ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ត្រូវប្តីវាយដំច្រំធាក់ជារៀងរាល់ថ្ងៃ រហូតដល់ទ្រាំលែងបាន ក៏រត់ទៅសម្ងំនៅផ្ទះម្តាយរបស់ខ្លួន ស្រាប់តែប្តីកំណាចសៀតពូថៅជាប់ចង្កេះ និងកាន់ដំបងតាមរកប្រពន្ធដល់ផ្ទះម្តាយក្មេក រួចបានវាយទម្លាយទ្វារ និងទាញដុំថ្មគប់ផ្ទះម្តាយក្មេក បណ្តាលឱ្យខូចខាត រហូតដល់ស្ត្រីជាប្រពន្ធទ្រាំលែងបាន ក៏ប្តឹងកម្លាំងអាវុធហត្ថឱ្យជួយអន្តរាគមន៍ និងចាប់ខ្លួនប្តីកំណាចយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឱ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះជាប្រពន្ធ ឈ្មោះផាត ចន្ថា អាយុ៣៥ឆ្នាំ បានឱ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ ពរ សុខា (ហៅវី) អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមប្រភពពីស្ត្រីរងគ្រោះជាប្រពន្ធបាន បន្តថា បុរសជាប្តីតែងតែឈ្លោះជាមួយអ្នកជិតខាង និងរករឿងគាត់ជាប្រពន្ធរៀងរាល់ថ្ងៃ លុះនៅថ្ងៃកើតហេតុ ពេលជនសង្ស័យមកដល់ផ្ទះ ស្រាប់តែជេរប្រមាថ ហើយស្ទុះមកវាយគាត់ចំក្បាល ធ្វើឱ្យគាត់ភ័យពេកក៏នាំកូនរត់ទៅផ្ទះម្តាយ ដែលនៅទល់មុខគ្នា តែជនសង្ស័យមិនព្រមឈប់ទៀត ហើយបានយកពូថៅសៀត នឹងចង្កេះមកតាមជេរប្រមាថគាត់ និងម្តាយ រួមទាំងពូរបស់គាត់ថែមទៀតផង ។
តាមប្រភពពីស្ត្រីរងគ្រោះជាប្រពន្ធបាន បន្តថា ជនសង្ស័យជាប្តីបានយកដំបងឈើមកវាយទម្លាយទ្វារផ្ទះ និងគប់ដុំថ្មជាច្រើនដុំមកលើផ្ទះម្តាយរបស់គាត់ទៀតផង។ ដោយស៊ូទ្រាំលែងបាន ទើបគាត់មកដាក់ពាក្យបណ្តឹង ដើម្បីឱ្យកងរាជអាវុធហត្ថក្រុងចាប់ខ្លួនប្តីកំណាចម្នាក់នេះ យកទៅចាត់ការតាមច្បាប់តែម្តង។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ទៀតថា ក្រោយពីធ្វើការឃាត់ខ្លួន និងសាកសួររួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើហិង្សាទៅលើប្រពន្ធ និងវាយទ្វារផ្ទះ ម្តាយក្មេកពិតប្រាកដមែន។ ដោយផ្អែកទៅលើចម្លើយសារភាពរបស់ជនសង្ស័យ និងធ្វើតេស្តទឹកនោម ជាលទ្ធផលរកឃើញថា ជនសង្ស័យពិតជាមានសារធាតុញៀនក្នុងខ្លួនប្រាកមែន។

បច្ចុប្បន្ន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕