Monday, November 17, 2025
Homeព័ត៌មានជាតិឪពុកម្តាយមិនទុកសាច់គោឲ្យសុី កូនប្រុសដេញកាប់រត់ផ្អើលភូមិ

ឪពុកម្តាយមិនទុកសាច់គោឲ្យសុី កូនប្រុសដេញកាប់រត់ផ្អើលភូមិ

កំពង់ស្ពឺ៖ កូនប្រុសចិត្តកំណាចម្នាក់ ខឹងឪពុកម្តាយមិនទុកសាច់គោឲ្យបរិភោគ កើតចិត្តខឹង ក៏បានស្ទុះទៅទាញកាបិតផ្គាក់ដេញកាប់ ធ្វើឲ្យភ្ញាក់ផ្អើលពេញភូមិ លុះឪពុកម្តាយទ្រាំមិនបាន ក៏បានទៅដាក់ពាក្យបណ្តឹងចាប់ខ្លួនកូនប្រុសរូបនេះមកផ្តន្ទាទោសតាមច្បាប់។

ហេតុការណ៍ហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិវាល ឃុំស្រង់ ស្រុកគងពិសី។

ជនសង្ស័យដែលលើកកាំបិតដេញកាប់ឪពុកម្តាយ មានឈ្មោះ ស សំអូន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរចាប់ខ្យល់ដាក់ដប រស់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពពីឪពុកម្តាយជនសង្ស័យ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ពួកគាត់បានទិញសាច់គោពីផ្សារមកធ្វើម្ហូប ហើយក៏បាននាំគ្នាហូបអស់ទៅ ដោយគិតថា កូនប្រុសរូបនេះបានហូបចំណីនៅខាងក្រៅផ្ទះរួចហើយ ព្រោះមិនបានប្រាប់ពួកគាត់នោះទេ។ លុះបន្តិចក្រោយមក ស្រាប់តែកូនប្រុសនេះបានត្រឡប់មកផ្ទះ ហើយក៏បានសួរគាត់ថា “ថ្ងៃនេះធ្វើម្ហូបអី ហេតុអីមិនទុកអ៊ីចឹង? ពួកគាត់ក៏ឆ្លើយប្រាប់ថា “ថ្ងៃនេះធ្វើម្ហូបសាច់គោ តែពួកគាត់បានហូបអស់ទៅហើយ។ ឮដូច្នេះ កូនប្រុសរូបនេះខឹងជាខ្លាំង ដោយបានស្ទុះយកដុំថ្ម និងដំបងឈើ ដេញគប់វាយពួកគាត់មិនឲ្យចូលផ្ទះ មិនតែប៉ុណ្ណោះ កូនប្រុសរូបនេះ បានស្ទុះទៅយកកាំបិតផ្គាក់គំរាមសម្លាប់ពួកគាត់ចោលទៀតផង ប៉ុន្តែកាប់មិនបាន កូនប្រុសនេះបានកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ។

ប្រភពដដែលបានឲ្យដឹងថា ដោយសារទ្រាំមិនបាននឹងទង្វើដ៏កំណាចរបស់កូនប្រុសរូបនេះ ពួកគាត់ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានដឹកនាំកម្លាំងចុះចាប់ខ្លួនកូនប្រុសនេះតែម្តង។

ចំណែកលោកវរសេនីយ៍ឯក ឃឹម សុផាន់រ៉ា អធិការនគរបាលស្រុកគងពិសី កម្លាំងសមត្ថកិច្ចរបស់គាត់ ពិតជាបានទៅចាប់ខ្លួនជនសង្ស័យជាកូនប្រុស តាមពាក្យបណ្តឹងរបស់ឪពុកម្តាយ នាំមកអធិការដ្ឋាននគរបាលស្រុកគងពិសី ធ្វើការសាកសួរពិតប្រាកដមែន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្ដអំពើហិង្សាដេញកាប់ឪពុកម្តាយប្រាកដមែន។ មូលហេតុដោយសារខឹងពួកគាត់មិនទុកសាច់គោឲ្យហូបផងដែរ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងឃុំខ្លួនជនសង្ស័យបណ្តោះអាសន្ន និងត្រៀមបញ្ជូនទៅការិយាល័យជំនាញខេត្ដ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES