ខេត្តត្បូងឃ្មុំ ៖ បុរស១ក្រុម បានជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយក្អាកក្អាយ លុះក្រោយពីស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏ចាប់ផ្តើមកើតមានជម្លោះ រហូតឈានដល់អំពើហិង្សា ដោយបុរសម្នាក់ក្នុងចំណោមនោះ បានលើកកែវជល់ជាមួយនឹងមិត្តភក្តិរួមរង់ ប៉ុន្តែមានម្នាក់មិនព្រមជល់កែវជាមួយ ជាហេតុធ្វើឱ្យជនសង្ស័យផ្ទុះកំហឹង ក៏ស្ទុះទៅទាញកាំបិត កាប់ទៅលើគូទំនាស់១កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ ទីបំផុត ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចតូបផឹកស៊ី១កន្លែង ស្ថិតក្នុងភូមិកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះលុញ សុខឃី អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះវ៉ា ឌី អាយុ២២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះនិងជនសង្ស័យ រួមនឹងអ្នកភូមិប៉ុន្មាននាក់ទៀត បានជួបជុំគ្នាផឹកស៊ីនៅកន្លែងកើតហេតុខាងលើ ដោយឮតែសំឡេងជជែកគ្នា សើចសប្បាយក្អាយក្អាយ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ បន្ទាប់ពីម្នាក់ៗផឹកស្រាស្រវឹងជោកជាំរៀងខ្លួនទៅហើយនោះ គេឃើញជនសង្ស័យបានក្រោកឈរលើកកែវ បំណងជល់ជាមួយមិត្តភក្តិរួម វង់ផឹកស៊ីរបស់ខ្លួន ហើយក្នុងនោះអ្នកផឹកស៊ីទាំងអស់ សុទ្ធតែបានលើកកែវជល់ជាមួយនឹងជនសង្ស័យ លើកលែងតែជនរងគ្រោះម្នាក់ប៉ុណ្ណោះដែល មិនព្រមជល់កែវជាមួយ ជាហេតុធ្វើឱ្យជនសង្ស័យខឹង ក៏រករឿងឈ្លោះប្រកែកតឹងសរសៃកដាក់គ្នា ហើយភ្លាមនោះ ជនសង្ស័យក៏ស្ទុះទៅទាញកាំបិតមកកាប់ប្រហារទៅលើជនរងគ្រោះ បណ្តាលឱ្យដាច់រយះដៃខាងឆ្វេងរងរបួសយ៉ាងដំណំ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកជនសង្ស័យបានរត់គេចទៅសម្ងំលាក់ខ្លួននៅផ្ទះ លុះមិនបានប៉ុន្មាន ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ដ្ឋបាលជាំតាម៉ៅ ចុះបង្ក្រាបឃាត់ខ្លួនភ្លាមៗ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញផ្នែកជំនាញយុត្តិធម៌ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធី៕