Monday, November 17, 2025
Homeព័ត៌មានជាតិប្តីកំណាច វ៉ៃប្រពន្ធពីស្រុកមិនអស់ចិត្ត តាមដល់ក្រុង វ៉ៃទៀត

ប្តីកំណាច វ៉ៃប្រពន្ធពីស្រុកមិនអស់ចិត្ត តាមដល់ក្រុង វ៉ៃទៀត

ភ្នំពេញ ៖ ស្ត្រីម្នាក់ព្រោះតែត្រូវប្តីកំណាចវាយដំធ្វើបាបខ្លាំងពេក ទ្រាំលែងបាន ក៏រត់គេចពីស្រុក មកសម្ងំលាក់ខ្លួនរស់នៅជាមួយបងប្អូនឯរាជធានីភ្នំពេញ។ លុះប្តីតាមរកឃើញ ក៏បន្តវាយធ្វើបាបប្រពន្ធគ្មានត្រាប្រណី រហូតដល់សៀតកាំបិតប៉័ងតោជាប់ចង្កេះ ធាក់ទម្លាយទ្វារប្រុងចូលកាប់ប្រពន្ធ លុះអ្នកជិតខាងជួយចាប់ដក កាំបិតចេញបានក៏ស្ទុះចូលទៅដាល់ប្រពន្ធ បណ្តាលឱ្យរងរបួសជាំមុខជាំមាត់ រហូតប្រពន្ធទ្រាំលែងបាន ក៏ប្តឹងឱ្យសមត្ថកិច្ចចាប់ប្តីកំណាច យកទៅចាត់ការតាមច្បាប់។

សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានចុះចាប់ខ្លួនបុរសជាប្តីកំណាចខាងលើបាន កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ក្នុងគ្រាដែលជនដៃដល់រូបនេះបានកំពុងតែធ្វើសកម្មភាពវាយតប់មកលើនាងជាប្រពន្ធ។

បុរសជាប្តីដែលសមត្ថកិច្ចបានឃាត់ខ្លួន មានឈ្មោះមុត ចំរើន អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលនៅចំណុចកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា កន្លងមក នាងនិងប្តីបានរស់នៅឯខេត្តកំពង់ស្ពឺ ប៉ុន្តែដោយសារប្តី គឺជាមនុស្សដែលមិនគិតគូររកការងារអ្វីធ្វើទាំងអស់ មួយថ្ងៃៗ ដឹងតែពីដើរផឹកស្រាស្រវឹងអួទីនួ និងតែងតែវាយធ្វើបាបនាងពេក ទើបនាងបានរត់គេចចេញពីប្តីកំណាច មករស់នៅផ្ទះជួលជាមួយ ប្អូនស្រីនៅភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីដើមខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ ដោយប្រកបរបរលក់ដូរបន្លែបង្កា ត្រី សាច់ តិចតួចគ្រាន់ចិញ្ចឹមជីវិត។

ស្ត្រីរងគ្រោះបន្តថា ក្រោយមក ប្តីរបស់នាងក៏បានតាមរកឃើញ និងមករស់នៅជាមួយគ្នាទៀត។ ចំណែកនាងដោយសារគ្មានជម្រើស មិនដឹងជាត្រូវគេចទៅណាទៀត ក៏ចេះតែស៊ូទ្រាំរស់នៅជាមួយបន្តទៀត។ លុះមកដល់វេលាម៉ោង៩យប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ បុរសជាប្តីក៏បានយកកាំបិតប៉័ងតោ សៀតចង្កេះ ដើរមកធាក់ទ្វារផ្ទះចូលមកក្នុងផ្ទះ បង្កជម្លោះ វាយតប់ និងប៉ងកាប់នាងជាប្រពន្ធទៀត ប៉ុន្តែ សំណាងល្អ ត្រូវបានអ្នកជិតខាងឃើញ នាំគ្នាចាប់ដកយកកាំបិតចេញ ប៉ុន្តែបុរសជាប្តីនៅតែស្ទុះចូលមកវាយតប់ដាល់នាង បណ្តាលឱ្យរងរបួសស្នាមឈឺចុកចាប់បន្តទៀត។

ដោយសារមិនអាចស៊ូទ្រាំនូវការប្រើអំពើហិង្សាបែបនេះបានបន្តទៀត ទើបស្ត្រីរងគ្រោះខាងលើ ក៏សម្រេចចិត្តប្តឹងប៉ូលិសមូលដ្ឋានឱ្យមកចាប់ខ្លួនបុរសជាប្តីតែម្តង។

ជនសង្ស័យជាប្តី ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី”

RELATED ARTICLES