Monday, November 17, 2025
Homeព័ត៌មានជាតិលាយថ្នាំចូលស្រា បង្អកនារីខារ៉ាអូខេស្លាប់ ជាប់ខ្នោះ៤នាក់

លាយថ្នាំចូលស្រា បង្អកនារីខារ៉ាអូខេស្លាប់ ជាប់ខ្នោះ៤នាក់

ខេត្តកណ្តាល ៖ បុរសជាមន្ត្រីនគរបាលច្រកទ្វារអន្តរជាតិក្អមសំណរ៣នាក់ រួមនឹងបក្ខពួក២នាក់ សរុប៥នាក់ បាននាំគ្នាចូលផឹកស៊ីក្នុងហាងខារ៉ាអូខេ១កន្លែង រួចក៏បែកគំនិតចង់សប្បាយខុសរឿង នាំគ្នាលាយថ្នាំចូលជាមួយស្រា រួចបង្អកឱ្យនារីបម្រើការក្នុងហាងខារ៉ាអូខេ ចំនួន៤នាក់ផឹក ព្រមទាំងប្រើអំពើហិង្សាដាក់ពួកនាងផង រហូតបណ្តាលឱ្យនារីម្នាក់បានស្លាប់យ៉ាងអាណោចអធ័ម។ ចំណែក៣នាក់ផ្សេងទៀត បានធ្លាក់ខ្លួនឈឺ ដោយសារតែទង្វើខ្លៅ លេងសើចខុសរបៀប ខ្វះការពិចារណា។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចហាងខារ៉ាអូខេ យីហោ ម៉ីម៉ីសាច់អាំង បន្ទប់លេខ ៧៧៧៧ មានទីតាំងស្ថិតនៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថស្រុកលើកដែក ខេត្តកណ្តាល ក្រោមការសម្របសម្រួលពីលោកលាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានចុះធ្វើការឆែកឆេរទីតាំងខារ៉ាអូខេ យីហោ ម៉ីម៉ីសាច់អាំង ក្រោយមានករណីនារីបម្រើការងារនៅទីនោះបានស្លាប់ម្នាក់ និងធ្លាក់ខ្លួនឈឺចំនួន៣នាក់ ដោយសារតែត្រូវបានមន្ត្រីនគរបាលច្រកទ្វារអន្តរជាតិក្អមសំណរ និងបក្ខពួកចំនួន៥នាក់ បានលាយថ្នាំជាមួយស្រា ឱ្យពួកនាងៗផឹក អមដោយអំពើហិង្សាផងដែរ។

ប្រភពដដែលបន្តថា ជនរងគ្រោះទាំង៤ នាក់រួមមាន ទី១-ឈ្មោះអ៊ិច ចន្នី អាយុ១៩ឆ្នាំ (ស្លាប់) ទី២-ឈ្មោះសន ស្រីនា អាយុ២៦ឆ្នាំ (កំពុងសង្គ្រោះបន្ទាន់) ទី៣-ឈ្មោះរ៉ា សំណាង អាយុ២១ឆ្នាំ (រងគ្រោះ) និងទី៤-ឈ្មោះជា សម្ផស្ស អាយុ១៨ឆ្នាំ (រងគ្រោះ)។ នារីរងគ្រោះទាំង៤នាក់ខាងលើ សុទ្ធសឹងតែបម្រើការងារជានារីខារ៉ាអូខេ ក្នុងហាងម៉ីម៉ី សាច់អាំងខាងលើ ទាំងអស់គ្នា។

ដោយឡែក ជនសង្ស័យចំនួន៥នាក់ រួមមាន ទី១-ឈ្មោះទឹម វឌ្ឍនៈ អាយុ៣៩ឆ្នាំ ជា នគរបាលច្រកទ្វារអន្តរជាតិក្អមសំណរ (ឃាត់ខ្លួន) ទី២-ឈ្មោះចន្ត្រា វណ្ណៈ អាយុ៣៥ឆ្នាំ ជានគរបាលច្រកទ្វារអន្តរជាតិក្អមសំណរ (ឃាត់ខ្លួន) ទី៣-ឈ្មោះកែវ វឌ្ឍនៈពូន អាយុ២៧ឆ្នាំ ជានគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ (ឃាត់ខ្លួន) ទី៤-ឈ្មោះវ៉ាន់ ជីវ័ន្ត អាយុ២៩ឆ្នាំ មុខរបរ កម្មករ (ឃាត់ខ្លួន) និងទី៥-ឈ្មោះវណ្ណា អាយុ២៩ឆ្នាំ មុខរបររត់តាក់ស៊ី (កំពុងរត់គេចខ្លួន)។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្រោយចុះឆែកឆែរ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ថ្នាំម្សៅពណ៌សស្រអាប់ ១កញ្ចប់តូច ដបទឹកមានបន្សល់ទឹកថ្នាំពណ៌លឿង និងសំបកកញ្ចប់កៅអៀករូបខ្លា ពណ៌លឿង ចំនួន១។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យទាំង៥នាក់បានចូលទៅច្រៀងខារ៉ាអូខេនៅហាងម៉ីម៉ី សាច់អាំង បន្ទប់លេខ ៧៧៧៧ ដោយមាននារីកំដរចំនួន៤នាក់។ លុះផឹកស៊ីច្រៀងរាំបានប្រហែលជាកន្លះម៉ោង ឈ្មោះទឹម វឌ្ឍនៈ បានយកថ្នាំចំនួន២ដប ទំហំប៉ុនម្រាមដៃមកលាយជាមួយភេសជ្ជៈប៉ូវកម្លាំង ហើយលាយគ្នារួចឱ្យគ្នីគ្នាចាក់ចូលកែវតូចៗ ឱ្យនារីកំដររៀងៗខ្លួនផឹក។ លុះបានរយៈពេលប្រមាណ៥ទៅ៦នាទីក្រោយមក នារីៗទាំង៤នាក់ ក៏ចាប់ផ្តើមកើតមានអាការធ្វើទុក្ខ និងដឹងដល់ម្ចាស់ហាង ក៏បានរាយការណ៍មកសមត្ថកិច្ច និងប្រញាប់បញ្ជូននារីរងគ្រោះទាំង៤នាក់ ទៅសង្គ្រោះបន្ទាន់ភ្លាមៗដែរ តែអកុសល នារីម្នាក់ក្នុងចំណោមនោះ បានស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងមន្ទីរពេទ្យ។

ក្រោយសមត្ថកិច្ចមកដល់ ក៏ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ៤នាក់ យកទៅសួរនាំបន្តទៀត និងកំពុងតាមប្រមាញ់ជនសង្ស័យម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន។

ដោយឡែក តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ជនសង្ស័យទាំងនេះត្រូវបានសាច់ញាតិរបស់ខ្លួន ដែលជាថ្នាក់ដឹកនាំនៅក្រសួងមហាផ្ទៃ ផងនោះ បាននិងកំពុងជួយអន្តរាគមន៍ ឱ្យមានការដោះលែងផងដែរ តែមិនដឹងថារបូត ឬក៏អត់នោះឡើយ៕

RELATED ARTICLES