Monday, November 17, 2025
Homeព័ត៌មានជាតិគូស្នេហ៍ទាស់សម្តី ស្រីលោតសម្លាប់ខ្លួនពីលើស្ពានអាកាស

គូស្នេហ៍ទាស់សម្តី ស្រីលោតសម្លាប់ខ្លួនពីលើស្ពានអាកាស

ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេង១គូ កំពុងជិះម៉ូតូដឹកគ្នាដើរលេងតាមផ្លូវទាំងកណ្តាលរាត្រីសុខៗ ក៏ស្រាប់តែកើតមានទំនាស់ពាក្យសម្តីនឹងគ្នា រហូតដល់ខាងស្រីចិត្តក្តៅ បានលោតចុះពីលើម៉ូតូ រួចក៏ឡើងតោងបង្កាន់ដៃស្ពានអាកាស លោតទម្លាក់ខ្លួនចុះក្រោម បំណងសម្លាប់ខ្លួន បណ្តាលឱ្យបោកផ្ទប់នឹងថ្នល់ថ្ម បែកមុខមាត់រងរបួសយ៉ាងដំណំ។

ករណីគូស្នេហ៍ផ្ទុះជម្លោះកណ្តាលរាត្រី រហូតខាងស្រីចិត្តខ្លាំងលោតពីលើស្ពានអាកាស សម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ ចំណុចស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

នារីរងគ្រោះដែលលោតពីលើស្ពានអាកាស ប៉ងសម្លាប់ខ្លួននេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ចំណែកយុវជនជាគូស្នេហ៍ ក៏មិនស្គាល់អត្តសញ្ញាណដូចគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅពេលកើតហេតុ គេឃើញគូស្នេហ៍ខាងលើ បានជិះម៉ូតូ១គ្រឿង ម៉ាក PCX ពណ៌ស មិនចាំស្លាកលេខ ធ្វើដំណើរមកដល់លើស្ពានអាកាសស្ទឹងមានជ័យ ក៏ឮសំឡេងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង តែមិនដឹងថាពួកគេឈ្លោះគ្នាពីរឿងអ្វីនោះទេ។ ស្រាប់តែភ្លាមនោះ ខណៈដែលម៉ូតូបានឡើងទៅដល់ពាក់កណ្តាលស្ពាន ស្រាប់តែគេឃើញនារីរងគ្រោះ បានស្ទុះចុះពីលើម៉ូតូ រួចក៏រត់ទៅតោងបង្កាន់ដៃស្ពានអាកាស បន្ទាប់មកក៏ហក់ចុះពីលើស្ពានបំណងសម្លាប់ខ្លួនតែម្តង សូម្បីតែខាងប្រុសចង់ស្ទុះទៅជួយឃាត់ ក៏មិនទាន់ផង។ ចំណែកនារីរងគ្រោះបានធ្លាក់ចុះមកបោកផ្ទប់ទៅនឹងផ្លូវ បណ្តាលឱ្យបែកមុខមាត់ រងរបួសយ៉ាងធ្ងន់់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងខាងលើ ហើយបានទាក់ទងទៅរថយន្តសង្គ្រោះ មកដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ភ្លាមៗផងដែរ៕

RELATED ARTICLES