនៅក្នុងភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ជនបង្កទាំង៣នាក់ ទី១. មានឈ្មោះ ឈ្មោះ តាំងលីណា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ១៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ទី២. ឈ្មោះជុំ សោភា ភេទស្រីអាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលភូមិសាមគ្គី សង្កាត់គីឡូម៉េត្រលេខ៦ ខណ្ឌឬស្សីកែវ និងទី៣ មានឈ្មោះ អុំ កល្យាណ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះ សៅ ដេត ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមើលការអនាម័យបង្គន់សាធារណៈមាត់ទន្លេ មានទីលំនៅផ្ទះជួលលេខ០១១H ផ្លូវលេខ93 ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ រងរបួសថ្ពាល់ខាងស្តាំ ចុងបបូរមាត់ខាងស្តាំ និងចំរបួសពោះ កំពុងមានផ្ទៃពោះ៣ខែ។

បើតាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងល្ងាច ថ្អៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះបាននៅមើលអនាម័យបង្គន់សាធារណៈមាត់ទន្លេក្បែរភោជនីយដ្ឋានយី សាង ផ្លូវព្រះសុីសុវត្ថិ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ពេលនោះ ក៏មានស្ត្រីបង្កម្នាក់ ឈ្មោះ តាំង លីណា ដើរចូលបន្ទប់ទឹកបង្គន់អនាម័យ ហើយបាននោមនៅក្រៅចានបង្គន់ ពេលនោះ ជនរងគ្រោះបានប្រាប់ថា “បងកុំនោមអ៊ីចឹង នាំឲ្យប៉ះពាល់ដល់អ្នកដទៃ ភ្លាមនោះ ស្ត្រីបង្កខាងលើនេះបានជេរប្រមាថមកលើជនរងគ្រោះ។

ប្រភពបានឲ្យដឹងទៀតថា ភ្លាមៗនោះ ស្ត្រីបង្ក២នាក់ទៀត ឈ្មោះអុំ កល្យាណ និងឈ្មោះ ជុំ សោភា បានព្រួតគ្នាវាយប្រតាយប្រតប់ទៅលើជនរងគ្រោះតែម្នាក់ឯង បណ្តាលឲ្យជនរងគ្រោះរងរបួសចំថ្ពាល់ខាងស្តាំ បបូរមាត់ស្តាំ និងចំកណ្តាលពោះមួយកន្លែងទៀត ខណៈដែលស្ត្រីរងគ្រោះកំពុងមានផ្ទៃពោះ៣ខែ។

ប្រភពបានបញ្ជាក់ថា ខណៈកំពុងវាយតប់គ្នាយ៉ាងខ្លាំងនោះ ក៏មានកម្លាំងល្បាតប៉ុស្តិ៍នគរបាលកំពុងល្បាតនៅតាមដងផ្លូវ បានមកអន្តរាគមន៏ឃាត់ខ្លួនស្ត្រីជើងខ្លាំងទាំង០៣នាក់នេះ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ តែម្តង។
បច្ចុប្បន្ន ស្ត្រីជើងខ្លាំងទាំង៣នាក់នេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនិតិវិធី៕