ភ្នំពេញ៖ ស្រីម្នាក់បានបើកម៉ូតូឌុបកូនស្រីទៅផ្សារ ពេលកំពុងតែធ្វើដំណើរ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមកអែប រួចធ្វើសកម្មភាពឆក់កាបូបពីស្ត្រីរងគ្រោះ ប៉ុន្តែសំណាងមិនល្អ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទាំង២នាក់ នាំមកសាកសួរភ្លាមតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខផ្សារត្រពាំងថ្លឹង ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះស្រេង សុខលីន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនសង្ស័យមានគ្នា២នាក់
ទី១. មានឈ្មោះ សូត ផានិត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងល្វា សង្កាត់កាកាទី១ ខណ្ឌពោធិ៍សែនជ័យ និងទី២. មានឈ្មោះ យាន់ ឈាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងល្វា សង្កាត់កាកាទី១ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការពិនិត្យទឹកនោម ឃើញមានសារធាតុញៀន។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ គេបានឃើញស្ត្រីរងគ្រោះបើកម៉ូតូ១គ្រឿង មិនចាំម៉ាក ឌុបកូនស្រីពីក្រោយ ធ្វើដំណើរតាមផ្លូវវេងស្រេង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាក ស៊ុយស៊ូគី និច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GX-2393 តាមពីក្រោយ រួចបានជិះអែបម៉ូតូស្ត្រីរងគ្រោះ ស្រាប់តែជនសង្ស័យជិះពីក្រោយលូកដៃឆក់កាបូបពីស្ត្រីរងគ្រោះ។

ប្រភពដដែល បានបន្តថា ពេលឆក់បានហើយ ស្ត្រីរងគ្រោះបានស្រែកថា “ចោរៗ” ជាប់ជួនពេលនោះ មានសមត្ថកិច្ចកំពុងជិះម៉ូតូល្បាត ក៏បានប្រដេញចាប់ខ្លួនជនសង្ស័យទាំង២នាក់បានតែម្តង។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតកាបូបដៃរបស់ជនរងគ្រោះ មានលុយ១៤០ដុល្លារ និងទូរស័ព្ទដៃ ម៉ាក អាយហ្វូន 6Plus ១គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងឃុំខ្លួនជនសង្ស័យជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ បន្តនីតិវិធីតាមច្បាប់៕