ខេត្តសៀមរាប ៖ មនុស្សប្រុសស្រី៣នាក់ ដែលដើរធ្វើសកម្មភាពទម្លាក់យោង ឆបោកយកមាសក្លែងក្លាយ ដូរយកមាសសុទ្ធពីជនរងគ្រោះបានសម្រេច តែអស់លក្ខណ៍រត់មិនរួច ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិឬស្សីតូច ឃុំស្វាយស ស្រុកវ៉ារិន។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះជួង សុភាព ហៅទូច ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិជ្រឹងខាងលិច សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទី២-ឈ្មោះឌីន ចាន់ថុល ហៅម៉ូវ ភេទស្រី អាយុ៣៩ឆ្នាំ (ប្រពន្ធ) ស្នាក់នៅភូមិឃុំជាមួយគ្នា ពាក់ព័ន្ធករណីឆបោក (ទម្លាក់មាសក្លែងក្លាយ ប្តូរយកមាសពិតពីជនរងគ្រោះ) និងទី៣-ឈ្មោះអ៊ុយ ណាត ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរមិនពិតប្រកដ មានលំនៅក្នុងភូមិជាមួយគ្នា ពាក់ព័ន្ធបទសមគំនិតអំពើឆបោក។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនគរបាលខេត្តសៀមរាប ផែនកណ្តាលនគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិឬស្សីតូច ឃុំស្វាយស ស្រុកវ៉ារិន មានជនរងគ្រោះម្នាក់ ឈ្មោះអ៊ួន សាលួត ភេទស្រី អាយុ៤០ឆ្នាំ មានលំនៅក្នុងភូមិទួលរមៀត ឃុំវ៉ារិន ស្រុកវ៉ារិន ជាមួយនឹងកូនស្រីឈ្មោះសូរិយា ចាន់ដា អាយុ១៨ឆ្នាំ បានជិះម៉ូតូដឹកគ្នា ឆ្ពោះទៅផ្សារអង្គរជុំ ស្រុកអង្គរជុំ គោលបំណងយកប្រាក់ទៅបង់ធនាគារ។ លុះជិះម៉ូតូមកដល់ចំណុចខាងលិចសាលាបឋមសិក្សាឬស្សីតូច ស្រាប់តែឃើញជនសង្ស័យជាមនុស្សស្រីម្នាក់ ពុំស្គាល់ឈ្មោះ ជិះម៉ូតូវ៉ាជនរងគ្រោះទៅមុនបាត់ រួចក៏ជ្រុះកញ្ចប់១ ដោយរុំនឹងក្រដាសជូតមាត់ ពណ៌ស មានប្រាក់ចំនួន២០០០រៀល រឹតកៅស៊ូកង។ បន្ទាប់មក ស្រាប់តែឃើញជនសង្ស័យម្នាក់ទៀត ពុំស្គាល់ឈ្មោះ ភេទប្រុស ជិះម៉ូតូ១គ្រឿងទៀតមកដល់ និងបានរើសយកកញ្ចប់នោះ រួចជនរងគ្រោះក៏ជិះម៉ូតូហួសទៅ បន្ទាប់មក មនុស្សប្រុសដែលបានរើសនោះ ក៏ជិះតាមក្រោយ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែស្ត្រីម្នាក់ដែលបានជ្រុះកញ្ចប់នោះ បានត្រឡប់មកវិញ ដោយភ័យស្លន់ស្លោ មកសួរជនរងគ្រោះថា មីងៗបានឃើញកញ្ចប់មាសដែលខ្ញុំជ្រុះមិញដែរឬអត់? ជនរងគ្រោះឆ្លើយថា នោះមនុស្សម្នាក់នោះ (ជនសង្ស័យភេទប្រុស) បានរើសយកទៅហើយ តែជនសង្ស័យភេទស្រី ធ្វើជាស្តាប់ពុំបាន បន្ទាប់មកទៀត ជនសង្ស័យភេទស្រី ក៏បានមកសួរជននោះ តែគេបានឆ្លើយថា ពុំបានឃើញ ឬរើសបាននោះទេ។ រួចស្ត្រីម្នាក់នោះក៏ជិះម៉ូតូត្រឡប់ទៅក្រោយបាត់ទៅ។ បន្ទាប់មក ជនសង្ស័យភេទប្រុស ក៏យកកញ្ចប់មាសនោះ (មាសក្លែងក្លាយ) បបួលចែកគ្នាជាមួយជនរងគ្រោះ ដោយថាបានឃើញទាំងអស់គ្នា រួចបបួលទៅចែកគ្នាក្នុងព្រៃ។ ខណៈពេលនោះ ជនសង្ស័យបាននិយាយថា មីងឯងយកមាសនេះទាំងអស់ទៅ (មាសក្លែងក្លាយ) តែដោះខ្សែកមាស ដែលមីងពាក់ឱ្យមកខ្ញុំ ដើម្បីដោះដូរគ្នា។ ភ្លាមនោះ ជនរងគ្រោះក៏ដោះខ្សែកមាសរបស់ខ្លួនឱ្យជនសង្ស័យ។ រួចមកឡើងជិះម៉ូតូរៀងៗខ្លួន ដោយជនរងគ្រោះជិះចេញទៅទិសខាងលិច ចំណែកជនសង្ស័យជិះទៅទិសខាងកើត។ លុះជនរងគ្រោះចេញបានចម្ងាយប្រហែល២០០ម៉ែត្រ ក៏ភ្ញាក់ខ្លួនថា ចាញ់បោកគេហើយ ក៏ប្តឹងរាយការណ៍ដល់សមត្ថកិច្ចតែម្តង។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បន្តថា ក្រោយទទួលបានបណ្តឹងពីរជនរងគ្រោះ បានដាក់កំលាំងអន្តរាគមន៍ស្ទាក់តាមបណ្តាប៉ុស្តិ៍នីមួយៗ រហូតចាប់បានជនសង្ស័យទាំង៣នាក់ខាងលើ។

ក្រោយសាកសួរជនសង្ស័យបានសារភាពថា ពិតជាបានធ្វើសកម្មភាពឆបោកយកមាសក្លែងក្លាយ ឆបោកយកខ្សែកមាសពីជនរងគ្រោះប្រាកដមែន។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕