ព្រះសីហនុ៖ ទូកទេសចរណ៍១គ្រឿង ត្រូវបានគេរាយការណ៍មកថា បានលិចចូលក្នុងសមុទ្រ កាលពី៩យប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ដោយសារបញ្ហាបច្ចេកទេស ប៉ុន្តែជាសំណាងល្អ មិនបណ្តាលឲ្យនរណាម្នាក់ស្លាប់បាត់បង់ជីវិតនោះទេ។

បើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងនគរបាលខេត្តព្រះសីហនុប្រាប់ថា ហេតុការណ៍ទូកទេសចរណ៍របស់ក្រុមហ៊ុនដាលី ដួរ មួយគ្រឿង ដែលលិចក្នុងសមុទ្រនេះ កើតឡើងដោយសារលក្ខណៈបច្ចេកទេស មិនពាក់ពន្ធ័ដល់បញ្ហាអាកាសធាតុភ្លៀង ខ្យល់ នោះទេ។

លោកបានបន្តថា ករណីនេះ ក្រៅពីខូចខាតទ្រព្យសម្បត្តិខ្លះ មិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។

ទោះជាយ៉ាងនេះក្តី លោកក៏សូមអំពាវនាវដល់អ្នកធ្វើដំណើរតាមផ្លូវសមុទ្រ ពិសេស ទូកទេសចរណ៍ និងទូកនេសាទ បង្កើនការប្រុងប្រយត្ន័ ដោយសារតែរដូវនេះជារដូវវស្សាសម្បូរភ្លៀង ខ្យល់ ព្រមទាំងមានរលកខ្លាំងៗទៀតផង ៕